កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម​បាន​សម្រេច​បន្ត​សុពលភាព​ក្នុង​ការពង្រឹង​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​រយៈពេល​ពេល ២ សប្តាហ៍​បន្ថែមទៀត​ចាប់ពី​ថ្ងៃទី ១៤ ឧសភា នេះ​តទៅ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ខណៈ​ស្ថានភាព​ឆ្លង​រាលដាល​ក្នុង​ខេត្ត​នេះ​នៅ​មិនទាន់​ធូរស្រាល​នៅឡើយ។

សេចក្តី​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​កំពង់ចាម​លោក អ៊ុន ចាន់ដា ចុះ​ថ្ងៃទី ១៣ ឧសភា បាន​សម្រេច​បន្ត​សុពលភាព​ការពង្រឹង​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ រយៈពេល ២ សប្តាហ៍​បន្ថែមទៀត ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១។

សេចក្តី​ជូនដំណឹង​បន្តថា៖ «យោង​ស្ថានភាព​នៃ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅ​មិនទាន់មាន​សភាព​ធូរស្រាល​នៅឡើយ ពិសេស​ការរកឃើញ​នូវ​ករណី​វិជ្ជមាន​កូវីដ១៩ ជា​បន្តបន្ទាប់​នៅក្នុង​ខេត្ត​កំពង់ចាម ដូចនេះ​រដ្ឋបាលខេត្ត​សូម​បន្ត​សុពលភាព​នៃ​ការអនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ការពង្រឹង​ការអនុវត្ត​វិធានការ​បិទខ្ទប់​ភូមិ»។

រដ្ឋបាលខេត្ត​ក៏បាន​ធ្វើការ​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព​ពាក់ព័ន្ធ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត ចុះ​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ ស្តីពី​ការបន្ត​ពង្រឹង​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល។

យោងសេចក្តី​ណែនាំ​របស់​រដ្ឋបាលខេត្ត​កាលពី​ថ្ងៃទី ៧ ឧសភា បាន​ឱ្យ​ដឹងថា កន្លងមក រដ្ឋបាលខេត្ត​កំពង់ចាម​បានដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល រួម​នឹង​វិធានការ​បិទខ្ទប់​ភូមិ​មួយ​ចំនួន ដែល​រកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយទៀត។

រដ្ឋបាលខេត្ត​បញ្ជាក់ថា៖ «ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នៅ​មិនទាន់​មាន​សភាព​ធូរស្រាល​នៅឡើយ ១៩ រដ្ឋបាលខេត្ត​កំពង់ចាម​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ចាំបាច់​មួយចំនួន​ចាប់ពី​ថ្ងៃទី ០៧ ដល់​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១»។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម លោកស្រី សំ ផល្លា បាន​ថ្លែងថា ជារួម​រដ្ឋបាលខេត្ត​ទទួល​បាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅតាម​រោងចក្រ សហគ្រាស។

ប៉ុន្តែ​ទីកន្លែង​ប្រជុំជន​មួយចំនួន ស្ថានភាព​មិនទាន់​ធូរស្រាល​នៅឡើយ ទើប​រដ្ឋបាលខេត្ត​សម្រេច​បន្ត​សុពលភាព​វិធានការ​នេះ​រយៈពេល ២ សប្តាហ៍​ទៀត។

លោកស្រី​បញ្ជាក់ថា៖ «យើង​អនុវត្ត​ដោយ​គ្រប់គ្រង​ទៅតាម​រោងចក្រ សហគ្រាស​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ហើយ​មាន​ន័យថា​ប្រសិទ្ធភាព​គ្រប់គ្រង​តាម​សហគ្រាស​ប្រសើរឡើង​ច្រើន ប៉ុន្តែ​នៅមាន​តំបន់​ដែល​ប្រឈម​ផ្សេង ដែល​យើង​ត្រូវ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍»។

លោកស្រី ផល្លា ឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី ១៣ ខែឧសភា​នេះ អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ខេត្ត​កំពង់ចាម​មាន​ចំនួន​សរុប ១៥១ នាក់​ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៤៧ នាក់។

រដ្ឋបាលខេត្ត​បាន​រំឭកថា អំឡុងពេល​អនុវត្ត​វិធានការ​រដ្ឋបាល ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុងអំឡុងពេល​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម៕