ខេត្ត​បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​សម្រេច​បិទ​ផ្នែក​ខាង​ក្នុង​ផ្សារ (តួផ្សារ) នៃ​ផ្សារ​ចំនួន ៨ ក្នុង​ក្រុង​បាត់​ដំបង រយៈពេល ៧ ថ្ងៃ ដោយ​នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃទី ១៤ ខែ​ មេសា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ ក្នុង​គោល​បំណង​ ដើម្បី​បង្ការ​ការពារ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​សហគមន៍​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

យោង​តាម​សេចក្តី​សម្រេច​លេខ ០៦៧/២១ សសរ​ ចុះ​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ងួន រតនៈ អភិបាល​ខេត្ត​បាត់ដំបង បាន​ឱ្យ​ដឹង​ថា ផ្នែក​ខាង​ក្នុង​ផ្សារ​នៃ​ចំនួន​ផ្សារ​ទាំង ៨ ដែល​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​រួម​មាន ផ្សារ​បឹងឈូក ផ្សារ ១៣ មករា ផ្សារ​អប្សរា ផ្សារលើ ផ្សារ​រោងល្ខោន ផ្សារ​វត្តលៀប ផ្សារ​ពោធិ៍វង្ស និង​ផ្សារ​ទំនើប​ភូពុយ។

សេចក្តី​សម្រេច​នេះ​បញ្ជាក់​ថា អនុញ្ញាត​ឱ្យ​អាជីវករ​លក់​នៅ​ផ្នែក​ខ្លះ​នៃ​បរិវេណ​ខាង​ក្រៅ​ផ្សារ​ដូច​ជា បន្លែ ត្រី សាច់ គ្រឿង​ឧបភោគបរិភោគ​ដែល​ជា​តម្រូវការ​ចាំបាច់​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​​ត្រូវ​អនុវត្ត​នូវ​វិធានការ សុខាភិបាល​ក្នុង​ការ​រក្សា​គម្លាត​សង្គម គម្លាត​បុគ្គល (ចាប់ពី ១,៥ ម៉ែត្រ​ឡើង​ទៅ) ពាក់​ម៉ាស់ និង​លាងដៃ៕