កំពង់ឆ្នាំង៖ នៅ​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ នេះ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​ផ្សារ​សាលា​លេខ ៥ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដោយ​មូលហេតុ​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ ចំនួន ៤ នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ដែល​ ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​មុន​នេះ។

នៅ​ក្នុងសេច​ក្ដី​ប្រកាស​ព័ត៌មាន​នោះ លោក ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង បាន​គូស​បញ្ជាក់ថា៖ «ការ​បិទ​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្សារ​ខាង​លើ​នេះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បន្ទាប់​​ពី​រដ្ឋបាល​ខេត្ត​បាន​ទទួល​លទ្ធផល​ពី​វិទ្យាស្ថាន​សុខភាព​សាធារណៈ​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីថ ១៩ ចំនួន ៤ នាក់ នៅ​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១»។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច រដ្ឋបាល​ស្រុក​កំពង់ត្រឡាច​មាន​ភារកិច្ច​រៀបចំ​បិទ​បណ្តោះអាសន្ន​ផ្សារ​សាលា​លេខ ៥ ស្រប​តាម​លក្ខណៈ​បច្ចេកទេស និង​នីតិវិធី ព្រម​ទាំង​មាន​ភាព​ហ្មត់ចត់​ចាប់​ពី​ថ្ងៃទី ២៤ ខែ​មេសា​ នេះ​តទៅ រហូត​ដល់​មាន​បញ្ជា​ថ្មី។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​រោគសញ្ញា​សង្ស័យ និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ទាំង ៤ នាក់​នោះ សូម​អញ្ជើញ​មក​ជួប​ក្រុមការងារ ដើម្បី​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច​ចាប់​ពី​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ នេះ​តទៅ រៀងរាល់​ពេល​ម៉ោង​ធ្វើ​ការ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល៕