
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៣១ ខែឧសភា។ សហការី
សីហនុៈ រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃ សុក្រទី ៣១ ខែ ឧសភា បានបង្កើតក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីប្រមូលផ្ដុំព័ត៌មាន និងឆ្លើយតបទៅសាធារណជនឱ្យបានទាន់ពេលវេលាខណៈដែលខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះកំពុងតែមានកំណើនយ៉ាងខ្លាំងនៃការអភិវឌ្ឍ។
លោក គង់ វិតាណ: អភិបាលរងខេត្ត ដែលជាប្រធានក្រុមការងារទទួលបន្ទុកព័ត៌មាននិងប្រតិកម្មរហ័សនៃសាលាខេត្តព្រះសីហនុ ថ្លែងកាលពីម្សិលមិញថា៖ «ការបង្កើតក្រុមការងារនេះឡើង គឺដើម្បីប្រមូលផ្តុំព័ត៌មាន និងជំរុញឱ្យមន្ទីរ អង្គភាព ដែលជាម្ចាស់ករណីចូលរួមឆ្លើយបំភ្លឺឱ្យបានទាន់ពេលវេលាដោយមានទំនួលខុសត្រូវចំពោះបញ្ហានានាដែលបានកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) គាំទ្រចំពោះ ការបង្កើតក្រុមការងារនេះឡើង ហើយសង្ឃឹមថា តាមបណ្ដាខេត្ដផ្សេងទៀតនឹងមានបង្កើតក្រុមការងារបែបនេះដើម្បីផ្ដល់ភាពងាយស្រួលឆ្លើយតបទៅកាន់សាធារណជន។
លោកបន្ដថា៖ «រដ្ឋបាលខេត្ដ មានក្រុមការងារបែបនេះវាបានផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ក្នុងការទទួលបានព័ត៌មានរហ័សទៅវិញទៅមក នៅពេលមានចម្ងល់ផ្សេងៗ។ ក្រុមការងារនេះក៏បានផ្ដល់ភាពងាយស្រួល ដល់មហាជនទូទៅ ឱ្យទទួលបានព័ត៌មានពីខេត្ដព្រះសីហនុដែរ។ សង្ឃឹមថា តាមបណ្ដាខេត្ដផ្សេងៗ នឹងមានបង្កើតក្រុមការងារបែបនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់សាធារណជន»។
លោកស្រី ជៀប សុធារី មន្រ្ដីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដព្រះសីហនុ បានលើកឡើងថា ក្នុងរយៈពេលដើមឆ្នាំ ២០១៩ ដោយសារតែខេត្ដព្រះសីហនុ ជាខេត្ដដែលកំពុងមានការអភិវឌ្ឍខ្លាំង បញ្ហាក៏មានកើតឡើងច្រើនដែរ នាំឱ្យមន្រ្ដីរដ្ឋបាលខេត្ដបើកកិច្ចប្រជុំជាញឹកញាប់ ហើយការបង្កើតក្រុមការងារនេះគឺជាផ្នែកមួយ ដើម្បីពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។
លោកស្រីបន្តថា៖ «យើងក៏មិនទាន់អាចដឹងថា ការបង្កើតក្រុមការងារនេះ អាចមានប្រសិទ្ធភាព ឬអត់ដែរ យើងចាំមើលគេធ្វើការងារសិន។ ប៉ុន្ដែយើងសូមសំណូមពរថា បើសិនជាបង្កើតហើយត្រូវឱ្យក្រុមការងារ នេះទទួលខុសត្រូវលើការងាររបស់ខ្លួនដែលជាភារកិច្ចទទួលបានពីរដ្ឋបាលខេត្ដមក។ សព្វថ្ងៃយើងឃើញថា មន្រ្ដីរដ្ឋបាលខេត្ដម្នាក់ ទទួលការងារច្រើន ដូច្នេះយើងព្រួយបារម្ភ ចំពោះការអនុវត្ដការងាររបស់ពួកគាត់ ព្រោះទំហំនៃការងារច្រើនពេក»។
លោកស្រីមើលឃើញថា កន្លងមកទោះមានការបង្កើតគណៈកម្មការទទួលខុសត្រូវលើកិច្ចការងារផ្សេងៗក៏ដោយប៉ុន្ដែដល់ពេលអនុវត្ដការងារ និងការសម្រេចចិត្ដជាក់ស្ដែងក្រុមការងារនោះ មិនអាចសម្រេចចិត្ដដោយខ្លួនឯងទេ ដែលនេះជាករណីដែលអ្នកស្រីចង់ឱ្យរដ្ឋបាលខេត្ដ ត្រូវផ្ដល់សិទ្ធិឯករាជ្យដល់រដ្ឋបាលខេត្ដសម្រេចចិត្ដ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារនេះ ប្រធានមន្ទីរអង្គភាពទាំងអស់ក្រោមឱវាទខេត្ត នឹងត្រូវដាក់បញ្ចូលជាសមាជិក ក្រោមការគ្រប់គ្រងដឹកនាំសម្របសម្រួលដោយអភិបាលរងខេត្តម្នាក់ ដែលទទួលបន្ទុកការងារព័ត៌មានប្រចាំខេត្តតែម្ដង។
លោកបានបន្ដថា៖ «រាល់ព័ត៌មានទាំងឡាយដែលបានលើកឡើងនឹងត្រូវបានឆ្លើយតបប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពដែលជាម្ចាស់ករណីនីមួយៗ»៕