កំពតៈ រដ្ឋបាល​ខេត្តកំពត​បានចេញ​លិខិត​បង្គាប់​ឱ្យ​ក្រុមហ៊ុន សូ ងួន ផ្អាក​សកម្មភាព​ឈូសឆាយ និង កាយ​ព្រំដី​ក្នុង​តំបន់​ដែលមាន​ជម្លោះ​ជាមួយ​ក្រុមគ្រួសារ​អតីតមន្ត្រី​យោធា​នៃ​បញ្ជាការដ្ឋាន​ការពារ​កោះឆ្នេរ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ពី​អាជ្ញាធរខេត្ត​។ នេះ​បើ​យោងតាម​ប្រសាសន៍​លោក ជាវ តាយ អភិបាល​ខេត្តកំពត​កាលពី​ថ្ងៃ​អង្គារ​។

លោក​ថា កាលពី​ថ្ងៃទី​ ១៥ ខែ មីនា ឆ្នាំ​ ២០២១ តំណាង​បញ្ជាការដ្ឋាន​យោធា​ការពារ​កោះ​ឆ្នេរ​បាន​ស្នើ​សុំ​កិច្ចអន្តរាគមន៍​មកកាន់​រដ្ឋបាល​ខេត្តកំពត​ឱ្យជួយ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន កុំឱ្យ​បន្ត​ឈូសឆាយ និង​កាយ​ព្រំដី​ក្នុង​តំបន់​ដែលមាន​ជម្លោះ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ពី​អាជ្ញាធរខេត្ត​។

លោក​ថា តាម​សេចក្ដី​រាយការណ៍​ពី​តំណាង​បញ្ជាការដ្ឋាន​ការពារ​កោះឆ្នេរ កាលពី​ថ្ងៃទី​ ១៤ ខែ មីនា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ៨:៣៥ ​នាទី​ព្រឹក ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​សូងួន​បាន​យក​គ្រឿងចក្រ​ចំនួន​ ២ ​គ្រឿង និង​កម្លាំង​ប្រមាណ​ ១០០ ​នាក់​ទៅ​ធ្វើ​សកម្មភាព​កាយ​ព្រំដី​ទំនាស់ ទំហំ​ ២៣៨ ​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ ដុំផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​ដែល​កំពុង​កាន់កាប់ និង​គ្រប់គ្រង​ដោយ​អតីត​កងកម្លាំង​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ​។

លោក​ ជាវ តាយ បាន​បញ្ជាក់ថា​៖ «​ដើម្បី​រក្សា​ការពារ​កុំ​ឱ្យមាន​វិវាទ​កាន់តែ​ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រយោជន៍​នៃ​ភាគី​ទាំងសងខាង ខ្ញុំ​បានសម្រេច​ចេញ​លិខិត​បន្ទាន់​មួយ​ជម្រាប​ជូនទៅ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនោះ​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ដំណោះស្រាយ​សមស្រប​ពី​អាជ្ញាធរខេត្ត​»​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​លោក សុទ្ធ សារឿន មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​ការពារ​កោះឆ្នេរ​បាន​គូសបញ្ជាក់ថា សកម្មភាព​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា សូ ងួន កាលពី​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២១ បាន​រំលោភ​លើ​ស្មារតី​នៃ​កិច្ចប្រជុំ​នា​ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ​ ២០២១ របស់​គណៈកម្មការ​ចម្រុះ​ខេត្ត​ដែល​បានស្នើ​សុំឱ្យ​មាន​ការផ្អាក​ជាបណ្ដោះអាសន្ន​នូវ​សកម្មភាព​ឈូសឆាយ កាយ​ព្រំ​ក៏ដូចជា​ការសាងសង់​សំណង់​ផ្សេងៗ​នៅលើ​ផ្ទៃដី​ ២៣៨​ ហិកតា​ ក្នុង​តំបន់​ជម្លោះ​នេះ បន្ទាប់ពី​គណៈកម្មការ​ចម្រុះ​បាន​រកឃើញ​ថា មាន​ចំណុច​ជាច្រើន​មាន​ភាព​ត្រួតស៊ីគ្នា​។

លោក សារឿន បាន​ថ្លែងថា​៖ «​ភាគី​ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​ជីក​កាយ​ព្រំដី ក្នុង​តំបន់​ដែល​កំពុងមាន​ជម្លោះ​ដែល​សកម្មភាព​នេះ​កំពុង​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់​គ្រួសារ​កងទ័ព ដែល​បានធ្វើ​សមាហរណកម្ម​ជាច្រើន​គ្រួសារ​ក្នុង​តំបន់​នេះ​។ ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​គ្រួសារ​កងទ័ព យើងខ្ញុំ​សុំឱ្យ​ភាគី​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​របស់ខ្លួន​ជាបន្ទាន់ និង​សូម​រង់ចាំ​ដំណោះស្រាយ​ដោយ​សនិ្តវិធី​ពី​អាជ្ញាធរខេត្ត​ជាមុនសិន​»​។

លោក សូ ងួន ប្រធាន​ក្រុមហ៊ុន សូ ងួន គ្រុប​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុមហ៊ុន​របស់លោក​មិនបាន​ឈូសឆាយដី​ក្នុង​តំបន់​ដែល​កំពុងមាន​វិវាទ​នោះទេ តែ​បាន​ប្រើ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ ២ ​គ្រឿង ជីក​កាយ​ព្រំដី​តាម​ខ្សែបន្ទាត់​នៃ​បង្គោល​កំណត់​ព្រំប្រទល់​ពណ៌​ក្រហម ដែល​បោះ​ដោយ​គណៈកម្មការ​ចម្រុះ​កាលពីមុន​តែប៉ុណ្ណោះ មិនបាន​រំលោភបំពាន​លើ​ទីតាំង​ដី​ទំនាស់​ដូច​ដែល​ខាង​តំណាង​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​លើកឡើង​ឡើយ​។

លោក​ថា​៖ «​យើងខ្ញុំ​គោរព​តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ក៏ដូចជា​សេចក្ដីណែនាំ​របស់​គណៈកម្មការ​ជំនាញ​ទាំងអស់​។ ជាក់ស្ដែង​នៅពេលនេះ យើង​បាន​សម្រេច​ផ្អាក​សកម្មភាព​កាយ​ព្រំដី​នោះ​ជា​បណ្ដោះអាសន្ន​តាម​សំណើ​របស់​អាជ្ញាធរខេត្ត​។ ខ្ញុំ​សុំឱ្យ​អាជ្ញាធរខេត្ត​មេត្តា​ពន្លឿន​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់​»៕

វីដេអូ៖