ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​សម្រេច​មិន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ​ ដែល​ស្ថិតនៅលើ​ទីតាំង​ដី​ចំនួន​ ៥៨៤ ​ក្បាលដី​ ដែល​កាន់កាប់​ឯកសារ ដែល​គ្មាន​តម្លៃ​គតិយុត្ត​សម្រាប់​ប្រើប្រាស់ នៅ​សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ព្រមទាំង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​មិន​លើកលែង​ចំពោះ​ជន​ណា​ដែល​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​ ២៩ ខែមករា ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​បាន​ឱ្យ​ដឹងថា ទីតាំង​ដី​ចំនួន ៥៨៤ ​ក្បាលដី ​ត្រូវ​បាន​គណៈកម្មការ​រដ្ឋបាល​បាន​សម្រេច​មិន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ទេ ដោយហេតុ​ផល​ថា ប្រជាពលរដ្ឋ​មិនមាន​អាសយដ្ឋាន​អចិន្រៃ្តយ៍​នៅ​ទីនោះ ទីតាំង​ដី​គ្មាន​ទិន្នន័យ ដី​មានទំនាស់ និង ទីតាំង​ដី​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រលានយន្តហោះ​។

យោងតាម​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ​បាន​បញ្ជាក់ថា ឯកសារ​សម្គាល់​លេខ​-​ក្បាលដី​ (​ចុងសន្លឹក​) លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់ ដីធ្លី កិច្ចសន្យា​ទិញ-លក់​ដោយមាន​ប្រថាប់ត្រា​អាជ្ញាធរ​សង្កាត់ ឬ​ប្រថាប់ត្រា​មេធាវី ឬ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​ដីធ្លី​ជា លក្ខណៈ​ឯកជន (​រវាង​គូភាគី​) គំនូស​បង្ហាញ​ទីតាំង​ដី និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត រួម​នឹង​ក្បាលដី​ក្នុង​ប្លង់​សុរិយោដី​ចំនួន ៥៨៤ ​ក្បាលដី ដែល​គណៈកម្មការ​រដ្ឋបាល បានសម្រេច​មិន​ផ្តល់ជូន​ជា​កម្មសិទ្ធិ គឺជា​ឯកសារ​ដែល​គ្មាន​តម្លៃ​គតិយុត្ត​សម្រាប់​ប្រើប្រាស់ ឬ​ទាមទារ​សិទ្ធិ​លើ​​ដីធ្លី​នៅលើ​កោះរុង​នោះទេ​។

លោកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា រាល់​ការសម្រេច​របស់​អាជ្ញាធរ​ខេត្ត​គួរតែមាន​ការសម្រួល​គ្នា​បើសិនជា​ទីតាំង​ដី​របស់​ក្រុមហ៊ុន​ប៉ះពាល់​ទៅដល់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ព្រោះ​ទីតាំង​ដី​ដែល​ត្រូវបាន​វាស់វែង និង​មាន​លេខ​ក្បាលដី​ហើយ​នោះ គឺជា​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​បាន​កាន់កាប់​ប្រើប្រាស់​។

លោកស្រី​ថ្លែងថា​៖ «​ទម្រាំ​តែមាន​ការវាស់វែង​គឺមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ហើយ ទើប​បាន​ចេញ​លេខ​កូដ​ក្បាលដី ហើយ​នៅពេល​បិទ​ផ្សាយ​ទិន្នន័យ​បណ្តោះអាសន្ន​ក៏មាន​ការប្តឹងតវ៉ា និង​ប្តឹង​ជំទាស់​ដែរ ក្បាលដី​ខ្លះ​ត្រូវបាន​ប្តឹង​ដោយ​បរិស្ថាន​ត្រូវ​បាន​ប្តឹង​ដោយ​រដ្ឋបាល​ព្រៃឈើ និង​បាន​ដោះស្រាយ​គ្នា​រួចហើយ រវាង​ម្ចាស់​ក្បាលដី និង​ភាគី​ដែល​ប្តឹង​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ទំនាក់ទំនង​ពី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​បានទេ​។ ប៉ុន្តែ លោក យូ វាសនា តំណាង​ប្រជាពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា ប្រជាពលរដ្ឋ​នៅ​តំបន់​កោះរ៉ុង​មិនមាន​កាន់កាប់​ដី​ច្រើន​ហិកតា​ឡើយ ភាគច្រើន​មាន​តែ​កន្លះ​ហិកតា ឬ​ ១ ​ហិកតា​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​និយាយ​រួម​ទៅ​កន្ទេល​ធំ​បន្លំ​ដេក​ទាំងអស់​នៅ​កោះរ៉ុង អត់​មាន​ប្រជាជន​ណា​មាន​ដី​ច្រើន​ទេ ប្រជាជន​យ៉ាងច្រើន​ណាស់ ដី​គាត់​មាន​ត្រឹម​កន្លះ​ហិកតា ១ ​ហិកតា​ហ្នឹង​ធំ​បំផុត​ហើយ​»​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា មិន​ទទួល​ស្គាល់​លើ​ការផ្ទេរសិទ្ធិ ការទិញ-លក់ ជួល បញ្ចាំ ហ៊ីប៉ូតែក ប្រទានកម្ម​អច្ច័យទាន សន្តតិកម្ម ។​ល​។ និង​សិទ្ធិ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ទាំង ៥៨៤ ​ក្បាលដី និង​ដី​ដែល​កាន់កាប់​ខុសច្បាប់​ដទៃ​ផ្សេងទៀត លើកលែង​ក្បាលដី​ដែល​ត្រូវបាន​ចុះបញ្ជី​ដីធ្លី និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដោយ​រដ្ឋបាល​សុរិយោដី​រួចហើយ​។

លោក ឃាង ភារម្យ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រាប់​ឱ្យដឹងថា​ទីតាំង​ដី​ចំនួន ៥៨៤ ​ក្បាលដី​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង​ ៣០០ ​គ្រួសារ​។ រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ប៉ះពាល់​កម្មសិទ្ធិ​របស់​រដ្ឋ​ដូច​មាន​ក្នុង​មាត្រា ២៩៥ នៃ​ច្បាប់​ភូមិបាល និង​មាត្រា​ ៨១ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង ប្រើប្រាស់​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចេញ​ថ្ងៃទី​ ២៩ ខែមករា បញ្ជាក់ថា ទីតាំង​ដី​ស្ថិតនៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ជា​ប្រភេទ​ដី​កោះ​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អនុបយោគ​ពី​ដី​សាធារណៈ​របស់​រដ្ឋ មកជា​ដីឯកជន​របស់​រដ្ឋ​តាម​អនុក្រឹត្យ​លេខ ០៥ ​អនក្រ.បក ចុះ ថ្ងៃទី​ ២១ ខែ មករា ឆ្នាំ​ ២០០៨ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្រោម​លក្ខខណ្ឌ​ជួល​វិនិយោគ​៕

វីដេអូ៖