ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់ប្រជានេសាទសមុទ្រ និង ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយជលយានឲ្យផ្អាកសកម្មភាពនេសាទត្រីក្នុងលម្ហសមុទ្រ និងផ្ដល់សេវាកម្ម ដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលនិយមធ្វើដំណើរកម្សាន្តតាមប្រជុំកោះនានានៅក្នុងខេត្តនេះ ក្នុងរយៈពេល ៥ ថ្ងៃគឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែសីហានេះ។
សេចក្ដីអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ បានព្យាករថា សម្ពាធទាបសកម្មមួយដែលបានកើតឡើងនៅលើសមុទ្រចិនខាងត្បូងបានវិវឌ្ឍទៅជាវិសម្ពាធទាប និងកំពុងបង្កើនឥទ្ធិពលរបស់វាជាបន្តបន្ទាប់ទៅជាព្យុះទី ៣ ដែលមានឈ្មោះថា «ស៊ីនឡាគូ ( SINLAKU )»។
បើតាមការព្យាករ ឥទ្ធិពលនៃព្យុះនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន និងកើនឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែសីហានេះដែលធ្វើឲ្យតំបន់ជាប់ជួរភ្នំដងរែក ខ្ពង់រាបឦសាននឹងតំបន់មាត់សមុទ្រអាចប្រឈមទៅនឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅក្នុងលំហនៃផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកធំៗដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជានេសាទសមុទ្រ និងអ្នកនិយមធ្វើដំណើរកម្សាន្តតាមសមុទ្រ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភ្លៀងនៅតែបន្តធ្លាក់ ហើយនៅក្នុងលម្ហនៃផ្ទៃសមុទ្រខេត្តព្រះសីហនុ មានរលកធំៗ និង ខ្យល់បក់បោកខ្លាំងដែលធ្វើឲ្យទូកទេសចរណ៍ចំនួន ៣ គ្រឿងដែលចតនៅចោលនៅតាមបណ្ដោយឆ្នេរនៃកោះរ៉ុងសន្លឹម ស្ថិតក្នុងក្រុងកោះរ៉ុងបានលិច។
លោកថ្លែងថា៖ «ប៉ុន្តែនៅលើទូកទាំង ៣ នោះគ្មានមនុស្សជិះទេ។ នៅពេលនេះប្រជាពលរដ្ឋ និង ក្រុមអាជីវករផ្នែកសេវាទូកទេសចរណ៍ ព្រមទាំងអាជ្ញាធរមូលដ្ឋានបាននាំគ្នាជួយអូស និងស្ដារទូកទាំងនោះបានមកវិញហើយ»។
លោក ភារម្យ បានឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ ទូកទេសចរណ៍មួយដែលមានផ្ទុកមនុស្ស ១៥ នាក់ត្រូវបានរលកសមុទ្របោកពន្លិចនៅចំណុចកោះរ៉ុង ប៉ុន្តែក្នុងហេតុការណ៍នោះមិនមានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ ឬបាត់បង់ជីវិតនោះទេ ដោយសារមានការជួយអន្តរាគមន៍សង្គ្រោះពីក្រុមឆ្មាំសមុទ្ររបស់លោកឧកញ៉ា ទៀ វិចិត្រ និងប្រជានេសាទសមុទ្រ។
លោក ភារម្យ បានបញ្ជាក់ថា៖ «ដោយសារករណីនេះ រដ្ឋបាលខេត្តព្រះសីហនុយើងបានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ សូមផ្អាកការធ្វើដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលនេះ បើមិនមានការចាំបាច់»។
បើតាមការប្រាប់ឲ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ នៅពេលនេះកំណាត់ផ្លូវលេខ ១៤៦B ត្រង់ចំណុចស្ពានទី ៥ និងស្ពានទី ៨ បានបាក់ស្រុតស្ទើរមួយចំហៀងផ្លូវ ដោយសារទឹកភ្លៀងហូរច្រោះកាលពីយប់ថ្ងៃសៅរិ៍ ហើយនៅពេលនេះអាជ្ញាធរបានសម្រេចធ្វើការហាមឃាត់ការធ្វើចរាចរណ៍លើកំណាត់ផ្លូវនេះជាបណ្ដោះអាសន្ន។
លោក ភារម្យ ថា អាជ្ញាធរបានសម្រេចបិទការធ្វើចរាចរណ៍លើផ្លូវនេះជាបណ្ដោះអាសន្នក្នុងអំឡុងពេលនេះដោយឲ្យអ្នកដំណើរវាងតាមផ្លូវជាតិលេខ ៤៕