សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានសម្រេចបើកការចេញ-ចូលឡើងវិញនៅតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងទីតាំងផ្សេងទៀតស្ថិតក្នុងភូមិសាស្ត្រក្រុងសៀមរាប បន្ទាប់ពីតំបន់ទាំងនោះបានវិលទៅរកភាពប្រក្រតីឡើងវិញពីជំងឺកូវីដ ១៩។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា រដ្ឋបាលខេត្តសម្រេចបើកចេញ-ចូលឡើងវិញ នៅតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ស្ថិតនៅភូមិមណ្ឌល ១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទីតាំងផ្ទះ អាជីវកម្មដ្ឋានចំនួន ៩ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ចាប់ពីថ្ងៃទី ១៤ ឧសភានេះតទៅ។
រដ្ឋបាលខេត្តបានឱ្យដឹងថា៖ «រដ្ឋបាលខេត្តសម្រេចបិទខ្ទប់តំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ស្ថិតនៅភូមិមណ្ឌល ១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទីតាំងផ្ទះចំនួន ៩ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១»។
រដ្ឋបាលខេត្តបន្តថា៖ «ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឱ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញនៅតំបន់ទាំងនោះ ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ។
រដ្ឋបាលខេត្តបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងត្រូវដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តប្រកាសបើកដំណើរការ និងទីតាំងពាក់ព័ន្ធទាំងនោះឡើងវិញ។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនយកចិត្តទុកដាក់ អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួនគឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣ កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
នៅក្នុងខេត្តសៀមរាបគិតត្រឹមថ្ងៃទី ១៤ ឧសភានេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ សរុប ចំនួន ៧៩ នាក់ បានព្យាបាលជាសះស្បើយចំនួន ២០ នាក់ ស្លាប់ ១ នាក់ និង ៥៨ នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕