
បន្ទប់ទឹកតាមឆ្នេរសមុទ្រខេត្តព្រះសីហនុកំពុងសាងសង់។ រូបថត សហការី
ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុបាននិងកំពុងដំណើរការសាងសង់ បន្ទប់ទឹកសាធារណៈថ្មីចំនួន ១១ ទីតាំងបន្ថែមទៀត នៅតាមបណ្តោយឆ្នេរអូឈើទាល ២ ឆ្នេរអូត្រេះរហូតដល់ពយឆ្នេរជំទាវម៉ៅ ដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតាមបណ្តោយឆ្នេរសមុទ្រទាំងនោះ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ការសាងសង់បន្ទប់ទឹកសាធារណៈថ្មីនៅតាមបណ្តោយឆ្នេរសមុទ្រនេះតាមផែនការគឺមាន ១១ ទីតាំង ប៉ុន្តែពេលបច្ចុប្បន្ន បាននិងកំពុងសាងសង់ ៩ ទីតាំងសិន។ នៅក្នុងគម្រោងបន្ទប់ទឹកសាធារណៈនេះ ត្រូវបានសាងសង់ជា ៣ ប្រភេទដោយទី១ គឺប្រភេទបន្ទប់ទឹក ៨ ជ្រុង ដែលមានទំហំ ១២,៩៦ ម៉ែត្រ X ១២,៩៦ ម៉ែត្រ។ ប្រភេទទី២ ជាប្រភេទបន្ទប់ទឹកដែលមានរាងចតុកោណកែង និងលម្អកណ្តាលដែលមានទំហំ ២៦ ម៉ែត្រ x១៧ ម៉ែត្រ និងប្រភេទទី៣ មានរាងជាការ៉េដែលមានទំហំ ៨,៨ ម៉ែត្រ x ៨,៨ ម៉ែត្រ។
បើតាមលោក ឃាង ភារម្យ គម្រោងសាងសង់បន្ទប់ទឹកសាធារណៈនេះ ត្រូវបានក្រុមហ៊ុនឯកជនចំនួន ៤ ទទួលបន្ទុកក្នុងការសាងសង់រួមមានក្រុមហ៊ុនពិស្នុការ ក្រុមហ៊ុនហេងសម្បត្តិ ក្រុមហ៊ុន VT និងកងវិស្វកម្មរបស់ក្រសួងមហាផ្ទៃ ដែលរហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៣៥ ភាគរយហើយ។
គម្រោងសាងសង់បន្ទប់ទឹកសាធារណៈនេះទទួលបានថវិកាពីគណៈកម្មការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោកថ្លែងថា៖ «បន្ទប់សាធារណៈទាំងនេះមិនតម្រូវឱ្យភ្ញៀវទេសចរបង់ប្រាក់នោះទេ ហើយមិនដូចការរិះគន់ថា យកលុយនោះទេ បន្ទប់ទឹកដែលយកលុយគឺជាបន្ទប់ឯកជន»។
បច្ចុប្បន្នក្រុមការងារកំពុងជំរុញល្បឿននៃការសាងសង់ ហើយអាចនឹងដាក់ឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោក តាំង សុចិត្រក្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុឱ្យដឹងពីម្សិលមិញថាក្រៅពីសាងសង់បន្ទប់ទឹកចំនួន ១១ នេះ រដ្ឋបាលខេត្តមានគម្រោងសាងសង់បន្តបន្ទាប់ទៀត ដើម្បីបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរឱ្យបានគ្រប់គ្រាន់។ លោក សុចិត្រក្រឹស្នា រំពឹងថាក្រោយពីការបញ្ចប់ការសាងសង់រួចរាល់ និងដាក់ឱ្យដំណើការ វានឹងចូលរួមលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តនៅក្នុងខេត្តជាប់មាត់សមុទ្រនេះឱ្យបានកាន់តែច្រើន។
លោកថ្លែងថា៖ «ជាធម្មតាក្នុងការរៀបចំរមណីយដ្ឋានទេសចរណ៍មិនថារមណីយដ្ឋានតំបន់ឆ្នេរ ឬតំបន់ណានោះទេ គឺរៀបចំឱ្យមានស្តង់ដា មិនមែនរៀបចំតែបន្ទប់ទឹកមួយឱ្យមានស្តង់ដានោះទេ នៅក្នុងចំណោមនោះត្រូវតែរៀបចំឱ្យមានស្តង់ដាទាំងសេវាកម្ម»។
លោកថ្លែងបន្តថា៖ «វាសំខាន់ណាស់ ធម្មតាភ្ញៀវដែលមកលេង គឺត្រូវការកន្លែងចតយានយន្ត កន្លែងបន្ទោបង់ និងសេវាព័ត៌មាន និងសន្តិសុខជាដើម។ បើយើងទៅលេង ហើយមិនមានបន្ទប់ទឹក តើយើងទៅលេងយ៉ាងម៉េចកើត។ បើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់បរិស្ថាន និងអនាម័យបន្ថែមទៀត»។
លោក ស្រេង វ៉ាន់លី មន្ដ្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះការសាងសង់បន្ទប់ទឹកសាធារណៈនេះ ខណៈកន្លងមកក៏មានការយកលុយពីប្រជាពលរដ្ឋខ្លះដែរ ជុំវិញការប្រើប្រាស់បន្ទប់ទឹកនេះ។
លោកថ្លែងថា៖ «ការសាងសង់បន្ទប់ទឹកសាធារណៈ វាល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ ប៉ុន្តែទន្ទឹមគ្នានេះក៏ត្រូវមានការចូលរួមថែរក្សាការពារបរិស្ថាន ក៏ដូចជាជួយសម្អាត និងបូមកាកសំណល់ឱ្យបានញឹកញាប់ជាជាងដែលយើងបង្ហូរ (ទឹកលាមក) ចូលទៅក្នុងសមុទ្រវាធ្វើឱ្យប៉ះពាល់ទឹកសមុទ្រសម្រាប់ភ្ញៀវដែលមកលេង»៕