
អភិបាល និងមន្ត្រីខេត្តពោធិ៍សាត់ចុះពិនិត្យទីតាំងកន្លងមក។ រូបថត រដ្ឋបាលខេត្ត
ពោធិ៍សាត់ៈ រដ្ឋបាលខេត្តពោធិ៍សាត់គ្រោងសាងសង់អគាររដ្ឋបាលប្រមូលផ្តុំ នៅក្នុងស្រុកចំនួន ២ គឺស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា រដ្ឋបាលខេត្តបានត្រៀមដីរបស់រដ្ឋសម្រាប់សាងសង់រដ្ឋបាលប្រមូលផ្តុំនៅក្នុងស្រុកតាលោសែនជ័យ ដែលជាដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង ៧០ ហិកតា ក្នុងភូមិសាស្ត្រឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងនៅស្រុកភ្នំក្រវាញ មានផ្ទៃដីប្រមាណជិត ២០ ហិកតា ជាប់ផ្លូវជាតិលេខ ៥៥ ក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ។
មន្ត្រីរូបនេះពន្យល់ថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំនេះឡើង គឺក្នុងគោលបំណងបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលាក្នុងការមកទំនាក់ទំនងខណៈដែលស្ថាប័ននេះគឺជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាពចំណុះឱ្យរដ្ឋបាលស្រុក។
ជាជំហានដំបូងរដ្ឋបាលខេត្តកំពុងឈូសឆាយដីនៅទីតាំងទាំង ២ នេះ ដើម្បីធ្វើយ៉ាងណាឱ្យមានរួចជាស្រេចនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក។ លោកថា៖ «ជំហានបន្ទាប់នឹងសាងសង់អគារដ្ឋបាល ដើម្បីបម្រើដល់ពុកម៉ែប្រជាពលរដ្ឋរបស់យើង និងចាត់ទុកថាជាលើកដំបូងសម្រាប់ខេត្តពោធិ៍សាត់ដែលមានរដ្ឋបាលស្រុកប្រមូលផ្តុំនេះ ជាគំរូក្នុងចំណោមស្រុក-ក្រុងទាំង ៧ នៅក្នុងខេត្តពោធិ៍សាត់»។
បើតាមមន្ត្រីរូបនេះ ស្រុកតាលោសែនជ័យ គឺជាស្រុកដែលទើបបង្កើតថ្មីមានឃុំចំនួន ២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ។ ស្រុកនេះនឹងត្រូវសាងសង់ឱ្យមានជាពហុកីឡដ្ឋានដែលមានទីលានសម្រាប់ច្រត់ព្រះនង្គ័ល និងក៏មានកន្លែងប្រណាំងគោ-ក្របីផងដែរ។
ដោយឡែកសាលាស្រុកភ្នំក្រវាញបច្ចុប្បន្នមានទីធ្លាតូចចង្អៀត តម្រូវឱ្យសាងសង់អគារថ្មីមានលក្ខណៈប្រមូលផ្តុំនៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋទំហំប្រមាណជិត ២០ ហិកតា ដែលស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង។ បើតាមមន្ត្រីខាងលើទីតាំងនេះ គឺពិតជាស្រស់ស្អាត និងមានសក្តានុពលខ្ពស់ ពីព្រោះនៅជិតទំនប់ធារាសាស្ត្រដំណាក់ឈើក្រម និងនៅជាប់ផ្លូវជាតិលេខ ៥៥ ឆ្លងកាត់ទៅព្រំដែនកម្ពុជា-ថៃដែលប្រជាពលរដ្ឋអាចធ្វើដំណើរទៅខេត្តបាត់ដំបង ឬទៅខេត្តកោះកុងបាន។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មិនបានធ្វើអត្ថាធិប្បាយឡើយ នៅពេល ភ្នំពេញ ប៉ុស្តិ៍ សុំការបញ្ជាក់បន្ថែមពីបញ្ហានេះកាលពីម្សិលមិញដោយលោកបានចុចផ្តាច់ទូរស័ព្ទ។
លោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញថ្លែងថា លោកមិនបានដឹងច្បាស់ពីគម្រោងនេះនោះទេពីព្រោះគម្រោងសាងសង់អគាររដ្ឋបាលប្រមូលផ្តុំនេះ គឺជាការគិតរបស់លោកអភិបាលខេត្ត។ លោកថា៖ «បច្ចុប្បន្ននេះ ស្រុកមានកន្លែងធ្វើការ និងផ្តល់សេវាជូនប្រជាពលរដ្ឋជាធម្មតា ប៉ុន្តែវាមិនធំដំនោះទេ ហើយនៅពេលដែលមានរដ្ឋបាលប្រមូលផ្តុំនេះ សាងសង់រួចរាល់នាពេលខាងមុខ និងផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់»។
ចំពោះលោក សំ ណារិទ្ធិ អភិបាលស្រុកតាលោសែនជ័យ ថ្លែងថា លោកមិនទាន់ដឹងច្បាស់ពីគម្រោងនេះទេ គ្រាន់តែដឹងថា លោកអភិបាលខេត្តបានចុះទៅពិនិត្យមើលទីតាំង ដែលត្រៀមនឹងសាងសង់ខណៈស្រុកនេះមិនទាន់មានទីតាំងច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោកបន្តថា៖ «ក្នុងនាមជាអ្នកផ្តល់សេវាសាធារណៈយើងចង់បានតែទីតាំង ដែលមានភាពទូលាយដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវាមានភាពងាយស្រួល »។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឱ្យមានរដ្ឋបាលស្រុកប្រមូលផ្តុំនេះ នៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងជាអ្វីដែលអង្គការសង្គមស៊ីវិលចង់បាន។
លោកថ្លែងថា៖ «យើងមើលឃើញ នេះគឺជាគំនិតផ្តួចផ្តើមពីការទម្លាក់ការទទួលខុសត្រូវទៅថ្នាក់ក្រោមជាតិស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាក់ក្រោមជាតិ និងច្បាប់ស្តីពីការគ្រប់គ្រងរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេស និងគោលនយោបាយផ្សេងទៀតដែលគាំទ្រដល់រដ្ឋបាលថា្នក់ក្រោមជាតិ»៕