មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ស្នើក្រសួងមហាផ្ទៃកាត់ឆ្កៀលដីទំហំជាង ៣ ពាន់ហិកតា ចេញពីតំបន់ដែនជម្រកសត្វព្រៃណាំលៀរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលច្រកទ្វារព្រំដែនថ្មី។
យោងតាមលិខិតមួយច្បាប់ដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ៥ ខែកុម្ភៈ ដែលទើបត្រូវបានចែកចាយជាសាធាណៈកាលពីថ្មីៗនេះ បានឲ្យដឹងថា ផ្ទៃដីដែលបានស្នើសុំនេះ នឹងរៀបចំជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសជាប់ព្រំដែន ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិពូលុ (វ៉ាល់យោង) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លិខិតនោះ បានបញ្ជាក់ថា៖ «ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ រដ្ឋបាលខេត្តសូមគោរពស្នើសុំគោលការណ៍ ដើម្បីគ្រប់គ្រង រក្សាការពារផ្ទៃដីទំហំ ៣ ២៦១,៣៦ ហិកតា ឲ្យបានគង់វង្សចៀសវាងបាត់បង់ដោយសារការរំលោភបំពានកាប់ទន្ទ្រានរុករានហ៊ុមព័ទ្ធយកដីព្រៃធ្វើជាកម្មសិទ្ធិពីសំណាក់ជនអនាធិបតេយ្យដោយខុសច្បាប់»។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងក្នុងលិខិតនោះថា ទីតាំងរដ្ឋបាលច្រកទ្វារព្រំដែនទ្វេភាគីណាំលៀរបច្ចុប្បន្ន ត្រូវបានហ៊ុមព័ទ្ធដោយដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិ ឲ្យក្រុមហ៊ុនកូវីផាម៉ាវិនិយោគលើដំណាំកៅស៊ូ មានលក្ខណៈតូចចង្អៀតមិនអាចរៀបចំជាតំបន់រដ្ឋបាលឲ្យបានសមរម្យឡើយ ការធ្វើដំណើរចេញចូលត្រូវឆ្លងកាត់តាមដីចម្ការកៅស៊ូរបស់ក្រុមហ៊ុនដែលតែងតែមានការប៉ះពាល់នានាកើតឡើងជាបន្តបន្ទាប់។
លោកបញ្ជា្កក់ថា៖ «ផ្អែកតាមស្ថានភាពបែបនេះ រដ្ឋបាលខេត្តបានគ្រោងសុំរក្សាផ្ទៃដីមានទំហំសរុប ៣ ២៦១,៣៦ ហិកតា កាត់ឆ្វៀលចេញពីដែនជម្រកសត្វព្រៃណាំលៀរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងស្នើសុំប្តូរទីតាំងច្រកទ្វារព្រំដែនចាស់ មកទីតាំងថ្មីវិញ ដែលមានចម្ងាយប្រមាណជាង ០២ គីឡូម៉ែត្រ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលច្រកទ្វារព្រំដែនឲ្យមានភាពល្អប្រសើរ និងរៀបចំប្រែក្លាយបង្កើតជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស»។
លោក ស្វាយ សំអ៊ាង បានអះអាងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលច្រកទ្វារព្រំដែនថ្មីនេះ នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន ក្នុងការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ព្រំដែនមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
តាមលិខិតរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា ទំហំដីដែលបានស្នើសុំនេះ នឹងរៀបចំជាសំណង់អគាររដ្ឋបាល ទីស្នាក់ការច្រកទ្វារត្រួតពិនិត្យ បង្កើតតំបន់ទីផ្សារ ឃ្លាំងផ្លាស់ប្តូរទំនិញ និងកសិផលនានា តំបន់ឧស្សាហកម្ម តំបន់លំនៅឋានប្រជាពលរដ្ឋតាមព្រំដែន តំបន់កសិកម្មចម្រុះ។
បន្ថែមពីនេះ រដ្ឋបាលខេត្តក៏គ្រោងរៀបចំមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប សណ្ឋាគារ កាស៊ីណូ ឃ្លាំងស្តុកទំនិញ ស្ថានីយចម្រោះទឹកស្អាត កសិដ្ឋានបណ្តុះ និងដាំស្តារព្រៃឡើងវិញជាដើម។ នេះបើតាមលិខិតស្នើសុំដដែលនេះ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា សំណើនេះ គឺមិនទាន់មានសេចក្តីសម្រេចពីថ្នាក់លើនោះទេ ខណៈលោកបានទទួលព័ត៌មានដែរថា ថ្នាក់ខេត្តបានស្នើដីជាង ៣ ពាន់ហិកតានេះ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលច្រកទ្វារព្រំដែនថ្មី។
លោកបន្តថា៖ «ច្រកព្រំដែនចាស់ គឺមានតែមិនទាន់មានទីវាលសម្រាប់ធ្វើហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលច្រកទ្វារព្រំដែនធំ ដោយសារតែតំបន់នេះ ជាតំបន់ដែលមានការគ្របដណ្តប់ដោយក្រុមហ៊ុនកៅស៊ូបារាំង។ ភាពជាក់ស្តែងដែលខ្ញុំមើលឃើញគឺ បើចង់ពង្រីកបន្ថែមនៅកន្លែងចាស់ គឺប៉ះពាល់ដល់ដីរបស់ក្រុមហ៊ុន»។
យ៉ាងណា លោក កែវ សុភគ៌ ទទួលស្គាល់ថា បើសិនជាមានការសម្រេចពីប្រមុខរដ្ឋាភិបាលឲ្យមានការអភិវឌ្ឍតំបន់នោះពិតមែន គឺពិតជាមានការប៉ះពាល់នូវធនធានធម្មជាតិ ដែលទាមទារឲ្យមានការសិក្សាបន្ថែមពីផលប៉ះពាល់នៃធនធានធម្មជាតិ ដែលកំពុងមានលើផ្ទៃដីជាង ៣ ពាន់ហិកតានេះ។
លោក ខៀវ សុភក៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាចសុំការអត្ថាធិប្បាយបានជុំវិញបញ្ហានេះទេ ដោយលោក សុំពេលស្រាវជ្រាវព័ត៌មានបន្ថែមទៀតសិន។
លោក គ្រើង តុលា អ្នកប្រឹក្សាបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី បានថ្លែងដោយយល់ឃើញថា បើរដ្ឋាភិបាលផ្តល់ការអនុញ្ញាត នោះមានន័យថា រដ្ឋាភិបាលចូលរួមឲ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារនេះ ខណៈធនធានទាំងនេះ កំពុងនៅមានតិចតួចបំផុត ហើយត្រូវបានអភិរក្សក្នុងតំបន់នេះ។
លោកបារម្ភថា សំណើនេះ ក៏ហាក់បង្កប់នូវភាពអាថ៌កំបាំង និងភាពមិនច្បាស់លាស់នោះដែរ ខណៈសំណើរបស់ខេត្តកន្លងទៅ គឺអ្នកដែលទទួលបានផលប្រយោជន៍ដ៏ច្រើនលើសលប់ គឺអ្នកមានលុយមានអំណាច។
លោកបញ្ជាក់ថា៖ «សំណើនេះ គឺមិនមានការស្មោះត្រង់នោះទេ ហើយបើមានការសម្រេចឯកភាពបែបនោះ ហាក់ដូចជាការបំផ្លាញដីធ្លី ធនធានធម្មជាតិដែលនៅសេសសល់ក្នុងដែនជម្រកនេះ។ ហើយវាក៏បានរំលោភលើសិទ្ធិរបស់ជនជាតិដើមភាគតិចផងដែរ ព្រោះកន្លែងនេះ គឺជាកន្លែងស្រែចម្ការវិលជុំរបស់ប្រជាពលរដ្ឋ»៕