កំពង់ឆ្នាំងៈ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​កាលពី​ម្សិលមិញ​បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​តុលាការ​ឲ្យ​ប្រគល់​ត្រាក់ទ័រ​ ២ ​គ្រឿង ​ដែល​ត្រូវបាន​កម្លាំង​យោធា​សឹក​រង​ស្រុក​ជលគិរី​ចាប់​រឹបអូស​ពី​អ្នកភូមិ ខណៈ​កំពុង​ភ្ជួររាស់​ដីស្រែ​របស់​ពួកគេ​កាលពី​ថ្ងៃទី​ ១៩ ខែ មេសា ឆ្នាំ​ ២០២០ ​ដោយ​សង្ស័យថា ជា​ដីព្រៃ​លិច​ទឹក​ដែល​ត្រូវបាន​ហាមឃាត់​។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​ថ្លែង​ពី​ថ្ងៃ​អង្គារ​ថា សំណើសុំ​ឲ្យ​ប្រគល់​ត្រាក់ទ័រ​ទៅ​ឲ្យ​អ្នកភូមិ​វិញ​នោះ​បាន​ធ្វើឡើង​ដោយយោង​លើ​លទ្ធផល​នៃ​ការចុះអនុវត្ត​យន្តការ​ត្រួតពិនិត្យ​នៅ​លើ​ទីតាំង​ដី​កើតហេតុ​ដោយផ្ទាល់​របស់​គណៈកម្មការ​ចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ជលគិរី កាលពី​ថ្ងៃ​ចន្ទ​ដែល​រកឃើញថា ដីស្រែ​នោះ​គឺ​ពិតជា​ដីស្រែ​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ជាង​ ២០ ​ឆ្នាំ​មកហើយ មិនមែន​ជា​ដីស្រែ​ដែល​ទើប​លួច​រុករាន​ថ្មី​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ឬ​ ២-៣ ​ឆ្នាំមុន​នោះទេ​។

លោក ឡា បញ្ជាក់ថា​៖ «​ឥឡូវ​គណៈកម្មការ​ចម្រុះ​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ដល់​ទីតាំង​ដីស្រែ​កើតហេតុ​នោះ ហើយ​រកឃើញ​ថា វា​ពិតជា​ដីស្រែ​ចាស់​ប្រាកដ​មែន ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ប្រគល់​ត្រាក់ទ័រ​ទាំងនោះ​ទៅ​ឲ្យ​ពួកគាត់​វិញ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​តុលាការ​ផងដែរ ព្រោះ​សំណុំ​រឿងនេះ​បាន​បញ្ជូន​ទៅ​ដល់ដៃ​អយ្យការ​ហើយ​»​។

ចំណែក​លោក លី ផល្លីន អភិបាលរង​ស្រុក​ជលគិរី​ដែល​បាន​ដឹកនាំ​ក្រុម​គណៈកម្មការ​ចម្រុះ​ចុះ​ស្រាវជ្រាវ​ពី​ប្រវត្តិ​ដី និង​ត្រួតពិនិត្យ​ដោយផ្ទាល់​នៅលើ​ទីតាំង​ដីស្រែ​កើតហេតុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយ​ពី​ពិនិត្យ​អង្កេត និង​សាកសួរ​អំពី​ប្រវត្តិ​ដី និង​សំអាង​ហេតុ​របស់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ក៏ដូចជា​មន្ត្រី​ជំនាញ ដីស្រែ​នោះ​គឺ​ពិតជា​ដីស្រែ​ដែល​ប្រជាពលរដ្ឋ​បាននិង​កំពុង​បន្ត​អាស្រ័យផល​តាំងពី​ឆ្នាំ​ ១៩៩៤ ​មក​ម្ល៉េះ​។

លោក​ ផល្លីន ថ្លែងថា​៖ «​ក្រោយ​រកឃើញ​ការពិត​ក្នុង​នាម​យើង​ជា​អាជ្ញាធរ ពិតជា​មាន​ការអៀនខ្មាស​ខ្លាំងណាស់​ដែល​បាន​ឃាត់ និង​រឹបអូស​ត្រាក់ទ័រ​របស់​ពួកគាត់ មិន​ឲ្យ​ភ្ជួរ​រាស់​ខណៈ​ការបង្កបង្កើន​ផល​ស្រូវ​ដើម​រដូវវស្សា​កំពុង​មកដល់​។ ដូច្នេះ​យើង​ត្រូវ​ប្រញាប់​ធ្វើ​លិខិត​បញ្ជាក់​ទៅ​តុលាការ​ដើម្បី​ស្នើសុំ​យក​ត្រាក់ទ័រ​ទាំងនោះ​ប្រគល់​ឲ្យ​ពួកគាត់​វិញ​ប៉ុណ្ណោះ​»​។

នៅ​ថ្ងៃទី​ ១៩ ខែមេសា ​ក្រុម​នគរបាល និង​យោធា​សឹក​រង​ស្រុក​ជលគិរី​បាន​សហការ​គ្នា​ចុះ​ល្បាត​ការពារ​សន្តិសុខ​នៅតាម​មូលដ្ឋាន​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពាមឆ្កោក ហើយ​ក៏បាន​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​មួយក្រុម​កំពុង​ភ្ជួរ​រាស់​ដីស្រែ​មួយកន្លែង​ដែល​សមត្ថកិច្ច​សង្ស័យ​ថា ជា​ដីព្រៃ​លិច​ទឹក​។

នៅពេល​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ស្នើសុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញារង លោក ឡុង ស៊ីថា ដើម្បី​ឃាត់​ទុកជា​បណ្ដោះអាសន្ន​នូវ​ត្រាក់ទ័រ​ទាំង​ ២ ​គ្រឿង​នោះ ប៉ុន្តែ​មិនបាន​ឃាត់ខ្លួន​ពលរដ្ឋ​ទាំង​នោះ​ទេ ដោយ​រង់ចាំ​ការស្រាវជ្រាវ​ជា​បន្តទៀត​។ នេះ​បើតាម លោក អ៊ាន វណ្ណី មេបញ្ជាការ​សឹករង​ស្រុក​ជលគិរី​កាលពី​ថ្ងៃ​អង្គារ​។

លោក​ថ្លែងថា​៖ «​ក្រោយ​ការឃាត់​ទុកជា​បណ្ដោះអាសន្ន​នូវ​ត្រាក់ទ័រ​យើង​បាន​ណែនាំ​ប្រាប់​ពួកគាត់​ថា សំណុំ​រឿងនេះ​យើង​នឹង​បញ្ជូន​ទៅ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​ហើយ​ឲ្យ​ពួកគាត់​ចាំ​ចូលទៅ​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​»​។

លោក​ថា ការពិត​ឥឡូវនេះ​សំណុំរឿង​នោះ​បាន​ផុតពី​ដៃ​ខ្ញុំ​ហើយ​។ ដូច្នេះ​បើសិន​ជា​គណៈកម្មការ​ចម្រុះ​រកឃើញ​ថា ជា​ដីស្រែ​ចាស់​របស់​ពលរដ្ឋ​នោះ ហើយ​បើ​តុលាការ​សម្រេច​ថា ត្រូវប្រគល់​ត្រាក់ទ័រ​ឲ្យ​ពួកគាត់​វិញ​ពេលណា​យើង​នឹង​ប្រគល់​ឲ្យ​ពួកគាត់​វិញ​នៅពេល​នោះ​ភ្លាម​»​។

លោក ឡុង ស៊ីថា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ថ្លែង​ពី​ម្សិលមិញ​ថា មកទល់​ពេល​នេះ​លោក​នៅ​មិនទាន់​ទទួល​បាន​ដំណឹង ឬ​ឯកសារ​បញ្ជាក់​ពី​ខាង​សមត្ថកិច្ច​ជំនាញ​ និង​អាជ្ញាធរ​មូលដ្ឋាន​ស្ដីពី​ការស្នើសុំ​ប្រគល់​វត្ថុតាង​ត្រាក់ទ័រ​ទាំង​ ២ ​គ្រឿង​នោះ​ទៅ​អ្នកភូមិ​វិញ​នៅឡើយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ករណីនេះ ខាង​សមត្ថកិច្ច​តុលាការ​យើង​កំពុង​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​ក្នុង​ពេល​បង្ក្រាប អ្នកបើក​ត្រាក់ទ័រ​បាន​រត់គេច​ខ្លួន​»​។ លោក​បន្តថា ទោះ​យ៉ាង​ណា​ក្ដី​បើសិន​គណៈកម្មការ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ដី​នោះ​ជា​ដីស្រែ​ចាស់​របស់​អ្នកភូមិ​មែន ហើយ​ដាក់សំណើ​មក​តុលាការ ដើម្បី​សុំ​នាំ​យក​វត្ថុតាង​ត្រាក់ទ័រ​ទាំង​ ២ ​គ្រឿង​នោះ​ទៅ​ប្រគល់​ឲ្យ​អ្នកភូមិ​វិញ​នោះ​តុលាការ​នឹង​ពិចារណា​ដោយ​ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់​៕