
លោក ងួន រតនៈ ចុះត្រួតពិនិត្យការរៀបចំទីកន្លែងត្រៀមសម្រាប់សំរាកព្យាបាលអ្នកដែលវិជ្ជមានកូវីដ ១៩ កាលពីព្រឹកមិញ។ រូបថត រដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមមន្ទីរពេទ្យបង្អែកស្រុកចំនួន ៣ និងមហោស្រពមួយកន្លែងសម្រាប់ធ្វើជាកន្លែងសម្រាកព្យាបាលអ្នកដែលវិជ្ជមានកូវីដ ១៩ បើមានការរីករាលដាលបន្ថែមទៀត។
លោក សឿម ប៊ុនរិទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានថ្លែងនៅល្ងាចថ្ងៃទី ១១ ខែឧសភានេះថា មន្ទីរពេទ្យបង្អែកខេត្តជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺទូទៅ និងជាកន្លែងសម្ភពផង ហេតុនេះមានការចង្អៀត ទើបរដ្ឋបាលខេត្តត្រូវស្វែងរកទីតាំងបន្ថែម សម្រាប់អ្នកជំងឺកូវីដ ១៩។
លោកបន្តថា ការពង្រីកកន្លែងបន្ថែមនេះ រដ្ឋបាលខេត្តបានសម្រេចយកមន្ទីរពេទ្យបង្អែកស្រុកចំនួន ៣ ដែលមានស្រុកសំពៅលូន ស្រុកបវេល និងមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ព្រមទាំងសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង មួយកន្លែងផងដែរ។
លោកថ្លែងថា៖ «យើងបានត្រៀមកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ រួចហើយ ដែលក្នុងនោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ២០ គ្រែ ស្រុកបវេល ២០ គ្រែ និងស្រុកថ្មគោល ១០ គ្រែ សរុបចំនួន ៥០ គ្រែ ហើយក្រៅពីនោះ យើងត្រៀមមហោស្រពស្ទឹងសង្កែ ដែលជាសាលប្រជុំធំមួយនៅក្រុងបាត់ដំបង មានចំនួន ១៥០ គ្រែទៀតផងដែរ»។
បើតាមលោក សឿម ប៊ុនរិទ្ធី មូលហេតុដែលរដ្ឋបាលខេត្តបាត់ដំបងរៀបចំកន្លែងបន្ថែម សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយសារតែអ្នកជំងឺមានការកើនឡើងជាបន្តបន្ទាប់។
ចាប់ពីខែមីនា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ នេះ ខេត្តបាត់ដំបងមានប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ ១៩ កើនដល់ ៥៧ នាក់ ខណៈអ្នកព្យាបាលជាសះស្បើយមាន ២៩ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៨ នាក់។
លោក សឿម ប៊ុនរិទ្ធី ថ្លែងថា៖ «យើងកំពុងបន្តព្យាយាមទាក់ទង ដើម្បីយកសំណាកចំពោះអ្នកដែលប៉ះពាល់ផ្ទាល់បន្តបន្ទាប់ទៀត ព្រោះនីតិវិធីរបស់ក្រសួងសុខាភិបាល គឺរយៈពេល ៤៨ ម៉ោង ត្រូវយកសំណាកមួយសាទៀត ដើម្បីឲ្យច្បាស់។ និយាយរួមទៅ គិតមកដល់ថ្ងៃនេះ យើងបានយកសំណាកទាំងអស់បានចំនួន ១ ៦៩០ នាក់ហើយ»៕