
សាលាខេត្តកំពង់ឆ្នាំងដែលប្រាប់ពលរដ្ឋឱ្យប្រយ័ត្នក្នុងការទិញដី។ រូបថត រដ្ឋបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងការទិញដី ដើម្បីកុំឱ្យចាញ់បោកជនខិលខូច ដែលបន្លំលក់ដីរដ្ឋ ហើយបើជ្រុលខ្លួនទិញដីរដ្ឋរួចហើយត្រូវយកឯកសារទៅបង្ហាញដល់អង្គភាពគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីដោះស្រាយ បើមិនដូច្នោះទេនឹងត្រូវចាត់ទុកជាអ្នកឃុបឃិតចូលរួមប្រព្រឹត្តបទល្មើសលួចលក់ដីរដ្ឋ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងចេញកាលពីថ្ងៃទី ៥ ខែមីនា បានឱ្យដឹងថា កន្លងមកមានបុគ្គលម្នាក់បានយកឯកសារខុសច្បាប់ទៅប្រើប្រាស់ ដើម្បីរំលោភយកដីរដ្ឋ ដែលគ្រប់គ្រងដោយសាលាខេត្តមានទីតាំងស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដើម្បីពុះច្រៀកដីជាឡូត៍លក់ក្នុងគោលបំណងបោកប្រាស់។ លិខិតបញ្ជាក់ថា៖ «តាមឯកសារដែលប្រមូលបាន បុគ្គលល្មើសបានប្រើប្រាស់កលល្បិចឱ្យពលរដ្ឋចូលភាគហ៊ុនជាថ្នូរទទួលបានដីនេះ»។
ករណីនេះក៏មានពលរដ្ឋមួយចំនួនតូចបានភាន់ច្រឡំហើយបានចូលរួមជាមួយបុគ្គលនោះផងដែរ។ ដោយសារតែហេតុដូច្នេះហើយ ទើបគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សូមឱ្យពលរដ្ឋកុំភាន់ច្រឡំ ហើយធ្វើតាមកលល្បិចភូតកុហករបស់ជននោះ និងសូមកុំទិញដីនេះពីព្រោះវាជាការលក់ដីរដ្ឋខុសច្បាប់ ដែលអាចធ្វើឱ្យមានការខាតបង់ប្រាក់កាស។
លោក ម៉ុន វុត្ថា នាយកទីចាត់ការហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ខេត្តកំពង់ឆ្នាំង ថ្លែងថា កន្លងមករដ្ឋបាលខេត្ត បានស្នើសុំរាជរដ្ឋាភិបាល ដោះដូរពន្ធនាគារខេត្តពីកណ្តាលក្រុងយកទៅដាក់នៅជាយក្រុងចម្ងាយប្រមាណ ១២ ឬ ១៣ គីឡូម៉ែត្រដោយទទួលបានការឯកភាពពីរដ្ឋាភិបាលនៅឆ្នាំ ២០១៨។
ប៉ុន្តែជនខិលខូចបានលួចលក់ដីទីតាំងបម្រុងទុកនេះតាំងពីឆ្នាំ ២០១៥ ដោយមិនមានអ្នកណាដឹង។
លោកបញ្ជាក់ថា៖ «ក្រោយមកទើបដឹង គឺដឹងនៅពេលយើងធ្វើបណ្ណកម្មសិទ្ធិ ព្រោះបើយោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ទោះបីស្ថាប័នរដ្ឋក៏ដោយ ត្រូវតែធ្វើបណ្ណកម្មសិទ្ធិដែរ តែដល់ពេលធ្វើទៅក៏មានការប្តឹងជំទាស់។ ដីរដ្ឋសោះមានអ្នកប្តឹងជំទាស់ក៏ស្រាវជ្រាវមើលឯកសារទៅបានឃើញសកម្មភាពមិនប្រក្រតីកើតចេញពីមន្ត្រីរបស់យើងម្នាក់ជាមួយនឹងឈ្មួញ»។
លោក វុត្ថា បន្តថា ក្រោយពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឆ្នាំ ២០១៨ ទើបមានការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីវាយតម្លៃដីទៅតាមនីតិវិធីនៃច្បាប់ ហើយបានអនុវត្តជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ ២០២០ ទើបមានការចុះកុងត្រាមួយ ដើម្បីដោះដូរដី រវាងភាគីឯកជន និងរដ្ឋបាលខេត្ត លើគម្រោងចំនួន ៤២។
លោកបញ្ជាក់ថា នៅពេលបំពេញលក្ខខណ្ឌនៅលើគម្រោងទាំង ៤២ នោះរួចទើបរដ្ឋបាលខេត្តអាចសម្រេចដោះដូរដី ៣ កន្លែងដែលមានដីបម្រុងទុក ១ កន្លែង ដីពន្ធនាគារ ១ កន្លែង និងការិយាល័យពន្ធនាគារ ១ កន្លែងជាមួយគម្រោងចំនួន ៤២ នោះបាន។ ប៉ុន្តែមិនទាន់បានបំពេញនីតិវិធីចប់សព្វគ្រប់ផង ភាគីទទួលការងារនោះ បែរជាទៅយកដីបម្រុងទុករបស់រដ្ឋដែលមានទំហំ ៤ ៣៥១ ម៉ែត្រការ៉េ ច្រៀកពុះជាឡូត៍លក់ទៅវិញ។
លោកបញ្ជាក់ថា៖ «អាហ្នឹងវារឹតតែខុស ១ ទៀតកាលឆ្នាំ ២០១៥ ខុសម្តងហើយ ដែលយើងទើបដឹងដល់អាក្រោយនេះ យើងមិនទាន់អនុវត្តនីតិវិធីចប់សព្វគ្រប់ទៅតាមគោលការណ៍ផ្លូវច្បាប់ផង គាត់បែរទៅពុះច្រៀកបំបែកដីលក់ ក្រោមរូបភាពវិនិយោគ។ អ៊ីចឹងវាខុសជាន់លើខុស អាហ្នឹងបើយើងនិយាយតាមផ្លូវច្បាប់»។
បើតាមលោក ម៉ុន វុត្ថា ក្នុងរឿងនេះ រដ្ឋបាលខេត្តបានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នតុលាការ ដើម្បីអនុវត្តច្បាប់។ ក្រៅពីនោះក៏បានជូនដំណឹងដល់សាធារណជន សូមកុំទិញដីដែលនៅជាកម្មសិទ្ធិរបស់រដ្ឋ។ ក្នុងករណីជ្រុលមានការពាក់ព័ន្ធសូមបង្ហាញឯកសារទាក់ទងទាំងអស់ទៅការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី។
លោកបានលើកឡើងថា៖ «បើសិនជាគាត់ (អ្នកទិញដីរដ្ឋ) មិនបង្ហាញឯកសារ ហើយលួចលាក់ ឬក៏បិទបាំងផ្សំគំនិត នោះនឹងត្រូវចាត់ទុកដូចអ្នកគិតផ្សំគំនិត (លួចលក់ដីរដ្ឋ) ដែរ។ តែបើសិនជាគាត់យកឯកសារហ្នឹងមករាយការណ៍ដល់អាជ្ញាធរ នោះជាការចូលរួមសហការ ការងារជាមួយអាជ្ញាធរក្នុងការថែរក្សាដីរដ្ឋ»៕