ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតណែនាំដល់ពលរដ្ឋជាង ៥០ គ្រួសារនៅក្រុងកោះរ៉ុងឱ្យចូលមកដាក់ឯកសារពាក់ព័ន្ធដើម្បីមានមូលដ្ឋានក្នុងការពិនិត្យស្រាវជ្រាវឱ្យបានច្បាស់លាស់លើការកាន់កាប់ដីធ្លីនៅទីតាំងនោះ ដែលពួកគាត់បានធ្វើការតវ៉ាកន្លងមក។
លិខិតចុះថ្ងៃទី ២៩ កញ្ញា បានតម្រូវឱ្យពលរដ្ឋយកឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីមកជូនរដ្ឋបាលក្រុងកោះរ៉ុងឱ្យបានមុនថ្ងៃទី ១៦ ខែតុលាជាកំហិតបើមិនដូចនោះទេរដ្ឋបាលខេត្តនឹងមិនទទួលពិនិត្យទៀតឡើយ។ ពលរដ្ឋត្រូវយកឯកសារពាក់ព័ន្ធរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី (លិខិតទិញ-លក់ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតផ្ទេរសិទ្ធិ និងវិញ្ញាបនបត្រអចលនវត្ថុ។ល។) ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោក ឃាង ភារម្យ ឱ្យដឹងថា កន្លងមកប្រជាពលរដ្ឋធ្លាប់ធ្វើការតវ៉ាទាមទារកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់ដែលកំពុងឈូសឆាយធ្វើការអភិវឌ្ឍដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ «អ៊ីចឹងបានយើងស្នើសុំឱ្យគាត់ដាក់លិខិត ឬក៏ឯកសារពាក់ព័ន្ធនានា ដែលគាត់បញ្ជាក់ថាជាដីរបស់គាត់ ដែលត្រូវបានគេរំលោភបំពានហ្នឹងឱ្យគាត់ដាក់ឯកសារទាំងអស់ហ្នឹងមកក្រុមការងាររដ្ឋបាលខេត្តដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ»។
កន្លងមករដ្ឋបាលខេត្តព្រះសីហនុបានព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះជនដែលនៅពីក្រោយខ្នងនៃការញុះញង់ឱ្យប្រជាពលរដ្ឋជាង ៥០ គ្រួសារធ្វើការតវ៉ាទាមទារកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបស្ថិតក្នុងភូមិសាស្ត្រកោះរ៉ុង និងកោះរ៉ុងសន្លឹម។
កាលពីថ្ងៃទី ២៧ ខែមិថុនា រដ្ឋបាលខេត្ដព្រះសីហនុបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ទីតាំងដែលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ធ្វើការឈូសឆាយនោះគឺមានទំហំដី ៣៥ ហិកតាជាដីដែលរាជរដ្ឋាភិបាលបានសម្រេចផ្តល់សិទ្ធិជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបរយៈពេល ៩៩ ឆ្នាំ តាំងពីឆ្នាំ ២០០៨។ សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា កាលពីឆ្នាំ ២០០៨ រាជរដ្ឋាភិបាលបានសម្រេចធ្វើអនុប្រយោគកោះរ៉ុងពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ និងបានអនុញ្ញាតឱ្យធ្វើការចុះបញ្ជីចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន ៣៦ បណ្ណក្នុងនោះមាន ៣០ បណ្ណ រាជរដ្ឋាភិបាលសម្រេចផ្តល់សិទ្ធិជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូអិលធីឌី រយៈពេល ៩៩ ឆ្នាំ។
មិនមានប្រភពទាក់ទងតំណាងពលរដ្ឋដើម្បីសុំការបញ្ជាក់លើបញ្ហានេះបានទេពីម្សិលមិញ៕