
សមត្ថកិច្ចត្រួតពិនិត្យការចេញ-ចូលតំបន់បិទខ្ទប់នៅខេត្តព្រះសីហនុ នាពេលកន្លងមក។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យការអនុវត្ដពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ក្នុងសេចក្តីសម្រេចចុះហត្ថលេខាដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ១១ ខែឧសភា បានឲ្យដឹងថា សមាសភាពក្នុងគណៈកម្មការថ្មីនេះមានលោក គង់ វិតាណៈ អភិបាលរងខេត្តជាប្រធាន និងមានអនុប្រធាន ៤ រូបក្នុងនោះមានលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានសមាជិក ៨ រូប ជាអភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធនានា។
ក្នុងសេចក្តីសម្រេចលោក គួច ចំរើន បញ្ជាក់ថា គណៈកម្មការត្រូវធ្វើការត្រួតពិនិត្យការអនុវត្តពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងវិធានការ សុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «គណៈកម្មការមានភារកិច្ច ត្រួតពិនិត្យការអនុវត្តពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរព ដោយចេតនានូវវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ដែលបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
ជាមួយគ្នានោះត្រូវត្រួតពិនិត្យការបំពេញការងាររបស់ក្រុមការងារ អនុវត្តពិន័យអន្តរការណ៍នៅតាមក្រុង ស្រុកនីមួយៗដែលមានកំណត់នៅក្នុងច្បាប់ជាធរមាន។
លោក គួច ចំរើន បានចាត់ឲ្យរដ្ឋបាលក្រុងកោះរ៉ុង រដ្ឋបាលស្រុកព្រៃនប់ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបាលស្រុកកំពង់សីលា រៀបចំបង្កើតក្រុមការងារអនុវត្តពិន័យអន្តរការណ៍នៅតាមភូមិរៀងៗខ្លួន ដោយត្រូវមានសមាសភាពចូលរួមពីមន្ត្រីសុខាភិបាល អធិការដ្ឋាននគរបាល មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្រុក និងដឹកនាំផ្ទាល់ដោយរដ្ឋបាលក្រុងស្រុកនីមួយៗ ។
ជាមួយគ្នានោះ ស្នងការនគរបាលខេត្តក្នុងឋានៈជាបញ្ជាការដឹកនាំកម្លាំងរួមក្នុងខេត្តព្រះសីហនុក៏ត្រូវបង្កើតក្រុមការងារអនុវត្តពិន័យ អន្តរការណ៍ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុជា ៤ ក្រុម ទៅតាមភូមិសាស្ត្រនៃសង្កាត់ទាំង ៤ ដោយមានសមាសភាពចូលរួមពីកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ដែលជាប្រធានក្រុមការងារជាមន្ត្រីនគរបាល និងអនុប្រធានក្រុមការងារមន្ត្រីកងរាជអាវុធហត្ថ។
លោក គួច ចំរើន បានប្រាប់ទៅសាមីខ្លួនដែលជាប្រធានអនុប្រធាន និងសមាជិក គណៈកម្មការថ្មីនេះរួមជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាព។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកនេះថា ក្នុងពេលកន្លងមកករណីគេចចេញពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក មាន ៤៣ នាក់ក្នុងនោះមានជនជាតិចិន ១ នាក់មិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស់មាន ១៦ នាក់ក្នុងនោះជនជាតិចិន ៣ នាក់។
ក្រៅពីនេះមានពលរដ្ឋខ្មែរគេចចេញពីទីតាំងធ្វើចត្តាឡីស័កមាន ២ នាក់ ត្រូវបានបញ្ជូនទៅតុលាការ ជនល្មើសវិធានការរដ្ឋបាលមានខ្មែរ ៤ នាក់ ត្រូវបានបញ្ជូនទៅតុលាការ អ្នកគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ មាន ៥ នាក់ក្នុងនោះមានខ្មែរ ២ នាក់ វៀតណាម ២ នាក់ និងចិន ១ នាក់។
លោកបញ្ជាក់ថា៖ «ការបង្កើតគណៈកម្មការថ្មីពេលនេះ គឺដើម្បីត្រៀមនៅក្នុងករណីដែលត្រូវអនុវត្តការពិន័យអន្តរកាណ៍លើបុគ្គលដែលល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល» ៕