កំពតៈ រដ្ឋបាល​ខេត្តកំពត​កំពុង​ពិនិត្យ​ទីតាំង​ដី​ជាប់មាត់​ព្រែក​ដែល​ប្រជាពលរដ្ឋ ១៣ ​គ្រួសារ ​កំពុង​រស់នៅ​ស្ថិត​ក្នុង​ភូមិ​ទ្វីខាងត្បូង សង្កាត់​អណ្ដូងខ្មែរ ក្រុង​កំពត បន្ទាប់ពី​ពួកគាត់​បានស្នើ​សុំ​បណ្ណកម្មសិទ្ធិ​ពី​អាជ្ញាធរ ខណៈ​ប្រជាពលរដ្ឋ​ចំនួន​ ៧០០ ​គ្រួសារ​ផ្សេងទៀត ​បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​រួចហើយ​។

លោក វិត វឌ្ឍនា អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពត​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៦ ខែ ឧសភា ឆ្នាំ ២០២១ ​ថា លោក ជាវ តាយ អភិបាល​ខេត្តកំពត កាលពី​ថ្ងៃទី​ ២៥ ខែឧសភា បានឱ្យ​គណៈកម្មការ​គ្រប់គ្រង​ដែនដី​ខេត្ត ចុះ​ពិនិត្យ​សិក្សា​ពិគ្រោះ​យោបល់​ឡើងវិញ នៅ​ទីតាំង​ជាក់ស្ដែង​នៃ​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ទាំង​ ១៣ ​គ្រួសារ​នេះ​។

លោក​បន្តថា ការចុះ​ពិនិត្យមើល​ទីតាំង​នេះ​ដោយ​ផ្អែកលើ​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដែនដី និង​ចំណី​ព្រែក​រួច​យក​កិច្ចការងារ​នេះ​មក​ដាក់​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ ដើម្បី​ពិនិត្យ​ផ្ដល់យោបល់ និង​សម្រេច​។

បើតាម​លោក វឌ្ឍនា ប្រជាពលរដ្ឋ​ទាំង ១៣ ​គ្រួសារ​នេះ​ បាន​តាំង​លំនៅឋាន​រស់នៅ​ទីនេះ​តាំងពី​ឆ្នាំ​ ១៩៧៩ និង​ខ្លះ​ឆ្នាំ​ ១៩៨០ ​មក​ម្ល៉េះ​ដោយ​សាងសង់​ផ្ទះ​នៅលើ​មាត់​ព្រែក រហូត​មក​ដល់​ពេលបច្ចុប្បន្ន​ពួកគាត់​បាន​ចាក់ដី ចូលក្នុង​ព្រែក​បន្តិច​ម្ដងៗ​នឹង​ធ្វើការ​ស្នើសុំ​កម្មសិទ្ធិ​ដីធ្លី ។

ទោះជា​យ៉ាងណា​ជា​គោលការណ៍ គឺ​អាជ្ញាធរ​បានសម្រេច​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ទាំង ១៣ ​គ្រួសារ​នេះ​រួចហើយ​ ព្រោះ​ពួកគាត់​រស់នៅ​ទីតាំង​នេះ តាំងពី​យូរណាស់​មកហើយ ប៉ុន្តែ​តាម​លក្ខណៈ​បច្ចេកទេស គឺ​អាជ្ញាធរ​ត្រូវតែមាន​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ការសាងសង់​ផ្លូវ​បេតុង​នៅជាប់​ព្រែក ព្រោះ​ពួកគាត់​បានរស់នៅ​លើ​មាត់​ព្រែក​ដែល​វា​ប៉ះពាល់​ព្រែក​សាធារណៈ​របស់​រដ្ឋ​។

លោក វិត វឌ្ឍនា ​បញ្ជាក់ថា​៖ «​ពលរដ្ឋ​ទាំង ១៣ ​គ្រួសារ​នេះ គាត់​រស់នៅ​លើដី​ចំណី​ព្រែក និង​ដី​ចំណីផ្លូវ ដូច្នេះ​ហើយ​បានជា​អាជ្ញាធរ​មិន​ទាន់​ចេញ​បណ្ណ​ឱ្យ ប៉ុន្តែ​តាមពិត​គាត់​រស់នៅ​យូរហើយ ជាគោលការណ៍​យើង​នៅតែ​ចេញ​ឱ្យ​ទេ​»​។

លោក​ យ៉យ ស៊ីថង ចៅសង្កាត់​អណ្ដូងខ្មែរ​បាន​ឱ្យ​ដឹងថា ប្រជាពល​ទាំង ១៣ ​គ្រួសារ​នេះ​បាន​មក​តវ៉ា​ដល់​សង្កាត់ ដើម្បី​ស្នើសុំ​បណ្ណកម្មសិទ្ធិ​ដូច​ប្រជាពលរដ្ឋ​ចំនួន ៧០០ ​គ្រួសារ​ទៀត ព្រោះ​ពួកគាត់​រស់នៅ​តាំងពី​ឆ្នាំ​ ១៩៨០ រហូតមកដល់​បច្ចុប្បន្ន​។

លោក​ យ៉យ ស៊ីថង បានបញ្ជាក់​ទៀតថា ពួកគាត់​គួរតែ​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​ដូច​ប្រជាពលរដ្ឋ​ដទៃទៀត ព្រោះ​ដី​ដែល​ពួកគាត់​រស់នៅ​បច្ចុប្បន្ន​នៅជាប់​មាត់ព្រែក​នេះ​ក្នុង​ម្នាក់ៗ​មាន​ប្រហែល ១០ ​ម៉ែត្រ ឬ ១៥ ​ម៉ែត្រ​។

លោក យន់ ផល្លី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្តកំពត​បានទទួល​ស្គាល់​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រែក​មួយចំនួន ក៏​មាន​បណ្ណ​កម្មសិទ្ធិ និង​អ្នក​ខ្លះទៀត ក៏​មិនមាន ប៉ុន្តែ​បើ​ពិនិត្យ​ជាក់ស្តែង​បាន​ក្លាយទៅជា​ភូមិគ្រឹះ​ស្ទើរតែ​អស់​ទៅហើយ​។ ដូច្នេះ​បើ​ពលរដ្ឋ​ទាំង ១៣ ​គ្រួសារ​នេះ រស់នៅ​យូរហើយ​នោះ គួរតែ​អាជ្ញាធរ​ពិនិត្យ និង​ផ្តល់​បណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់​។

លោក យន់ ផល្លី ថ្លែងថា​៖ «​បើសិន​ពលរដ្ឋ​រស់នៅ​ហ្នឹង​យូរហើយ និង​អាស្រ័យផល​នៅលើ​ទឹកដី​ហ្នឹង​យូរហើយ​គួរតែ​ពិចារណា​ចេញ​បណ្ណ​ជូន​ពួកគាត់​ទៅ បើ​យើង​ពិនិត្យ ពលរដ្ឋ​នៅតាម​មាត់​ព្រែក​ហ្នឹង ចង់​រយ​គ្រួសារ​ឯណោះ​»៕