ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ព្រមាន​ផ្ដាច់ការ​ផ្គត់ផ្គង់​ទឹកស្អាត និង​ចរន្តអគ្គិសនី​រយៈពេល​ ៥ ​ខែ​ចំពោះ​ពលរដ្ឋ ប្រតិបត្តិករ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងឡាយ​ដែល​ជីក​កកាយ​ និង​ឈូសឆាយ​ចំណីផ្លូវ​សាធារណៈ​គ្មាន​ការអនុញ្ញាត​ដែល​នាំឱ្យ​មាន​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។

ការព្រមាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៥ ខែ​តុលា តាមរយៈ​សេចក្ដី​ជូនដំណឹង​ស្ដីពី «​ការហាមឃាត់​ការជីក​គាស់​កាយ​ និង​ឈូសឆាយ​លើ​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ​តាម​ដង​មហាវិថី វិថី និង​អនុវិថី​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ​» ​និង​បន្ទាប់ពី​​បាន​ពិនិត្យ​ឃើញ​មាន​ពលរដ្ឋ​ក៏​ដូចជា​ប្រតិបត្តិករ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​​ជីក​គាស់​កាយ និង​ឈូសឆាយ​លើ​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដោយ​អន្លើៗ​។

តាមរយៈ​សេចក្ដី​ជូន​ដំណឹង​នោះ​លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ឱ្យមាន​ដាក់ពាក្យ​ស្នើសុំ​មក​រដ្ឋបាល​ខេត្ត​មុន​នឹង​ជីក​គាស់​កាយ​ និង​ឈូសឆាយ​លើ​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដើម្បី​រដ្ឋបាលខេត្ត​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដល់​ទីតាំង​ជាក់ស្ដែង​បាន​ទាន់ពេល​ចៀសវាង​ផលប៉ះពាល់ និង​រង​ការខូចខាត​នានា​ជាយថាហេតុ​។

លោក​ ចំរើន បាន​បញ្ជាក់ថា​៖ «​ក្នុង​ករណី​បងប្អូន​មិន​អនុវត្ត​តាម​ការណែនាំ​ខាងលើ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក និង​ចរន្តអគ្គិសនី​ក្នុង​រយៈពេល​ ៥ ​ខែ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​លើក​ពី​ខ្លឹមសារ​មាត្រា​ ៧៧ នៃ​ច្បាប់​ស្ដីពី​ផ្លូវថ្នល់​មក​រំឭក​ដល់​ពលរដ្ឋ​ក៏ដូចជា ប្រតិបត្តិករ និង អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងនោះ​​ផង​ដែរ ដើម្បី​ឱ្យ​ចូលរួម​លុប​បំបាត់​នូវ​សកម្មភាព​កិច្ចការ​សាធារណការ​ទាំងឡាយ​ដោយ​​គ្មាន​ការអនុញ្ញាត​ដែល​នាំឱ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​។

យោង​មាត្រា​ ៧៧ ​នៃ​ច្បាប់​ស្ដីពី​ផ្លូវថ្នល់​៖ «​ជន​ណា​ដែល​ធ្វើ​កិច្ចការ​សាធារណការ​ទាំងឡាយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់ និង​បណ្ដាល​ឱ្យ​ខូចខាត​ដល់​តួផ្លូវ ទ្រូងផ្លូវ ជាយ​ផ្លូវ គែម​ផ្លូវ និង​ដី​នៅសល់​នៃ​ចំណីផ្លូវ​ត្រូវ​តម្រូវឱ្យ​ជួសជុល​ឡើងវិញ​ឱ្យ​ដូច​ស្ថានភាព​ដើម​ និង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤ ​លាន​រៀល​ដល់​ ១០ ​លាន​រៀល​»​។

លោក​ ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៦ តុលា​ថា ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ទៅ​រដ្ឋបាលខេត្ត​នឹង​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​ចំពោះ​សកម្មភាព​ណា​ដែល​នៅ​តែ​បន្ត​ការជីក​គាស់កាយ និង​ឈូសឆាយ​លើ​ចំណីផ្លូវ​សាធារណៈ​ដោយ​គ្មាន​ការអនុញ្ញាត​។

ក៏ប៉ុន្តែ​លោក​បាន​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ប្រជាពលរដ្ឋ ប្រតិបត្តិករ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​នឹងចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដី​ជូនដំណឹង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​»៕