បាត់ដំបងៈ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​សម្រេច​បិទ​ជា​បណ្តោះ​អាសន្ន​ទីតាំង​ចំនួន ៣ កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​សាស្រ្ត ស្រុក​សំពៅ​លូន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី។

តាម​លិខិត​របស់ លោក ងួន រតនៈ អភិបាល​ខេត្ត​បាត់ដំបង ចេញ​ថ្ងៃ​ទី​២០ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ទីតាំង​ទាំង​ ៣ កន្លែង​នោះ​ទី១ នៅ​ផ្ទះ​លក់​បាយ និង​បបរ ស្ថិត​នៅ​ភូមិ​អូរស្ងាត់ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង។

ទី២ ផ្ទះ​សំណាក់​បាយ័ន​ថ្មី ស្ថិត​នៅ​ភូមិ​អូរស្ងាត់ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង និង​ទី ៣ គឺ​ហាង​បោក​អ៊ុត​យក្សា ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

ក្នង​លិខិត​លោក​ ងួន រតនៈ បញ្ជាក់​ថា ៖ «ការ​បិទ​ជា​បណ្តោះ​អាសន្ន​នេះ ក្នុង​គោល​បំណង​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩ ក្រោយ​ពី​បាន​រក​ឃើញ​មាន​អ្នក​ជំងឺ​កូវីដ​១៩ មក​ពី​ភ្នំពេញ​បាន​ទៅ​ពាក់​ព័ន្ធ​ទីតាំង​ទាំង ៣ កន្លែង​នេះ»។

អំឡុង​ពេល​បិទ​ទីតាំង​ជា​បណ្តោះ​អាសន្ន​នេះ រដ្ឋបាល​ស្រុក សំពៅលូន ត្រូវ​ហ៊ុមព័ទ្ធ​ទីតាំង​ទាំង ៣ កន្លែង​នេះ ដោយ​ផ្អាក​ការ​ចេញ​ចូល​ទីតាំង​នេះ ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ដើម្បី​ធ្វើ​ចត្តា​ឡីស័ក និង​យក​សំណាក។

ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​ការ​ពាក់​ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​ទីតាំង​ខាង​លើ សូម​អញ្ជើញ​មក​ជួប ឬ​ជូន​ដំណឹង​ដល់​ក្រុម​ការងារ​មន្ត្រី​សុខាភិបាល​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត ដើម្បី​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់ ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​ឧសភា នេះ​ត​ទៅ។

អភិបាល​ខេត្ត​បាត់ដំបង បាន​ប្រាប់​ទៅ​នាយក​រដ្ឋបាល​សាលា​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជា​ការ​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​ខេត្ត បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​សំពៅលូន ប្រធាន​មន្ទីរ​សុខាភិបាល ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្តី​សម្រេច​នេះ ឲ្យ​មាន​ប្រសិទ្ធ​ភាព ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ។

លោកបញ្ជាក់ថា ៖«ត្រូវ​អនុវត្ត​ការ​ផាក​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ណា ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល និង​សុខាភិបាល ដែល​រាជ​រដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ដាក់​ចេញ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូវីដ១៩ ដោយ​មិន​គិត​ដល់​បទ​ល្មើស​ព្រហ្មទណ្ឌ ដទៃ​ទៀត​ឡើយ»។

លោក សឿម ប៊ុនរិទ្ធី អភិបាលរង និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​នេះ​ថា អ្នក​ពាក់​ព័ន្ធ​ផ្ទាល់​នៅ​ទីតាំង​ទាំង ៣ មាន​ចំនួន ២០ នាក់ បាន​យក​សំណាក​ធ្វើ​តេស្ត លើក​ទី​១ រួច​ហើយ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ទាំង​អស់។

លោកថ្លែងថា ៖«ប៉ុន្តែ​យើង​នៅ​បន្ត​ធ្វើ​ការ​យក​សំណាក​ទៀត ក្នុង​រយៈពេល ៤៨ ម៉ោង ហើយ​ពេល​នេះ មន្ត្រី​សុខាភិបាល កំពុង​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើម្បី​យក​សំណាក​ពិនិត្យ និង​អនុវត្ត​វិធាន​ការ​រដ្ឋបាល» ៕