The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រេច​បន្ត​រក្សា​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម រយៈពេល ១ សប្តាហ៍​បន្ថែម​ទៀត




រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រេច​បន្ត​រក្សា​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម រយៈពេល ១ សប្តាហ៍​បន្ថែម​ទៀត

Content image - Phnom Penh Post
លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កិច្ច​ប្រជុំពិ​ភាក្សា​ស្តីពី​ការ​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ កាលពីព្រឹកមិញ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រេច​បន្ត​រក្សា​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម រយៈពេល ១ សប្តាហ៍​បន្ថែម​ទៀត

ព្រះសីហនុ៖ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​សម្រេច​បន្ត​រក្សា​តំបន់​បិទខ្ទប់ និង​តំបន់​ក្រហម​ក្នុង​ក្រុង​ព្រះសីហនុ​រយៈពេល ១ សប្តាហ៍​បន្ថែម​ទៀត ដោយសារ​លទ្ធផល​នៃ​ការ​យក​សំណាក​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​ប្រជាពលរដ្ឋ​លើក​ទី២ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​​ក្រហម​នៅ​តែ​បន្ត​រក​ឃើញមាន​វិជ្ជមាន​កូវីដ ១៩។

ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កិច្ច​ប្រជុំពិ​ភាក្សា​ស្តីពី​ការ​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ ដែល​ជា​តំបន់​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្ដី​នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្ដ និង​ប្រធានមន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នៅ​ថ្ងៃ​អង្គារ ថ្ងៃទី ៤ ខែ​ ឧសភា ឆ្នាំ ២០២១ នេះ។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែង​ថា អង្គ​ប្រជុំ​បាន​សម្រេច​បន្ត​រក្សា​តំបន់​បិទខ្ទប់ និង​តំបន់​ក្រហម​ក្នុង​ក្រុង​ព្រះសីហនុ​រយៈពេល ១ សប្តាហ៍​បន្ថែម​ទៀត ដោយសារ​មូលហេតុ​លទ្ធផល​នៃ​ការ​យក​សំណាក​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​ប្រជាពលរដ្ឋ​លើក​ទី២ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម​នៅ​តែ​បន្ត​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ ១៩ នៅ​ឡើយ។

លោក​បាន​ថ្លែង​ថា៖ «តំបន់​ក្រហម​នៅ​ក្រុង​ព្រះសីហនុ​មាន​ចំនួន ៥ ភូមិ គឺ​រាប់​ចាប់​ពី​ភូមិ ១ រហូត​ដល់​ភូមិ ៥ នៅ​ក្នុង​សង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ។ ស្មារតី​អង្គ​ប្រជុំ គឺ​បាន​សម្រេច​បន្ត​ការ​បិទខ្ទប់​រយៈពេល ១ សប្ដាហ៍​បន្ថែម​ទៀត។ ចំពោះ​ព័ត៌មាន​ផ្លូវការ​រង់ចាំ​សេចក្ដី​សម្រេច​របស់​រដ្ឋបាល​ខេត្ដ​នៅ​ពេល​ដែល​សេចក្ដី​សម្រេច​ពី​មុន​នឹង​ចប់​ឱសានវាទ​នៅ​ថ្ងៃទី ៦ ខែ​ឧសភា​នេះ ហើយ​នៅ​ពេល​មាន​ការ​បន្ត​លិខិត​ថ្មី​នឹង​ចេញ​បន្ត​ទៀត»។

លោក គួច ចំរើន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ រដ្ឋបាល​ខេត្ដ​បាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​លក់​ដូរ​នៅ​តាម​ផ្ទះ ដូចជា​គ្រឿង​ឧបភោគ​បរិភោគ (សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ ១៩ អវិជ្ជមាន ២ ដង និង​មាន​លិខិត​បញ្ជាក់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត)។

ដោយ​ឡែក​ក្រៅ​តំបន់​បិទ​ខ្ទប់ ប្រជាពលរដ្ឋ​អាច​លក់​ដូរ​បាន​តែ​ត្រូវ​គោរព​តាម​ស្តង់ដា​វិធាន​សុវត្ថិភាព​ជា​ចម្បង ដូចជា ការ​ពាក់​ម៉ាស់ ការ​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម។

លោក​អភិបាល​ខេត្ដ​បញ្ជាក់​ថា រដ្ឋបាល​ខេត្ដ​នឹង​បន្ត​រឹត​បន្តឹង​អ្នក​ដែល​មិន​ពាក់ម៉ាស់ និង​រក្សា​គម្លាត ដោយ​ធ្វើ​ការ​ផាក​ពិន័យ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

បើ​តាម​លោក​អភិបាល​ខេត្ដ​ រដ្ឋបាល​ខេត្ត​ព្រះសីនុ​បាន​បង្កើត​ក្រុម​ការងារ​យក​សំណាក​ពី​ប្រជាពលរដ្ឋ​ជា ៣ ក្រុម គឺ​ក្រុម​ទី១ យក​សំណាក​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ពិសេស​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ ក្រុម​ទី២ យក​សំណាក​ក្រុម​គ្រួសារ​អាជីវករ និង​ក្រុម​ទី៣ ការ​យក​សំណាក​នៅ​វិមាន​ឯករាជ្យ​ស្ថិត​នៅ​សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ៕

អត្ថបទគួរចាប់អារម្មណ៍