ព្រះសីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃ​ចន្ទ ទី​ ១៣ ខែមករា បានស្នើ​ដល់​ពលរដ្ឋ​អាជីវករ​ដែលមាន​តូប​លក់ដូរ​នៅតាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​មួយចំនួន​ដែល​មិនទាន់​រុះរើ​តូប​ត្រូវ​សហការ​រុះរើ​តូប​ចេញ​ដោយ​ខ្លួនឯង​យ៉ាងយូរ​ត្រឹម​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​អាច​ឱ្យ​រដ្ឋបាល​ខេត្ដ​កែលម្អ​សោភណភាព​ឆ្នេរ​រក្សា​ទុកជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែង​កាលពី​ម្សិលមិញ​ថា ជា​គោលការណ៍​របស់​រដ្ឋបាល​ខេត្ដ គឺ​មិនមាន​ដំណោះស្រាយ​ណាមួយ​ដល់​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​ឆ្នេរសមុទ្រ​ជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ហើយ​ប្រជាពលរដ្ឋ​បានមក​ប្រកបរបរ​នៅលើ​ឆ្នេរសមុទ្រ​ជា​សម្បត្ដិ​របស់​រដ្ឋ​។

លោក ភារម្យ ថ្លែងថា ក្រុម​ការងារ​របស់​រដ្ឋបាល​ខេត្ដ-ក្រុងព្រះសីហនុ​នឹង​ចុះ​រុះរើ​តូប​ដែល​នៅ​សេសសល់​ក្នុង​សប្ដាហ៍​នេះ​។

លោក ភារម្យ ថ្លែងថា​៖ «​យើង​អត់​មាន​គោលការណ៍​នៃ​ការដោះស្រាយ សំណង​អ្វី​ជូន​ដល់​ពួកគាត់​ទេ (​ពលរដ្ឋ​ម្ចាស់​តូប​)​។ ទីតាំង​នេះ​ជា​ទីតាំង​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ ហើយ​ពលរដ្ឋ​មក​កាន់កាប់ លក់ដូរ​នៅលើ​ឆ្នេរសមុទ្រ​របស់​រដ្ឋ​។ ពេលនេះ​ជា​ពេលវេលា​ដែល​រដ្ឋ​ត្រូវ​ការធ្វើការ​កែលម្អ​ឆ្នេរ​នេះ​ឡើងវិញ​ដើម្បី​រៀបចំ​សោភណភាព​សណ្ដាប់ធ្នាប់​ទុកឱ្យ​សាធារណជន​មកលេង​កម្សាន្ត​»​។

លោក​​ ភារម្យ បន្ដថា រដ្ឋបាល​ខេត្ដ​សង្ឃឹម និង​ជឿជាក់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​បន្ដធ្វើ​អាជីវកម្ម​នៅលើ​ឆ្នេរ​អូរត្រេះ​ចូលរួម​សហការ​រុះរើ​តូប​ដោយ​ខ្លួនឯង​ដោយ​គិត​យក​ផលប្រយោជន៍​ជាតិ​ជាធំ ព្រោះ​ឆ្នេរសមុទ្រ​កម្ពុជា​ជា​ឆ្នេរ​ជាប់​ចំណាត់​ថ្នាក់​ឆ្នេរ​ស្អាត​ពិភពលោក​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​រដ្ឋបាល​ខេត្ដ​យើង​កំពុង​រៀបចំ​នេះ​គឺ​រៀបចំ​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ មិនមែន​ធ្វើ​សម្រាប់​ផលប្រយោជន៍​បុគ្គល​ណា​ម្នាក់​នោះទេ​»​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃ​ចន្ទ ទី​ ១៣ ខែ​មករា បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ ឆ្នាំ​ ២០១៩ រដ្ឋបាល​ខេត្ដ​ធ្លាប់​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ដល់​ម្ចាស់​តូប​ដែល​កំពុង​លក់ដូរ​នៅ​លើ​ឆ្នេរ​អូឈើទាល និង​ឆ្នេរ​អូត្រេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ ៤ និង​ភូមិ​ ៦ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ​ឱ្យ​រុះរើ​តូប រោង និង​ស្ដង់​លក់ដូរ​ចេញពី​លើ​ឆ្នេរ​ម្ដង​រួចហើយ​។

បន្ទាប់ពី​ទទួល​បាន​ការជូនដំណឹង ម្ចាស់​តូប​នៅ​ឆ្នេរអូ​ឈើទាល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដោយ​បាន​ធ្វើការ​រុះរើ​តូប រោង និង​ស្ដង់​លក់ដូរ​របស់​ពួកគាត់​ទាំង​ ១២៦ តូប​ជា​ស្ថាពរ​ដោយ​គ្មាន​ការតវ៉ា និង​គ្មាន​បង្ក​អំពើហិង្សា​អ្វី​ឡើយ ព្រមទាំង​ចូលរួម​ធ្វើការ​សម្អាត​ឆ្នេរ​ខ្សាច់​ឱ្យ​ស្អាត​ដូចដើម​ឡើងវិញ​ផងដែរ​។

ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​លក់ដូរ​នៅលើ​ឆ្នេរ​អូត្រេះ (​អូរត្រេះ​ ១ អូរត្រេះ​ ២) ​មួយ​ចំនួន​បាន​ចូលរួម​សហការ​ក្នុងការ​រុះរើ​តូប រោង និង​ស្ដង់​លក់ដូរ​របស់​គាត់​បាន​រួចរាល់ ប៉ុន្ដែ​នៅមាន​បងប្អូន​មួយ​ចំនួន​ទៀត​មិនទាន់​បាន​រុះរើ​នៅឡើយ​។

ដូច្នេះ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ស្នើសុំ​កិច្ចសហការ​ពី​ម្ចាស់​តូប​ដែល​កំពុង​បន្ត​លក់ដូរ​នៅលើ​ឆ្នេរ​អូរត្រេះ​ (​អូរត្រេះ​ ១ ​អូរត្រេះ​ ២) ​ត្រូវ​រុះរើ​តូប រោង និង​ស្ដង់​លក់ដូរ​ចេញ​។ ក្នុងករណី​មិន​អនុវត្ដ​តាម​សេចក្ដី​ជូនដំណឹង​នេះ​រដ្ឋបាល​ខេត្ដ​នឹង​អនុវត្ដ​វិធានការ​រដ្ឋបាល​រុះរើ​ដោយ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​សម្ភារ​ ឬ​បាត់បង់​ទ្រព្យសម្បត្ដិ​នោះទេ​។

រដ្ឋបាល​ខេត្ដ​បាន​បញ្ជាក់ថា​៖ «​នឹងមិន​អនុញ្ញាតិ​ឱ្យ​មាន​ការបន្ដ​លក់ដូរ​នៅលើ​ឆ្នេរ​អូ​ឈើទាល និង​អូរត្រេះ​តទៅទៀត​ឡើយ ព្រោះ​ត្រូវ​កែលម្អ​សោភណភាព​ឆ្នេរ រក្សា​ទុកជា​ឆ្នេរ​សាធារណៈ និង​ជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មក​ទស្សនា​កម្សាន្ត​។

លោក ទី អៀន អាជីវករ​មាន​តូប​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ​ដែល​ត្រូវបាន​រដ្ឋបាល​ខេត្ដ​ជូនដំណឹង​ឱ្យ​រុះ​រើចេញ​បាន​សម្ដែង​ការសោកស្ដាយ​ដោយ​រដ្ឋបាល​ខេត្ដ​បាន​ប្រកាន់​គោលជំហរ​ឱ្យ​ពលរដ្ឋ​ជា​អាជីវករ​នៅ​ឆ្នេរអូត្រេះ​ប្រមាណ​ ៦២ តូប​ឱ្យ​រុះរើ​ចេញ​ទាំង​មិនមាន​សំណង​ ឬ​ដំណោះស្រាយ​ណាមួយ​បែបនេះ ខណៈ​ដែល​ពលរដ្ឋ​បានមក​លក់ដូរ​ជិត​ ២០ ​ឆ្នាំ​កន្លងមកហើយ​។

លោក​ថ្លែងថា​៖ «​ពួកយើង​ចង់បាន​ការដោះស្រាយ​ពី​លោក​អភិបាលខេត្ដ​។ ប៉ុន្ដែ​យើង​ពិបាក​ណាស់ ព្រោះ​ការរុះរើ​នេះ​ជា​គោលជំហរ​របស់​ខេត្ដ​។ ថ្នាក់ដឹកនាំ​ខេត្ដ​ពួកគាត់​ប្រៀប​ដូច​ឪពុកម្ដាយ ប៉ុន្ដែ​ពួកគាត់​គ្មាន​ដំណោះស្រាយ គ្មាន​ផ្ដល់ឱកាស​ឱ្យ​ពលរដ្ឋ​ជួបពិភាក្សា​ជាមួយ​គាត់​ (​អភិបាលខេត្ដ​) ​សោះ​»​។ លោក អៀន ថ្លែងថា ជាគោលការណ៍​របស់​រដ្ឋបាល​ខេត្ដ​ពលរដ្ឋ​នឹង​អាច​ស្ដាប់​ទទួល​យក​បាន និង​ធ្វើតាម ប៉ុន្ដែ​ពលរដ្ឋ​សុំ​ដល់​រដ្ឋបាលខេត្ដ​វិញ​ថា​តើ​រដ្ឋ​មាន​គោលការណ៍​អ្វី​ចំពោះ​ពលរដ្ឋ​ដែល​បានមក​រស់នៅ​ជិត​ ២០ ​ហើយ​៕