ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ប្រសិន​បើ​អ្នកគ្រប់គ្រង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅតែ​បន្ត​សកម្មភាព​វាយកម្ទេច​អគារ​ដែលមាន​ជាង​ ២០ ​ល្វែង ​មាន​អាយុកាល​ជាង​ ៥០ ​ឆ្នាំ​ ដែល​ជា​ផ្ទះ​ស្នាក់នៅ​របស់​បុគ្គលិក​កំពង់ផែ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បន្តទៀត បន្ទាប់ពី​ត្រូវបាន​ហាមឃាត់​ជា​លើក​ទី​ ២​។

កាលពី​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២០ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​មាន​មន្ទីរ​រៀបចំ​ដែនដី មន្ទីរ​វប្បធម៌ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ការដ្ឋាន​សំណង់​មួយ​របស់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ស្ថិត​នៅ​ក្នុង​ក្រុម​ ៥ ភូមិ​ ២ សង្កាត់​លេខ​ ៣ ដោយ​បាន​ធ្វើការ​ណែនាំ​ឲ្យ​បញ្ឈប់​ការ​វាយកម្ទេច​​ដំបូល និង​ជញ្ជាំង​ជា​លើក​ទី​ ២​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែមីនា ​ថា អាជ្ញាធរ​ពិតជា​បាន​ចុះទៅ​ហាមឃាត់​ការវាយកម្ទេច​សំណង់​អគារ​នោះ​ពិតប្រាកដ​មែន បន្ទាប់ពី​អ្នកគ្រប់គ្រង​កំពង់ផែ​បាន​ធ្វើ​ឡើង ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក​បន្តថា​កាលពី​ថ្ងៃទី​ ២៦ ខែមីនា ក្រុមការងារ​ពាក់ព័ន្ធ​បាន​ចុះទៅ​ហាមឃាត់​ម្តង​រួចមកហើយ ប៉ុន្តែ​មិន​ស្តាប់​។ លោក​បន្ត​ថា​ការចុះ​ទៅ​ហាមឃាត់​លើក​នេះ​គឺជា​លើកចុងក្រោយ ហើយ​ប្រសិន​បើ​នៅតែ​បំពាន អាជ្ញាធរ​នឹង​អនុវត្ត​ទៅតាម​ច្បាប់ បើទោះបី​ជា​សំណង់​នេះ​ជា​របស់​រដ្ឋ​ក៏ដោយ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់ ម្យ៉ាង​អគារ​នេះ​ជា​សំណង់​ដែល​បន្សល់ទុក​តាំងពី​សម័យមុន​។

លោក​បញ្ជាក់ថា​៖ «​កិច្ចការងារ​នេះ​គឺ​កំពុង​ស្ថិត​ក្នុង​ការងារ​របស់​ជំនាញ​ដែល​ត្រូវ​ពិនិត្យ​លើ​ឯកសារ​ច្បាប់​សិន​ថា សំណង់​នេះ​មាន​ច្បាប់​ក្នុង​ការរុះរើ​វាយកម្ទេច​ដែរ​ទេ​? នេះ​ករណី​ទី​ ១ ចំណែក​ទី ២ ក្នុង​ករណី​ដែល​គាត់​មាន​សិទ្ធិ​វាយកម្ទេច​ហើយ តើ​ការរៀបចំ​ជួសជុល និង​សាងសង់​ថ្មី​ហ្នឹង គោរព​តាមច្បាប់​យ៉ាងម៉េច​?»​។

លោក ប៊ុន វុត្ថា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ដែល​បាន​ចុះ​ត្រួតពិនិត្យ​សំណង់​នេះ​ផ្ទាល់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​អង្គារ​ថា សំណង់​អគារ​នេះ​មាន​ទំហំ​ជាង ២០ ​ល្វែង​ជា​ផ្ទះ​ស្នាក់នៅ​របស់​បុគ្គលិក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយ​ជា​ទីតាំង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​។ លោក​បន្ថែម​ថា​ដោយសារ​តែ​សំណង់​នេះ​មាន​អាយុកាល​ដល់​ ៥០ ឆ្នាំ ​ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដូច្នេះ​មុន​នឹង​ធ្វើការ​ជួសជុល និង​រុះរើ​គឺ​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​ទៅ​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមការងារ​ចុះមក​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​សិន​។

លោក​បញ្ជាក់ថា​៖ «​យើង​បានធ្វើ​ការណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមកម្មករ និង​តំណាង​កំពង់ផែ​ស្វយ័ត​កុំ​ឲ្យ​បន្តសកម្មភាព​វាយកម្ទេច និង​ជួសជុល​អគារ​នេះ​បន្តទៀត​រហូត​ដល់​មានការ​ដាក់សំណើ និង​ទទួលបាន​អនុញ្ញាត​ដោយ​មន្ត្រី​ជំនាញ​ចុះទៅ​​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​»​។

លោក​ ស្រ៊ុន លីម តំណាង​កំពង់ផែ​ស្វយ័ត​លើក​ឡើង​ថា ដោយ​សំណង់​អគារ​នេះ​មាន​ភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង និង​ជ្រាប​ទឹក​ទើប​ថ្នាក់ដឹកនាំ​កំពង់ផែ​ស្វយ័ត​សម្រេច​ឲ្យ​ធ្វើការ​ជួសជុល​ភ្លាមៗ​តាម​សំណើ​របស់​បុគ្គលិក ដែល​ជួបប្រទះ​ស្ថានភាព​លំបាក នៅពេល​រស់នៅ​ក្នុង​អគារ​នេះ​។ លោក​បន្តថា ក្រោយ​ពី​ទទួលបាន​ការណែនាំ​ជាថ្មី​នេះ​ខាង​កំពង់ផែ​នឹង​ប្រញាប់​រៀបចំ​ឯកសារ ដើម្បី​ដាក់​ស្នើ​ទៅតាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បានទេ​ថា ការស្នើ​នេះ​នឹង​ដាក់​នៅពេលណា​។

លោក​បញ្ជាក់ថា​៖ «​យើង​មិន​បាន​ស្នើសុំ ដោយសារ​តែ​អគារ​ហ្នឹង វា​លិច​ទឹក​ខ្លាំងពេក ហើយ​បងប្អូន​យើង ស្នើ​មក​ហើយ​ធ្វើៗ​ទៅ​ស្មានតែ​មិន​អី រហូត​ដល់​មាន​ការចុះ​មក​ហាមឃាត់​ហ្នឹង​។ ណាមួយ​វា​លិច​ទឹក​ពេក​យើង​មិន​បាន​ធ្វើ​អី​ទេ គ្រាន់តែ​ប្រក់​ដំបូល​ទេ ហើយ​ឥឡូវ​គេ​បាន​ណែនាំ​ឲ្យ​យើង​សុំច្បាប់​សុំ​អី​ទៅ ហើយ​យើង​កំពុង​រៀបចំ​»៕