កំពង់ស្ពឺ៖ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃទី ៣ ខែ​ឧសភា បាន​ណែនាំ​ទៅ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​រៀបចំ​ផ្សារ​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន ដើម្បី​ធានា​ឱ្យ​បាន​នូវ​មុខ​របរ និង​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ដែល​កំពុង​រាតត្បាត​ខ្លាំង។

យោង​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​​ថា៖ «ផ្សារ​សុវត្ថិភាព​នេះ​រៀបចំ​ដើម្បី​ធានា​រក្សា​បាន​នូវ​សណ្តាប់​ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ជាពិសេស​សុខុមាលភាព​សាធារណៈ»។

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឱ្យ​ដឹង​ថា ផ្សារ​មួយ​ចំនួន​តូច​ក៏​បាន​រៀបចំ​ហើយ​ និង​កំពុង​បន្ត​រៀបចំ​បន្ថែម​ទៀត រួម​ទាំង​ផ្សារ​មិន​រៀបរយ​ផង​ដែរ។ គោល​ការណ៍ និង​វិធាន​នៃ​ការ​រៀបចំ​នេះ​ធ្វើ​ឡើង គ្រប់​ផ្សារ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ទាំង​អស់ ត្រូវ​រៀបចំ​ឲ្យ​មាន​ច្រកចូល និង​ច្រកចេញ ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ស្កេន QR Code ម៉ាស៊ីន​វាស់​កម្ដៅ សម្ភារ​សម្រាប់​ដាក់​បាញ់​អាល់កុល កំណត់​គម្លាត​សុវត្ថិភាព កំណត់​ចំនួន​អ្នក​ចូល​មិន​ឱ្យ​លើស ៥០ ភាគរយ​នៃ​ចំនួន​ផ្ទុក​សរុប​ក្នុង​ផ្សារ​ក្នុង​មួយ​ពេល កត់ត្រា​ឈ្មោះ និង​លេខ​ទូរស័ព្ទ​អ្នក​ចូល​ផ្សារ និង​បុគ្គល​គ្រប់​រូប​ត្រូវ​ពាក់​ម៉ាស់​ជា​ប្រចាំ លើកលែង​ពេល​បរិភោគ​អាហារ។

សេចក្តី​ណែនាំ​បាន​បញ្ជាក់​ទៀត​ថា រដ្ឋបាល​ខេត្ត​ក៏​បាន​ណែនាំ​ឲ្យ​រៀបចំ​ឲ្យ​មាន​ទឹកក្ដៅ​នៅ​លើ​តុ​អាហារដ្ឋាន​នៅ​ក្នុង​ផ្សារ​សម្រាប់​សម្លាប់​មេរោគ​លើ​ចាន ស្លាបព្រា និង​កែវ ដែល​គ្រប់​អាជីវករ ឬ​ម្ចាស់​អាជីវកម្ម​ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម អនាម័យ បរិស្ថាន និង​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ។

បរិវេណ​បន្ទប់​ទឹក​ត្រូវ​មាន​អនាម័យ និង​សម្អាត​ជា​ប្រចាំ ចំពោះ​ទីតាំង​នានា​ដែល​អតិថិជន​ធ្លាប់​បាន​ប៉ះពាល់ និង​ត្រូវ​រៀបចំ​ឱ្យ​មាន​សាប៊ូ និង​អាល់កុល​លាង​ដៃ​នៅ​ច្រកចូល ឬ​ច្រកចេញ​បន្ទប់​ទឹក និង​ទីតាំង​ចាំបាច់​ផ្សេង​ទៀត។ មិន​អនុញ្ញាត​ឲ្យ​លក់​គ្រឿង​ស្រវឹង។

សេចក្ដី​ណែនាំ​នេះ​ឱ្យ​ដឹង​ថា៖ «(សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​ផ្សារ) ត្រូវ​ជូន​ដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន​បន្ទាន់​នូវ​រាល់​ករណី​សង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ ១៩ បន្ទាប់​ពី​ស្កេន QR Code»។

រដ្ឋបាល​ខេត្ត​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ក្នុង​ករណី​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ការ​ណែនាំ អាជីវករ ម្ចាស់​អាជីវកម្ម​អាច​ប្រឈម​ទៅ​នឹង​ការ​បិទ​អាជីវកម្ម និង​វិធានការ​ច្បាប់​ជា​ធរមាន។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៤ ខែ​ឧសភា​ថា ការ​រៀបចំ​ផ្សារ​សុវត្ថិភាព​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ គឺ​តម្រូវ​ឱ្យ​បុគ្គល​គ្រប់​រូប​ត្រូវ​គោរព​តាម​វិធាន​សុខាភិបាល ជាពិសេស​វិធាន «៣ កុំ ៣ ការពារ»។

លោក​បញ្ជាក់​ថា៖ «ទាំង​អ្នក​ទិញ និង​អ្នក​លក់ សំណូមពរ​ច្រើន​ឲ្យ​យើង​រៀបចំ ព្រោះ​ពួក​គាត់​បារម្ភ​ពី​សុវត្ថិភាព។ យើង​បាន​ស្វែងរក​ដី​ទំនេរ ដែល​នៅ​ជិត​ផ្សារ​ទាំង​នោះ ដើម្បី​រៀបចំ​ជា​ផ្សារ​សុវត្ថិភាព ស្រប​ពេល​ម្ចាស់​ទីតាំង​ដី ក៏​បាន​ចូលរួម​ដល់​វិធានការ​នេះ ដោយ​បាន​ផ្តល់​ទីតាំង​ដី ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ»។

លោក​ថា៖ «ការ​រៀបចំ​ស្តង់ដា​ផ្សារ​សុវត្ថិភាព ក៏​ធានា​ដល់​មុខ​របរ​ប្រចាំ​ថ្ងៃ ដើម្បី​ចៀសវាង​មាន​ករណី​ឆ្លង​រីក​រាលដាល ដែល​ធ្វើ​ឲ្យ​ផ្សារ​ទាំង​នោះ​​ត្រូវ​បាន​ផ្អាក ហើយ​ប៉ះពាល់​ដល់​មុខ​របរ​របស់​ប្រជាពលរដ្ឋ»។

លោក វ៉ី សំណាង បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ផ្សារ​ដែល​ត្រូវ​បាន​រៀបចំ​តាម​ស្តង់ដា​សុវត្ថិភាព​រួច​រាល់ ១០០ ភាគរយ គឺ​មាន​ផ្សារ​កំពង់ស្ពឺ និង​មាន​ផ្សារ​ជាច្រើន កំពុង​ត្រូវ​បាន​កែប្រែ​ជា​បណ្តើរៗ។ គិត​ត្រឹម​ថ្ងៃទី ៤ ខែ​ឧសភា​នេះ មាន​ផ្សារ​ត្រែងត្រយឹង​ និង​ផ្សារ​កញ្រ្ចែង ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ នៅ​ទីនោះ ផ្សារ​ទាំង​ពីរ​នេះ​ក៏​ត្រូវ​រៀបចំ​ដូច​គ្នា​ដែរ៕