
ប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅខេត្តតាកែវ នាពេលកន្លងទៅ។ រូបថត រដ្ឋបាលខេត្តតាកែវ
ខេត្តតាកែវៈ រដ្ឋបាលខេត្តតាកែវប្រកាសពីការរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៤០ នាក់បន្ថែមទៀត នៅថ្ងៃនេះ ដែលសុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី ២១ ខែឧសភានេះ បានឲ្យដឹងថា លទ្ធផលនៃការវិភាគវត្ថុសំណាក រកមេរោគកូវីដ ១៩ នៅថ្ងៃទី ២០ ខែឧសភា បានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៤០ នាក់បន្ថែមទៀត ដែលជាករណីឆ្លងនៅក្នុងសហគមន៍។
អ្នកវិជ្ជមានជំងឺកូវីដ ១៩ ទាំង ៤០ នាក់នោះ គឺជាអាជីវករ ពលករ សិស្ស កុមារ កម្មករ និងកម្មការិនីរោងចក្រ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តតាកែវក៏បានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទង ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ ១៩ ខាងលើត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការរួមទាំងថ្ងៃឈប់សម្រាក ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។
រដ្ឋបាលខេត្តតាកែវបញ្ជាក់ថា៖ «អ្នកដែលពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច ២ ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬនៅបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច»។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសសូមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ។
រដ្ឋបាលខេត្តតាកែវបានក្រើនរំឭកដល់ពលរដ្ឋទាំងអស់ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យបង្អែកតាមក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្តៅលើសពី ៣៧ អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ជាដើម៕