ព្រះ​សី​ហនុៈ ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ ​បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​ចរា​ចរណ៍​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​ផ្លូវ​លេខ​ ១៤៦C​ ដែលត​ភ្ជាប់​ពីផ្លូវ​ជាតិ​លេខ​ ៤ ​ត្រង់​ចំណុច​ក្បែរ​​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ព្រះ​សីហនុ​ ​ទល់​នឹង​ឆ្នេ​រ​អូ​រត្រេះ​ ចាប់​ពី​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​​នេះ​ទៅ​ ​ដើម្បី​ជួស​ជុល​កែ​លម្អ​ឡើង​​វិញ​ ​បន្ទាប់​ពី​រ​ង​ការ​ខូចខាត​​ដោយ​សារ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​​នា​ដើម​រដូវ​វស្សា​នេះ​។​ យោង​តាម​សេច​ក្ដី​ប្រកាស​ចុះ​ថ្ងៃ​ទី​ ១៨​ ​ខែ ​មិថុនា ​ឆ្នាំ​ ២០១៩​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​​ម្សិលមិញ។

​សេច​ក្ដី​ប្រកាសបាន​បញ្ជាក់​ថា​៖​ «​ដើ​ម្បី​ស​ម្រួល​ដល់​ដំណើរ​ការ​ជួស​ជុល​ផ្លូវ​លេខ​ ១៤៦C​ នេះ​ ឲ្យ​ប្រព្រឹត្តទៅ​បាន​ដោយ​រលូន និង​ឆាប់​រហ័ស​ រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ ​សូម​ប្រកាស​ផ្អាក​ការ​ធ្វើ​ចរា​ច​រ​ណ៍​ លើ​កំណាត់​ផ្លូវ​លេខ​ ១៤៦​C​ ​ជា​បណ្ដោះ​​អាសន្ន ចាប់​ពី​ថ្ងៃ​ទី​ ២០​ ខែ​ មិថុនា​ ​ឆ្នាំ​ ២០១៩ ​នេះ​ត​ទៅ។​ ក្រោយ​ពី​កំណាត់​ផ្លូវ​នេះ​ ត្រូវ​បាន​ធ្វើកា​រ​ជួស​ជុល​និង​សាង​សង់​ចប់​ជា​ស្ថាពរ រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ ​នឹង​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ដូច​ធម្មតា​ឡើង​វិញ»។​​

​លោក​ ​ឃាង ​ភារម្យ​ ​អ្នក​នាំពាក្យ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ​ផ្លូវ​លេខ​ ១៤៦C ​ជា​ផ្លូ​វ​ក្រ​វាត់​ក្រុង មួយ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ​ ២០១៤ ​ក្នុង​គោល​បំណង​ជួយ​កាត់​បន្ថយ​ភាព​កក​ស្ទះ​ច​រាច​រ​ណ៍​ក្នុង​ក្រុង​ព្រះ​សីហ​នុ​ ​ដោយ​ផ្លូវ​នេះ​បាន​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ៤​ ​ត្រង់​ចំណុច​ក្បែរ​​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ព្រះសី​ហនុ​ ទល់​នឹង​ឆ្នេរ​អូរ​ត្រេះ ​មាន​ប្រវែង​ជាង ​៦ ​គីឡូម៉ែត្រ។​

​​លោក​​បញ្ជាក់​ថា​៖ ​«​បច្ចុ​ប្ប​ន្នផ្លូ​វ​នេះ​មាន​ភាព​ខូច​ខាត​ប្រមាណ​ ៧០​ ភាគ​រយ ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ការ​ជួស​ជុល​ កែ​លម្អ​ឡើង​វិញ​ ​ហើយ​ដើម្បី​សម្រួល​ដល់​ការ​ជួស​ជុល​ផ្លូវ​នេះ​ឡើង​វិ​ញ​ ​យើង​ចាំ​បា​ច់​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍លើ​កំណាត់​ផ្លូវ​នេះ​ ជា​បណ្ដោះ​​អាសន្ន»។​

លោ​ក​ភារម្យ​ ​បាន​បន្ត​ថា​ ​ដំណើ​កា​រ​ជួស​ជុល​ផ្លូវ​នេះ ​អាច​នឹង​ចំណាយ​ពេល​ត្រឹម​តែ ​៤​-​៥ ថ្ងៃ​ ឬ​យ៉ាង​យូរ ១​ សប្ដាហ៍​ នឹង​ត្រូវ​រួច​រាល់​ ​ប្រសិន​បើ​គ្មាន​ភ្លៀង​ធ្លាក់​ជា​ឧប​សគ្គ​នោះ​ទេ។​ ​ប៉ុន្តែ​​លោក​ ​ជ្រា​ ថា​រ៉ាវុ​ធ ​អនុប្រធាន​មន្ទីរ​សាធារ​ណ​កា​រ​ និ​ង​ ដឹក​ជញ្ជូន​​​ខេត្ត​ព្រះ​សីហនុ​ ​បាន​អះអាង​ដោយ​ផ្អែក​ទៅ​លើទំ​ហំ​នៃ​ការ​ខូច​ខាត​ថា ​ដំណើ​រការ​ជួស​ជុល​ផ្លូ​​វនេះ ​អាច​ប្រើ​រយៈពេល​យ៉ាង​តិច​ ២ ​សប្ដាហ៍​ទើប​រួច​រាល់ ​ហើយ​អាច​យូរ​ជាង​នេះ​ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់។​

​លោក​ ​ថា​រ៉ាវុ​ធ ​បាន​បញ្ជាក់​ទៀត​ថា​៖​ «​គ្រាន់​តែ​ចំណាយ​ពេល​ជីក​កាយ​ ដឹក​ដី​ចាក់​បំពេញ​ជង្ហុក ​និង​ឈូស​ឆាយ​ពង្រាប​ ​គឺ​យើង​ត្រូវ​ប្រើ​រយៈ​ពេល​យ៉ាងតិច​ជាង​ ១​ សប្ដាហ៍​ ​នេះ​មិន​ទាន់​រាប់​បញ្ជូល​ការចាក់​​គ្រួស​ ថ្ម ​និង​ស្រោច​ជ័រ​កៅស៊ូ​ពី​លើ​ផង»៕​​