ភ្នំពេញៈ រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានផ្តល់​ពូជ​កូន​ត្រី​អណ្តែង និង​កូន​កង្កែប​ទៅដល់​ប្រជាពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៦ យកទៅ​ចិញ្ចឹម​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​។

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ជាង​ ៧ ​ខែ ​ដើម​ឆ្នាំ​ ២០២០ រដ្ឋបាល​ជលផល​បាន​នាំយក​កូនត្រី​អណ្តែង​សរុប​ ១៣៣ ០០០ ​ក្បាល និង​កូន​កង្កែប​ ៥៨ ៤០០ ​ក្បាល ​ចែកជូន​ពលរដ្ឋ​នៅតាម​ខេត្ត​គោលដៅ​ចំនួន​ ៦ គឺ​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី រតនគិរី កំពង់ស្ពឺ និង​ខេត្ត​កំពត​ក្នុង​ចំណោម​ខេត្ត​គោលដៅ​ចំនួន ១១​។

លោក​ថ្លែង​ថា​៖ «​អនុវត្តតាម​ការណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​លោក​នាយករដ្ឋមន្ត្រី​ស្តីពី​ការជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី និង​កង្កែប ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ក្នុង​ខណ:​ដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​កូវីដ​​ ១៩»​។

ជាមួយ​នឹង​ការចែកជូន​កូន​ត្រី​ និង​កង្កែប​នេះ រដ្ឋបាល​ជលផល​ក៏​បាន​ផ្តល់​នូវ​តង់​ចិញ្ចឹម និង​ចំណី​ដល់​ពលរដ្ឋ​ផងដែរ ដែល​ក្នុង​នោះ​ពលរដ្ឋ​ចំនួន ១៩០ ​គ្រួសារ​ ទទួល​បាន​កូនត្រី​អណ្តែង​ដោយ​ ១ ​គ្រួសារ​ទទួល​បាន​កូន​ត្រី​អណ្តែង​ ៧០០ ​ក្បាល និង​តង់​ ១​។ ចំណែក​ពលរដ្ឋ​ ១៤៦ ​គ្រួសារ​ ទទួល​បាន​កូន​កង្កែប ដោយ​គ្រួសារ​នីមួយៗ​ទទួល​បាន​កូន​កង្កែប​ចំនួន​ ៤០០ ​ក្បាល និង​តង់​ ១​។

បើ​តាម​លោក​រដ្ឋមន្ត្រី​ជា​បណ្តើរៗ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​ជលផល​នឹង​បន្ត​ចុះ​ចែក​កូន​ត្រី​អណ្តែង និង​កូន​កង្កែប​ជូន​ពលរដ្ឋ​តាម​បណ្តា​ខេត្ត​គោលដៅ​ផ្សេងទៀត​ឲ្យ​បាន​គ្រប់​ទាំង​ ១១ ​ខេត្ត​ឲ្យ​បាន​ឆាប់​ឲ្យ​ទាន់​រដូវភ្លៀង ដើម្បី​ចូលរួម​លើកកម្ពស់ និង​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ជូន​ពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ប្រើប្រាស់​ថវិកា​ដែល​ជា​ជំនួយ​របស់​លោក​ ហ៊ុន សែន ឲ្យ​មាន​តម្លាភាព សុក្រឹតភាព ប្រសិទ្ធភាព និង​ទទួល​បាន​ប្រសិទ្ធផល​ខ្ពស់​។

លោក កែន ហេង ជា​វារីវប្បករ និង​ជា​គ្រូបង្គោល​នៅក្នុង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ដែល​បាន​ចាប់ផ្តើម​បង្កាត់​ពូជ​ត្រី​ចំនួន​ ៥ ​ប្រភេទ​រួមទាំង​ត្រី​អណ្តែង ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ទទួល​បាន​ជោគជ័យ​លើ​អាជីព​ចិញ្ចឹម និង​បង្កាត់​ពូជត្រី​ចាប់​តាំងពី​ឆ្នាំ​ ២០០១ ​លើ​ផ្ទៃដី​សរុប​ ១,៧៥​ ហិកតា​ដែល​ក្នុង​ ១ ​ខែ​លោក​អាច​លក់​ចេញពី​ ៥ ​ទៅ​ ៦ ​ម៉ឺន​ក្បាល និង​អាច​រកចំណូល​បាន​ចន្លោះ​ពី​ ៤ ​ទៅ​ ៥ ​លាន​រៀល​ ក្នុង​ ១ ​ខែ​។

«​ចំណូល​ពី​ការចិញ្ចឹម និង​បង្កាត់​ពូជ​កូន​ត្រី​នេះ​បាន​ជួយ​លើកស្ទួយ​ជីវភាព​របស់ខ្ញុំ​បាន​ច្រើន​បើ​ប្រៀបធៀប​នឹង​មុនពេល​ខ្ញុំ​ប្រកប​ការងារ​នេះ ដោយ​ខ្ញុំ​មាន​លុយ​ទិញ​ដី មាន​លុយ​ឱ្យ​កូន​បាន​បន្ត​ការសិក្សា និង​ខ្ញុំ​មិនបាច់​ខ្ចីលុយ​អ្នកផ្សេង​មក​ចំណាយ​ក្នុង​គ្រួសារ​ដូច​មុន​ទៀត​»​។ លោក កែន ហេង បច្ចុប្បន្ន​កំពុង​តែ​ធ្វើការ​បង្កាត់​ពូជ​កង្កែប​ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់​លោក​បន្ថែម​ ១ ​មុខ​ទៀត​។

បើ​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ស្ពឺ ខេត្ត​នេះ​មាន​កន្លែង​បង្កាត់​ភ្ញាស់​កូន​ត្រី​ចំនួន​ ៣ ​កន្លែង និង​កន្លែង​បង្កាត់ និង​ភ្ញាស់​កូនកង្កែប​ចំនួន​ ៤ ​កន្លែង​៕