រដ្ឋបាលខេត្ត​កំពង់ចាម បាន​សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​នូវ​ភូមិ​មួយចំនួន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​គ្មាន​ការកំណត់ បន្ទាប់ពី​រកឃើញ​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងនោះ​មាន​ឆ្លង​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី ២៣ មេសា​នេះ​បានឱ្យ​ដឹងថា ភូមិ​សំបូរ ដែល​ស្ថិត​ក្នុងស្រុក​បាធាយ​ត្រូវ​បិទ​ខ្ទប់​ទាំងស្រុង​ចាប់ពី​ថ្ងៃទី ២៣ ខែ​មេសា ឆ្នាំ ២០២១ រហូត​ដល់​មាន​ការជូនដំណឹង​ឡើងវិញ។

ចំណែក​ភូមិ​ទ្រា ស្ថិត​ក្នុង​ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ និង​ភូមិ​កំផ្លាក់ ស្ថិតក្នុង​ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ក៏ត្រូវ​បានប្រកាស​បិទ​ខ្ទប់​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី ២៣ មេសា​នេះ​តទៅ ដោយ​មិន​កំណត់​រយៈពេល​បើក​វិញ​ផងដែរ។ នេះ​បើតាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្ត ចុះហត្ថលេខា​ដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម។

រដ្ឋបាលខេត្ត​កំពង់ចាម​បាន​ឱ្យដឹង​នៅ​ព្រឹក​នេះ​ពី​ការរកឃើញ​វិជ្ជមាន​កូវីដ១៩ ចំនួន ០៣ នាក់​លើ​បុរស​ជនជាតិ​ខ្មែរ​អាយុ ២៥ ឆ្នាំ​រស់នៅ​ភូមិ​កំផ្លាក់ ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ និង​ក្រុមគ្រួសារ​អ្នកជំងឺ​កូវីដ១៩ ឈ្មោះ ហួរ ហ៊ា ចំនួន ០២ នាក់​រស់នៅ​ភូមិ​ទ្រា ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ៕