កំពង់ស្ពឺ៖ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​បង្កើត​ផ្សារ​បណ្ដោះអាសន្ន​មួយ មាន​ទីតាំង​នៅ​ទល់​មុខ​ផ្សារ​កំពង់ស្ពឺ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​លក់​ដូរ​ដោយ​មិន​គិត​ថ្លៃ ដែល​អាច​ចាប់​ផ្តើម​លក់​ដូរ​បាន​ចាប់​ពី​ថ្ងៃទី ២៩ ខែ​មេសា​តទៅ ដោយ​ផ្សារ​នេះ ទាំង​អ្នក​លក់ និង​អ្នក​ទិញ ត្រូវ​រក្សា​គម្លាត តាម​វិធាន របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វី សំណាង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃទី ២៨ ខែ​មេសា​នេះ​ថា ផ្សារ​នោះ ជា​ទីតាំង​ផ្សារ​មួយ​ថ្មី​ដែល​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​បង្កើត​ក្នុង​ពេល​កន្លង​មក​មាន​ប្រមាណ​ជាង ២០០ តូប ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ចូល​ទៅ​លក់​ទេ។

ស្រប​ពេល​មាន​ជំងឺ​កូវីដ ១៩ អាជ្ញាធរ​យល់​ឃើញ​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក៏​រក​ទីតាំង​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ដែល​លក់​ដូរ​ដោយ​កញ្ច្រែង​ធ្លាប់​បាន​ដើរ​លក់​នៅ​ជុំវិញ​ទីតាំង​ផ្សារ​កំពង់ស្ពឺ ទើប​រៀបចំ​ឲ្យ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ទៅ​លក់​ដូរ​នៅ​ទីនោះ។

លោក​ថ្លែង​ថា៖ «បើ​មិន​មាន​ទាស់​ខុស​អី​ទេ​ ស្អែក​នេះ​យើង​បើក​ដំណើរការ​បាន​ហើយ បើក​ដំណើរការ​បាន​លឿន​ដោយសារ​តែ​ទីតាំង​នេះ​ពី​មុន យើង​ប្រុង​បង្កើត​ផ្សារ​ម្តង​ហើយ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​តវ៉ា​ចេះចុះ​ចេះចុះ គាត់​អត់​ព្រម​ទៅ​លក់​នៅ​ទីតាំង​ហ្នឹង ចឹង​ឥឡូវ​ស្រប​ពេល​ដែល​មាន​ជំងឺ​កូវីដ យើង​ចង់​រក្សា​គម្លាត យើង​ឲ្យ​គាត់​ទៅ​តំបន់​ហ្នឹង យើង​រៀបចំ​ឲ្យ​មាន​សន្តិសុខ រៀបចំ​ឲ្យ​មាន​ការ​រក្សា​គម្លាត រក្សា​សុវត្ថិភាព​តាមរយៈ ការ​បាញ់​អាល់កុល​វាស់​កម្តៅ​ចឹង​ទៅ​គាត់​ចូលរួម»។

បើ​តាម​លោក វី សំណាង កន្លែង​ទីតាំង​ផ្សារ​ថ្មី​នោះ​មាន​ទី​វាល​ស្អាត មាន​បន្ទប់​ទឹក មាន​អនាម័យ មាន​កន្លែង​ចត​យានយន្ត ដែល​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​លក់​ និង​អ្នក​ទិញ។

លោក​បន្ត​ថា ការ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​លក់​ដូរ​ដោយ​មិន​គិត​ថ្លៃ​នេះ គឺ​ផ្តល់​ជូន​រហូត​ដល់​កូវីដ ១៩ ត្រូវ​បាន​បញ្ជប់ ហើយ​ការ​រៀបចំ​កន្លែង​ដាក់​លក់​នោះ​ទៀត​សោធ គឺ​ត្រូវ​រក្សា​គម្លាត​អនុវត្ត​តាម​វិធាន​សុខាភិបាល។

លោក​ថ្លែង​ថា៖ «យើង​គូស​កន្លែង​ឲ្យ​គាត់​ដាក់​លក់ ហើយ​មាន​សន្តិសុខ​ចាំ​បាញ់​អាល់កុល ចាំ​វាស់​កម្តៅ និង​ធ្វើ​យ៉ាង​ណា​រក្សា​គម្លាត​ពួក​គាត់​ឲ្យ​បាន ចៀសវាង​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩»។

នៅ​ព្រឹក​ថ្ងៃទី ១៨ មេសា​នេះ លោក វ៉ី សំណាង បាន​ចុះ​ទៅ​មើល និង​គូស​គម្លាត​សុវត្ថិភាព​សង្គម ឲ្យ​អាជីវករ​លក់​នៅ​ឆ្ងាយៗ​ពី​គ្នា​នៅ​ទីតាំង​ផ្សារ​ថ្មី​នេះ។

លោក​ថ្លែង​ថា អ្នក​ចូល​ទៅ​ទិញ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា ២ ម៉ែត្រ ហើយ​អ្នក​លក់ និង​អ្នក​លក់​ក៏​ត្រូវ​រក្សា​គម្លាត​ដែរ គឺ​អាជ្ញាធរ​បាន​គូស​ដាក់​កំណត់​ឲ្យ​ពួក​គាត់​តែ​ម្តង អ៊ីចឹង​ពួក​គាត់​អាច​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​បាន​ទាំង​អស់​ទាំង​អ្នក​ទិញ និង​អ្នក​លក់៕