
មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ គោរពទង់ជាតិនាពេលកន្លងមក។ រូបថត ពន្ធនាគារ ខេត្តព្រះសីហនុ
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុគ្រោងផ្លាស់ប្តូរមណ្ឌលកែប្រែគ្រឿងអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនចេញពីទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទៅកាន់ទីតាំងថ្មី ខណៈស្ថាប័នសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងរៀបចំផ្ទេរមណ្ឌលនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តវិញ។
លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនិតិសម្បទា ខេត្តព្រះសីហនុ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីថ្ងៃទី ១៥ ខែធ្នូ ថា រដ្ឋបាលខេត្តព្រសីហនុបានបើកកិច្ចប្រជុំរៀបចំនីតិវិធីផ្ទេរមណ្ឌលកែប្រែគ្រឿងអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពីការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ចមកឱ្យខេត្តជាអ្នកគ្រប់គ្រងវិញ។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏មានគម្រោងរកទីតាំងថ្មីដោយរើពីទីតាំងចាស់ស្ថិតនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
លោកបន្តថា៖ «នៅក្នុងឆ្នាំ ២០២០ នេះ ក្រសួងបានផ្ទេរមុខងារនេះឱ្យរដ្ឋខេត្តព្រះសីហនុ ដើម្បីផ្តល់របបនេះវិញដែលកាលពីមុនបានទទួលឧបត្ថម្ភពីរដ្ឋតាមរយៈកញ្ចប់ថវិកាពីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនិតិសម្បទាហើយត្រូវបានគ្រប់គ្រងដោយកងរាជអាវុធហត្ថ (ប៉េអឹម) ដែលមានទីតាំងនៅក្នុងបន្ទាយប៉េអឹមនេះ»។
លោកបានឱ្យដឹងថា មូលហេតុនៃការប្តូរចេញនេះដោយសារប៉ះពាល់ដល់បញ្ជាការដ្ឋានកងរាជអាវុធ (តូចចង្អៀត) ទើបខេត្តសម្រេចឱ្យមានការរៀបចំទីតាំងថ្មី និងពង្រីកសេវាឱ្យកាន់តែធំ និងមានលទ្ធភាពទទួលជនរងគ្រោះបានច្រើន។ ប៉ុន្តេលោកមិនបានដឹងពីទំហំដីនិងទីតាំងថ្មីទេ ព្រោះក្រុមការងារកំពុងសិក្សានៅឡើយ។
លោកបានបញ្ជាក់ថា៖ «ក្នុងដំណាក់កាលដំបូងនេះ មន្ទីរនឹងរៀបចំធ្វើលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថ្មីនេះ ដោយបច្ចុប្បន្នមណ្ឌលចាស់ ស្ថិតក្រោមការគ្រប់គ្រងដោយកងរាជអាវុធហត្ថ ហើយគេមាននីតិវិធីគ្រប់គ្រងរបស់គេ វាមិនមែនជាបទដ្ឋានគតិយុត្តិដែលមានស្តង់ដាទូទៅនោះទេ»។
បើតាម លោក សម សភា កន្លងមកមណ្ឌលនេះទទួលបានអ្នកមកព្យាបាល និងបន្សាបគ្រឿងញៀនចំនួនប្រមាណជាង ៨០ នាក់ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះតួលេខអាចនឹងថយចុះ ដោយសារមិនមានការទទួលយកអ្នកថ្មីបន្ថែម និងអ្នកត្រូវបានព្យាបាលជារួចហើយត្រឡប់ទៅផ្ទះវិញ។
លោកបានបន្ថែមថា បច្ចុប្បន្នមានមណ្ឌលបន្សាប និងព្យាបាលគ្រៀងញៀនតែមួយទីតាំងប៉ុណ្ណោះ ដែលគ្រប់គ្រងដោយខេត្ត។ រីឯមណ្ឌលមួយទៀតនៅក្នុងស្រុកកែវផុសដែលជាកន្លែងព្យាល និងបន្សាបជនរងគ្រោះក្នុងរយៈពេលយូរគឺគ្រប់គ្រងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ទាក់ទងនឹងការរកទីតាំងថ្មីនេះ កាលពីថ្ងៃទី ១៥ ធ្នូ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានណែនាំឱ្យបង្កើតក្រុមការងារមួយដោយមានអភិបាលរងខេត្តមួយរូបជាអ្នកដឹកនាំចុះពិនិត្យរកទីតាំងថ្មី និងពិភាក្សាថាតើទីនោះមានសុវត្ថិភាព មានទឹកភ្លើងគ្រប់គ្រាន់។
ជាមួយនេះ លោក គួច ចំរើន បានជំរុញឱ្យក្រុមការងារនេះរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ដើម្បីធានាបាននូវសុខសុវត្ថិភាពក៏ដូចជាដើម្បីទទួលអ្នកញៀនគ្រឿងញៀន និងអ្នកស្ម័គ្រមកទទួលសេវាអប់រំបន្សាបព្យាបាល និងស្តារនីតិសម្បទាញៀនគ្រឿងញៀនឱ្យបានសមរម្យ។
លោក ស្រេង វ៉ាន់លី មន្ដ្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុបានថ្លែងថា ការប្រើប្រាស់និងការជួញដូគ្រៀងញៀនក្នុងខេត្តនេះកន្លងមកមានការកើនឡើង។ ប៉ុន្តែការបង្ក្រាបវិញ គឺបានតែទ្រង់ទ្រាយតូចតាច ខណៈករណីធំៗមិនឃើញមានបង្ក្រាបបាន។ ទន្ទឹមគ្នានេះក៏មានពលរដ្ឋដែលញៀនថ្នាំខ្លាំងត្រូវបានយកទៅដាក់នៅក្នុងមណ្ឌលដើម្បីបន្សាបច្រើនដែរ។
ចំពោះគម្រោងផ្លាស់ប្តូរទីតាំងមណ្ឌលនេះ លោក ស្រេង វ៉ាន់លី យល់ឃើញថា៖ «វាជាការល្អ ប៉ុន្តែបើអាជ្ញាធរលុបបំបាត់ និងកាត់បន្ថយនៃការប្រើប្រាស់គ្រឿងញៀននេះនៅក្នុងខេត្តឱ្យបានច្រើនទើបជាការល្អ ព្រោះមិនចំណាយថវិការដ្ឋច្រើន និងប៉ះពាល់ដល់ក្រុមគ្រួសារនិងសង្គមជាតិ»។
លោកបានបញ្ជាក់ថា៖ «ទីតាំងថ្មីនេះគួររៀបចំឱ្យធំទូលាយហើយមានកន្លែងបង្រៀនជំនាញដល់ពួកគាត់ហើយពេលពួកគាត់ផ្តាច់បានគាត់ចេញមកវិញ អាចប្រកបមុខរបរចិញ្ចឹមជីវិតបាន ប៉ុន្តែប្រសិនបើគ្រាន់តែយកទៅបន្សាបមិនមានបង្រៀនជំនាញអ្វីទេ គាត់ត្រឡប់មកវិញ គាត់មិនដឹងធ្វើអ្វីក៏បែកគំនិតជាថ្មីក្នុងការជួញដូរ និងប្រើប្រាស់គ្រឿងឡើងវិញ ដែលនោះគឺជាការបង្កបញ្ហាដល់សង្គមបន្ថែមទៀត»៕