ភ្នំពេញៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​សម្រេច​បន្ដ​អនុវត្ដ​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​រយៈពេល​ ១ សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​ ៣០ ខែឧសភា​រហូតដល់​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២១​។

យោងតាម​សេចក្ដី​សម្រេច​ស្ដីពី​ការបន្ត​អនុវត្ដ​វិធានការ​រដ្ឋបាល​របស់​រដ្ឋបាល​ខេត្ដ​បាន​បញ្ជាក់ថា ត្រូវ​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​សកម្មភាព​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​ចាប់ពី​ម៉ោង ២០ យប់ ដល់ ម៉ោង ៥ ព្រឹក​ជា​កំហិត​។

លើកលែងតែ​ចំពោះ ការដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ពី​ព្រំដែន​ថៃ​មក​ព្រំដែន​កម្ពុជា និង​ពី​ព្រំដែន​កម្ពុជា​ទៅ​ព្រំដែន​ថៃ​។ ការធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ និង​មូលហេតុ​ចាំបាច់​ក្នុង​គ្រួសារ ដែលមាន​លិខិតបញ្ជាក់ ឬ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​។

លើកលែងតែ​ចំពោះ ការធ្វើដំណើរ​របស់​បុគ្គលិក​ក្រុមគ្រូពេទ្យ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​បេសកកម្ម​ជូន​ស្ថាប័ន-អង្គភាព​។ ការធ្វើ​ចរាចរ​របស់​រថយន្ត​កុងតឺន័រ រថយន្ត​សម្រាប់​បម្រើ​ឲ្យ​ការដឹកជញ្ជូន​ទំនិញ ផ្គត់ផ្គង់​ការដ្ឋាន​សំណង់​។ រថយន្ត​បាញ់​បេតុង រថយន្ត​ដឹកជញ្ជូន​សំរាម សំណល់​រឹង និង​សំណល់​វេជ្ជសាស្ត្រ​។ ការធ្វើដំណើរ​ចាំបាច់​ផ្សេងៗ​ទៀត ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា​បុគ្គល​ ឬ​នីតិបុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​ខ្លឹមសារ​នៃ​ប្រការ​ ២ ​ខាងលើ នឹងត្រូវ​ទទួល​ទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាចសាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។

លោក លី សារី អភិបាលរង​ខេត្ដ​បន្ទាយមានជ័យ ថ្លែង​ឱ្យដឹង​នៅថ្ងៃនេះ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែឧសភា​នេះ ខេត្ដ​បន្ទាយមានជ័យ​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ ​១៩ ចំនួន ២ ៦០៨ នាក់ ក្នុង​នោះ​ស្ដ្រី ១ ២៣២ ​នាក់​។

លោក​អភិបាលរង​បានឱ្យ​ដឹងថា ក្នុងចំណោម​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ២ ៦០៨ ​នាក់ ក្នុង​នោះ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ១ ២៧៩ ​នាក់ ស្ដ្រី ៥៥២ ​នាក់​។ អ្នក​វិជ្ជមាន ១៣២៩ នាក់ ស្រី ៦៦៨ ​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​។ ក្នុង​ខេត្ដ​បន្ទាយមានជ័យ​ក៏មាន​អ្នកស្លាប់​ចំនួន ៩ នាក់ ស្រី ៦ ​នាក់ (២ ​នាក់​ស្លាប់​ខាងក្រៅ​មុន​ចូល​សម្រាក​ពេទ្យ​) ដោយសារ​ជំងឺ​កូវីដ ​១៩ ដែរ​។

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ឱ្យ​រួសរាន់​ទៅ​ជួប​ក្រុមគ្រូពេទ្យ និង​ធ្វើ​ចត្តាឡីស័ក ដើម្បី​យក​សំណាក​ទៅពិនិត្យ​។ ចំណែក​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ត្រូវ​រួសរាន់​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។

ក្នុងករណី​មានការ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី​ដូចជា ឡើង​កម្ដៅ​លើសពី​ ៣៧ ​អង្សាសេ ក្អក កណ្ដាស់ ហៀរ​សំបោរ ឈឺបំពង់ក មាន​កំហាក ថប់ដង្ហើម​ជាដើម ត្រូវ​ប្រញាប់​ទំនាក់ទំនង​ទៅ​ក្រុម ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត ឬ​មន្ទីរពេទ្យ​ខេត្ត ក្រុង ស្រុក ឬ​មណ្ឌល​សុខភាព​ឃុំ សង្កាត់ និង​អាជ្ញាធរ មូលដ្ឋាន តាមរយៈ​ទូរស័ព្ទ​លេខ​ ០១២ ៧២៤ ០៤២ / ០១២ ៩៤៨ ៧៧៩៕