
សេចក្តីសម្រេចស្តីពីការផ្អាកជាបណ្តោះអាសន្ននូវរោងចក្រ សហគ្រាសមួយចំនួនដែលពាក់ព័ន្ធជំងឺកូវីដ-១៩។ រូបថត រដ្ឋបាលខេត្តតាកែវ
តាកែវៈ រដ្ឋបាលខេត្តតាកែវសម្រេចផ្អាកជាបណ្តោះអាសន្ននូវចង្វាក់ផលិតកម្មក្រុមហ៊ុនរោងចក្រចំនួន ៤ ដែលមានកម្មករកម្មការិនីចំនួន ១២០១ នាក់ និងភូមិមួយចំនួននៅស្រុកបាទីចាប់ពីថ្ងៃ ៣ ឧសភានេះទៅរហូតដល់មានការជូនដំណឹងជាថ្មី ដោយសារមានករណីឆ្លងជំងឺកូវីដ១៩។
យោងតាមសេចក្តីសម្រេចលេខ ០៣៥ សសរ ចុះហត្ថលេខាដោយលោក អ៊ួច ភា អភិបាលខេត្តតាកែវនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ នេះឱ្យដឹងថា ក្រុមហ៊ុនរោងចក្រទាំង ៤ នោះរួមមាន ក្រុមហ៊ុន ភីវី អ៊ិនដាសស្ទី (ខេមបូឌា) ឯ.ក, ក្រុមហ៊ុនហួរ លីមី (ខេមបូឌា)ឯ.ក, ក្រុមហ៊ុនលីនតុន មេនុហ្វេកធើរីង ឯ.ក និងក្រុមហ៊ុន លូន វៃ ថោកស្តាយឯ .ក ស្ថិតនៅក្នុងស្រុកបាទីជាតំបន់ដែលមានអ្នកវិជ្ជមានជំងឺកូវីដ១៩ និងបានប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១។
សេចក្តីសម្រេចនេះបានឱ្យនិយោជក និងនិយោជិត កម្មករ កម្មការិនីទាំង ៤ ក្រុមហ៊ុនខាងលើមានកាតព្វកិច្ចសហការផ្តល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ១៩ដល់មន្ត្រីសុខាភិបាល។ ចំពោះនិយោជកវិញត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ ស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ផ្សេងៗទៀតដើម្បីយកសំណាក។
បើតាមសេចក្ដីសម្រេច ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអ្នកពាក់ព័ន្ធនៅថ្ងៃទី ៣ ឧសភានេះនៅមណ្ឌលសុខភាពឃុំពត់ស ឬមន្ទីរពេទ្យបង្អែកស្រុកបាទី។ ក្នុងករណីកម្មករកម្មការិនី ឬបងប្អូនណាខកខានមិនបានទៅផ្តល់សំណាកតាមកាលកំណត់ត្រូវទៅផ្ដល់សំណាកនៅមន្ទីរពេទ្យបង្អែក ឬ មណ្ឌលសុខភាពដែលនៅជិតលំនៅឋាន។
សេចក្តីសម្រេចនេះបន្ថែមថា បន្ទាប់ពីបានយកសំណាករួច និយោជក និងនិយោជិត កម្មករ កម្មការិនីត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ រដ្ឋបាលខេត្តសូមឱ្យក្រុមហ៊ុនទាំងអស់ជំរុញ និងលើកទឹកចិត្តឱ្យកម្មករកម្មការិនីចូលរួមយកសំណាកឱ្យបានគ្រប់គ្នា និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមទីតាំងដែលអាជ្ញាធរមូលដ្ឋានបានកំណត់។
ជាមួយគ្នានេះ អាជ្ញាធរក៏បានហាមការជួបជុំ ឬការប្រមូលផ្តុំមនុស្សក្នុងអំឡុងពេលអនុវត្តវិធានការផ្អាករោងចក្រជាបណ្តោះអាសន្ននេះផងដែរ លើកលែងតែក្នុងករណីចាំបាច់ ដូចជា ការជួបជុំក្នុងចំណោម កម្មករ កម្មការិនី នៅក្នុងទីតាំងដែលត្រូវផ្ដល់សំណាកជាមួយគ្នា ការជួបជុំរបស់មន្ត្រីសុខាភិបាល ដើម្បីយកសំណាកពីអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ និងបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត ។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវថ្លែងថា ថ្ងៃនេះក្រុមការងាររបស់មន្ទីរបានចាប់ផ្តើមយកសំណាកកម្មករកម្មការិនី និងឱ្យធ្វើចត្តាឡិស័កដោយមានការអប់រំពីការថែទាំ និងការការពារជំងឺកូវីដ១៩ ជូនដល់កម្មករ កម្មការរិនី ដើម្បីឱ្យពួកគាត់យល់ដឹង។
លោកវេជ្ជបណ្ឌិត បន្តថានៅក្នុងមូលដ្ឋានស្រុកបាទីមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ជិត ៤០ នាក់ក្នុងនោះរាប់ទាំងកម្មករកម្មការិនីបូករួមទាំងសាច់ញាតិរបស់គាត់ផង (មានទាំងអ្នកបម្រើការងាររោងចក្រ ប្រជាជន និងអ្នកលក់ដូរ )។
ទោះជាយ៉ាងណា ការផ្ទុះជំងឺនេះ លោកវេជ្ជបណ្ឌិតមិនទាន់កំណត់ប្រភពថាចេញមកពីខាងរោងចក្រ ឬពីតំបន់ណាមួយនោះទេ។ ករណីនេះក្រុមគ្រូពេទ្យបានតេស្តលើអ្នកមកមន្ទីរពេទ្យក៏មានវិជ្ជមាន និងស្រាវជ្រាវទៅពួកគេធ្វើការនៅក្នុងរោងចក្រហើយពេលទៅពិនិត្យនៅរោងចក្រ ក៏មានវិជ្ជមានមួយចំនួនទៀត និងទៅមើលអ្នកលក់ដូរនៅផ្សារក៏ឃើញមានអ្នកវិជ្ជមានដែរ។
បើតាមលោក វេជ្ជបណ្ឌិត នុត ស៊ីណាត មកទល់ពេលនេះខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១៣០ នាក់ក្នុងនោះមានស្រីចំនួន ៦៩ នាក់ និងជាសះស្បើយចំនួន ៣៣ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ទេ។ លោកថា ជាមួយគ្នានេះ ក៏មានភូមិមួយចំនួនរួមមាន ភូមិស្នោ ភូមិជ្រោងស្តៅ និងភូមិត្រាំខ្នារមួយផ្នែក រួមទាំងផ្សារត្រាំខ្នារផងដែរ ដែលត្រូវបានប្រកាសបិទបណ្តោះអាសន្ន៕