សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១៣ មេសានេះ បានសម្រេចបិទផ្សារវត្តអធ្វារ ស្ថិតនៅភូមិក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាបថែមទៀត បន្ទាប់ពីបានបិទខ្ទប់ផ្សារក្រោមជាបណ្តោះអាសន្ន កាលពីថ្ងៃទី ១២ ខែមេសា ដោយសារតែតំបន់ទាំងនេះមានការឆ្លងរាលដាលជំងឺកូវីដ ១៩។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបិទខ្ទប់បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ការធ្វើដំណើរចេញចូល ពីលំនៅឋានមួយទៅលំនៅឋានមួយទៀត ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីដូចជា ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ អាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ពីការងារ មុខរបរ ឬអាជីវកម្មចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
ការធ្វើដំណើរទៅកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឲ្យបើកដំណើរការ ដោយអាជ្ញាធរមានសមត្ថកិច្ច ហើយការធ្វើដំណើរក្នុងគោលបំណងនេះ មិនឲ្យលើសពី ២ នាក់ឡើយ។
ការធ្វើដំណើទៅកាន់មន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់ ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះអាចធ្វើបាន ដោយមានការអនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការខ្ទប់ រួមនឹងចំណុចលើកលែងចាំបាច់ជាច្រើនទៀត។
សេចក្តីប្រកាសបន្តថា អំឡុងពេលនៃការបិទខ្ទប់ ត្រូវហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សលើកលែងតែក្នុងករណីចាំបាច់ ដូចជាការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ទីសំណាក់ជាមួយគ្នា។
ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរ មានសមត្ថកិច្ច។ ការជួបជុំ របស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀតជាដើម។ អំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ៕