
លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ រូបថត ហ្វេសប៊ុក
មណ្ឌលគីរីៈ រដ្ឋបាលខេត្តមណ្ឌលគិរីបានសម្រេចដកហូតយកដីចំនួន ៩៩០ ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចប្រគល់ឱ្យមន្ទីរបរិស្ថានគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ ក្រោយពីដីនេះត្រូវបានលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ធ្វើលិខិតរំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ មន្ត្រីខេត្តបញ្ជាក់ទៀតថា ខាងខេត្តក៏កំពុងត្រួតពិនិត្យដីមួយកន្លែងទៀតស្ថិតក្នុងដែនជម្រកកែវសីមា ដែលសង្ស័យថាត្រូវលោក សេង សុវណ្ណារ៉ា រំលោភយកដូចគ្នា។
យោងតាមលិខិតមួយចុះថ្ងៃទី ២៤ ខែ កក្កដា ដែលមានបោះត្រា និងចុះហត្ថលេខាដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ពីការមិនទទួលស្គាល់លើលិខិតកាន់កាប់ និងប្រើប្រាស់ដីមានផ្ទៃក្រឡាសរុបជិត ១០ លានម៉ែត្រការ៉េ ឬស្មើ ៩៩០ ហិកតា របស់លោក សេង សុវណ្ណារ៉ា ស្ថិតក្នុងភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោយពីរកឃើញថា ដីទាំងនោះធ្វើឱ្យប៉ះពាល់ដល់ដែនអភិរក្សដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន។
លិខិតនោះបានបញ្ជាក់ថា៖ «ក្រោយពីរដ្ឋបាលខេត្តបានពិនិត្យស្ថានភាពជាក់ស្ដែងឃើញថា ការកាន់កាប់ផ្ទៃដីខាងលើនេះ មានភាពមិនប្រក្រតីប៉ះពាល់ដល់ដែនអភិរក្សដែលជាដីរបស់រដ្ឋគ្រប់គ្រងដោយមន្ទីរបរិស្ថាន។ ដូច្នេះរដ្ឋបាលខេត្តមិនទទួលស្គាល់លិខិតកាន់កាប់ខាងលើនេះទេ នឹងសូមឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក គ្រប់គ្រងការពារជាដីរបស់រដ្ឋវិញចាប់ពីពេលនេះតទៅ»។
ការចេញលិខិតដកហូតនេះ បានធ្វើឡើង បន្ទាប់ពីមានមន្ត្រីខេត្ត និងខាងសហគមន៍បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីពេលថ្មីនេះថា លិខិតបោះត្រា និងចុះហត្ថលេខាចាប់ពីភូមិរហូតដល់អភិបាលខេត្តកាលពីខែ មករា ឆ្នាំ ២០១៩ នេះ ដើម្បីទទួលស្គាល់ថា លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអតីតសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី មានដី ២៩២ ហិកតា ស្ថិតក្នុងភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង គឺជាដីរំលោភយកក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដី ៩៩០ ហិកតា ស្ថិតក្នុងឃុំអរបួនលើ ស្រុកកោះញែក គឺជាដីរំលោភ យកក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។
លោក សុក សេរ៉ា មន្ត្រីនាំពាក្យសាលាខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា មូលហេតុដែលអភិបាលខេត្តមណ្ឌលគិរីចុះហត្ថលេខា និងបោះត្រាទទួលស្គាល់កាលពីខែមករានោះថា លោក សេង សុវណ្ណារ៉ា មានដី ៩៩០ ហិកតា ស្ថិតក្នុងដែនអភិរក្ស គឺជាកំហុសរបស់មន្ត្រីមូលដ្ឋាន ដែលមុនចេញលិខិតកាន់កាប់បញ្ជាក់កម្មសិទ្ធិមិនបានពិនិត្យ និង ផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
លោក សេរ៉ា ថ្លែងបន្តថា ចំពោះដី ២៩២ ហិកតា ស្ថិតក្នុងស្រុកអូររាំង ដែលត្រូវពលរដ្ឋអះអាងថា រំលោភយកដីដែនជម្រកកែវសីមា គឺអាជ្ញាធរខេត្តកំពុងត្រួតពិនិត្យ ហើយនឹងអាចធ្វើលិខិតដកហូតបន្តទៀតពីលោក សេង សុវណ្ណារ៉ា មកជាសម្បត្តិរដ្ឋក្នុងពេលឆាប់ៗនេះ។

លោក សេង សុវណ្ណារ៉ា ក្នុងពេលកំពុងទាញមែកឈើកន្លងមក។ រូបថត ហ្វេសប៊ុក
លោក សេរ៉ា ថ្លែងថា៖ «ឥឡូវហ្នឹងយើងកំពុងមើល (ដីក្នុងដែនជម្រកសត្វព្រៃកែវសីមា) ហើយនឹងធ្វើលិខិតនិរាករណ៍ចោលវិញ ព្រោះកន្លងមកគាត់ (អភិបាលខេត្ត) ចុះហត្ថលេខាហ្នឹង ដោយសារ (អាជ្ញាធរភូមិឃុំ) សុទ្ធតែរាយការណ៍មកថា ដីមិនប៉ះអ៊ីចេះមិនប៉ះ អ៊ីចុះ ដល់ពេលក្រោយចុះទៅពិនិត្យទៅ ដីហ្នឹងសុទ្ធតែពាក់ព័ន្ធ ហើយត្រូវតែដកហូតវិញ»។
លោក សុក សេរ៉ា បានបន្ថែមទៀតថា រដ្ឋបាលខេត្តនឹងមិនប្ដឹងលោក សេង សុវណ្ណារ៉ា ទៅតុលាការរឿងរំលោភយកដីអភិរក្សនេះទេ ព្រោះលោក សុវណ្ណារ៉ា មិនបានតវ៉ាប្រឆាំងចំពោះការចេញលិខិតដកហូតដីមកវិញរបស់សាលាខេត្ត ហើយម្យ៉ាងទៀត លោកក៏មិនទាន់បានឈូសឆាយ ឬលក់ដូរដីអ្វីដែរ។ ចំណែកមន្ត្រីភូមិឃុំ ក៏មិនមានការដាក់ពិន័យនោះទេ ដោយសារពួកគេមិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងររហូតមិនអាចលើកលែងបាន។
លោក សេរ៉ា ថ្លែងថា៖ «(ការបញ្ជាក់ដីកម្មសិទ្ធិលើដីអភិរក្សពីអាជ្ញាធរភូមិហ្នឹង) គឺមាននៅទូទាំងប្រទេស ហើយការបញ្ជាក់ហ្នឹង (ឱ្យលោក សុវណ្ណារ៉ា) គឺដោយសារពួកគាត់នៅមានកម្រិត ហើយយើងធ្លាប់ប្រាប់ភូមិ និងឃុំហ្នឹងយ៉ាងម៉េច ក៏គាត់មិនស្ដាប់ដែរ យើងបានណែនាំឱ្យពួកគាត់ប្រុងប្រយ័ត្ន (អំពីការចេញលិខិតកម្មសិទ្ធិ) ហ្នឹងរហូត ហើយយើងនឹងបន្តណែនាំទៀត»។
លោក សុក សេរ៉ា អះអាងថា ខាងអាជ្ញាធរខេត្តក៏នឹងត្រួតពិនិត្យដីចំនួន ៤៧២ ហិកតាទៀត ដែលលោក សេង សុវណ្ណារ៉ា អះអាងថាជាម្ចាស់កម្មសិទ្ធិ ប៉ុន្តែពលរដ្ឋកំពុងចោទប្រកាន់ថា គាត់រំលោភយកដីសហគមន៍ដែលក្រសួងមហាផ្ទៃទទួលស្គាល់តាំងពីឆ្នាំ ២០១៥ ស្ថិតនៅភូមិពូរាំង ឃុំសែនមនោរម្យ។
កាលពីថ្ងៃទី ១៣ សីហា ឆ្នាំ ២០១៩ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសមួយដកលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយដាក់លោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរីជំនួសវិញ។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើក្នុងខេត្តមណ្ឌលគិរីបានថ្លែងថា ពលរដ្ឋសង្ឃឹមថា អភិបាលខេត្តលោក ស្វាយ សំអ៊ាង នឹងដោះស្រាយយកដីសមូហភាពស្ថិតក្នុងភូមិពូរាំងដែលលោក សេង សុវណ្ណារ៉ា រំលោភយក ប្រគល់មកឱ្យជនជាតិដើមវិញ។
លោក តុលា បានថ្លែងថា៖ «(លោក ស្វាយ សំអ៊ាង នឹងធ្វើការដោះស្រាយ) ដោយគោរពតាមលិខិតទទួលស្គាល់របស់ក្រសួងមហាផ្ទៃដែលមានស្រាប់ និងតាមការប្ដេជ្ញាចិត្តកាលប្រកាសតំណែងអភិបាលស្រុកអូររាំងថ្មីៗនេះ ថានឹងការពារព្រៃដីរបស់រដ្ឋ»។ កាលពីថ្ងៃទី ៥ ខែ សីហា នេះ លោក ជិន ម៉ាលីន មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ការរំលោភយកដីអភិរក្សរបស់លោក សេង សុវណ្ណារ៉ា គឺមិនជាប់ពាក់ព័ន្ធនឹងក្រសួងឡើយ ព្រោះវាជារឿងរបស់បុគ្គលឯកជន៕