សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​មួយ​កន្លែង​ជា​បណ្ដោះអាសន្ន ស្ថិត​នៅភូមិ​មណ្ឌល ៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បន្ទាប់​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៤ នាក់ កាល​ពី​ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​ទៅ​ផ្ដល់​សំណាក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃទី ២ ឧសភា។

រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ថា៖ «ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ ១៩ (នៅ​មន្ទីរ​ព្យាបាល​នេះ) ហើយ​ធ្លាប់​បាន​ចេញ​ និង​ចូល ចាប់​ពី​ព្រឹក​ថ្ងៃទី ២៩ ខែ​ មេសា ឆ្នាំ ២០២១ សូម​រួសរាន់​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់​ខាត»។

រដ្ឋបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ និង ០៧៧ ៧៨៩ ០០៧ ប្រសិន​បើ​មាន​ការ​ប្រែប្រួល​សុខភាព ដើម្បី​ក្រុម​ការងារ​ចាត់​វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើ​តេស្ត​ស្រាវជ្រាវ។

លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​បាន​ជំរុញ និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​សៀមរាប បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣ ការពារ ៣ កុំ និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ចត្តាឡីស័ក។

លោក​ថ្លែង​ថា៖ «បុគ្គល​ទាំង​ឡាយ​ណា​ល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ទទួល​ការ​ផ្តន្ទាទោស​ពិន័យ​អន្តរការណ៍ ឬ​ដាក់​ពន្ធនាគារ ដោយ​អនុលោម​តាម​ខ្លឹមសារ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន។ ស្នងការ​នគរបាល​ខេត្ត មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ក្រុង​សៀមរាប ប្រធាន​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ ចៅ​សង្កាត់​ស្លក្រាម និង​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប និង​ចូលរួម​សហការ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​នេះ ដោយស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់»។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​កាល​ពី​ថ្ងៃទី ២ ឧសភា បាន​ឲ្យ​ដឹង​ថា ខេត្ត​សៀមរាប គឺ​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៤៨ នាក់ ដោយ​មិន​ទាន់​មាន​ករណី​ស្លាប់​នោះ​ទេ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ២៦ នាក់ និង​ជា​សះស្បើយ​ចំនួន ២២ នាក់៕