សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប បាន​សម្រេច​បិទ​ការ​ចេញចូល​ជា​បណ្តោះអាសន្ន​ផ្សារ​ក្រោម​ស្ថិត​នៅ​ភូមិ​វិហារចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី បន្ទាប់​ពី​រក​ឃើញ​ករណី​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន​ម្នាក់​នៅ​ថ្ងៃទី ១២ ខែ​មេសា​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ចូល​ក្នុង​សហគមន៍ ២០ កុម្ភៈ​នេះ ខេត្ត​សៀមរាប បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ថ្មី ចំនួន​ម្នាក់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ នៅ​ថ្ងៃទី ១២ ខែ​មេសា នេះ​ជា​អ្នក​លក់​គ្រឿង​ក្រអូប​នៅ​ផ្សារ​ក្រោម រស់នៅ​ភូមិ​កក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ដែល​ឈ្មោះ​នេះ​បាន​ធ្វើ​ចត្តាឡីស័ក​ដោយសារ​ពាក់ព័ន្ធ​ជាមួយ​នឹង​បុរស​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ឈ្មោះ ពុធ សំអាត កាល​ពី​ថ្ងៃទី ៨ ខែ​មេសា និង​ជា​ករណី​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​បើក​រថយន្ត​តាក់ស៊ី។

គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត សម្រេច​បិទ​ផ្សារ​ក្រោម ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​បើក​ឡើង​វិញ ក្រោយ​ស្ថានភាព​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។

ជាមួយ​គ្នានេះ​ រដ្ឋបាល​ខេត្ត​សៀមរាប បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាង​លើ និង​អ្នក​លក់​ដូរ និង​អ្នក​ចេញចូល​ផ្សារ​ក្រោម​ចាប់​ពី​ថ្ងៃទី ២៤ ខែ​ មីនា ឆ្នាំ ២០២១ សូម​រួសរាន់​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់​ខាត។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្ត​បាន​រំឭក​ថា ប្រសិន​បើ​មាន​ការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុម​ការងារ​ចាត់​វិធានការ​ក្នុង​ការ​យក​សំណាក ដើម្បី​ធ្វើ​តេស្ត ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​នឹង​ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺងមាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល៕