ព្រះសីហនុៈ ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ដំណើរការ​អាជីវកម្ម​រោងចក្រ​ ដាប់ប៊ែលយូ ​អីជីស៊ី មេនូហ្វេកធើរីង ​ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ រយៈពេល​ចំនួន ៥ ថ្ងៃ​បន្ថែមទៀត ចាប់ពី​ថ្ងៃនេះ​តទៅ ដោយសារ​នៅ​មិនទាន់​អស់អ្នក​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩​នៅក្នុង​រោងចក្រ​នេះ។

យោងតាម​សេចក្តី​សម្រេច​លេខ ៦៧៥/សជណ ​ចុះហត្ថលេខា​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ៨ ខែ​ឧសភា​នេះ​ឱ្យដឹងថា​ការប្រកាស​បន្ត​ផ្អាក ៥ ថ្ងៃ​ទៀត​នេះ​ដោយ​យោងតាម​ការពិនិត្យ​វាយតម្លៃ​របស់​ក្រុមការងារ​នៃ​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តព្រះសីហនុ​បានបញ្ជាក់​ថា​នៅ​មិនទាន់​អស់​ករណី​អ្នកពាក់ព័ន្ធ​ជាមួយ​នឹង​ជំងឺ​កូវីដ១៩​នៅក្នុង​រោងចក្រ​នៅឡើយ។

កាលពី​ថ្ងៃទី ៣ ឧសភា រដ្ឋបាលខេត្ត​ព្រះសីហនុ​ធ្លាប់បាន​ផ្អាក​បណ្ដោះអាសន្ន​នូវ​ដំណើរការ​អាជីវកម្ម​រោងចក្រ​ ដាប់ប៊លយូ ​អ៊ុជីស៊ី មេនូហ្វេកធើរឹង ​នេះ​ចំនួន ៤ ថ្ងៃ​ម្តង​រួចហើយ​ជាមួយ​នឹង​រោងចក្រ​មួយទៀត​ឈ្មោះ​ ខេមអាយឃែរ ​ដើម្បីឱ្យ​ក្រុមការងារ​ស្រង់​ឈ្មោះ​ និង​យក​វត្ថុសំណាក​ពី​បុគ្គលិក កម្មករ និយោជិត បម្រើ​ការងារ​នៅ​រោងចក្រ​ និង​អ្នកពាក់ព័ន្ធ​ទៅ​វិភាគ​រក​មេរោគ​កូវីដ១។ ជា​លទ្ធផល​បញ្ជាក់ថា​មាន​បុគ្គលិក​កម្មករ និយោជិត​រោងចក្រ​ និង​អ្នកពាក់ព័ន្ធ​មាន​វិជ្ជមាន​មេរោគ​កូវីដ១៩ ជា​បន្តបន្ទាប់។

កាលពី​ថ្ងៃទី ៣ ខែ​ឧសភា លោក គួច ចំរើន ធ្លាប់បាន​បញ្ជាក់ថា ក្នុងអំឡុង​ផ្អាក​រោងចក្រ​នេះ​តម្រូវ​ឱ្យ​នាយក​រោងចក្រ​សហការ​ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ១៩ ដើម្បី​ផ្តល់​វត្ថុ​សំណាក​ដល់​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ ដើម្បី​វិភាគ​រក​មេរោគ​កូវីដ១៩​តាម​ការកំណត់។

លោក ចំរើន បាន​ថ្លែងថា៖ «ក្នុងករណី​លោក (នាយក​រោងចក្រ) មិន​អនុវត្តតាម​ការណែនាំ​ខាងលើ រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​ចុះ​អនុវត្ត​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន»។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​មិនអាច​សុំ​ការបញ្ជាក់បន្ថែម​ពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​តាម​រោងចក្រ​នោះទេ​ ដោយ​លោក​ថា​កំពុង​ជាប់រវល់​នៅ​ព្រឹក​ថ្ងៃនេះ។

ក៏ប៉ុន្តែ​បើតាម​របាយការណ៍​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី ៤ ខែឧសភា​នៅ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​វិជ្ជមាន​កូវីដ១៩​សរុប​ចំនួន ២ ០២៣ នាក់ អ្នកជា​សះស្បើយ​មាន ៨៥១ នាក់ ស្លាប់ ៦ នាក់ និង​កំពុង​សម្រាក​ព្យាបាល ១ ១៦៥ នាក់៕