ភ្នំពេញៈ រដ្ឋបាល​ជលផល ​និង​អង្គការ​សត្វ​ព្រៃ ​និង​រុក្ខជាតិ​អន្តរជាតិ ​(FFI) ​បាន​ចេញ​គោលការណ៍​ណែនាំ​ ១០ ​ចំណុច​ ស្ដីពី​​ «​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា»​ ដើម្បី​ឲ្យ​ទេសចរជាតិ​ អន្តរជាតិ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​រួម​ទាំង​ប្រជា​នេសាទ​សមុទ្រ​ចូល​រួម​អនុវត្ត​លើក​ស្ទួយ​បរិស្ថាន​ក្នុង​តំបន់​ឆ្នេរ​ និង ​ប្រព័ន្ធ​អេកូឡូហ្ស៊ី​ក្នុង​បាត​សមុទ្រ។

លោក ​អ៊ុក ​វិបុល​ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ធនធាន​ជលផល​នៃ​រដ្ឋបាល​ជលផល ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​បាន​ចូល​មក​កម្សាន្ត​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ ជាមួយ​គ្នា​នេះ ការ​បោះ​ចោល​នូវ​កាក​សំណល់​​​ប្លាស្ទិក​ពាសវាល​ពាសកាល​នៅ​តាម​មាត់​ឆ្នេរ​ និង​ការ​ជាន់​ឈ្លី​លើ​ស្មៅ​សមុទ្រ ក៏​ដូច​ជា​ការ​កាច់​ផ្កាថ្ម​ក្នុង​បាត​សមុទ្រ​លេង ​​ក៏​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​មាន​ជា​ញឹកញាប់ និង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​។

លោក​បាន​បន្ត​ថា ​ដើម្បី​ចូលរួម​លើក​កម្ពស់​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ​រដ្ឋបាល​​ជលផល​ បាន​រួម​សហការ​ជាមួយ​អង្គការ ​FFI ចេញ​គោលការណ៍​ណែនាំ ១០ ​ចំណុច ​ដល់​ទេសចរ​ជាតិ​ និង​អន្តរជាតិ ​ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋ​ និង​ឯកជន ​ពិសេស​ប្រជានេសាទ​ក្នុង​សហគមន៍​មូលដ្ឋាន​ឲ្យ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​បទប្បញ្ញតិ្ត​នៃ​តំបន់​ការពារ​ធនធាន​សមុទ្រ​។

លោក​បាន​បញ្ជាក់​ថា៖​ «គោលការណ៍​ណែនាំ​ ១០ ​ចំណុច​នោះ ​គឺ​ហាម​ប្រាម​ការ​ដើរ​ជាន់ ​ឬបោះ​យុ​ថ្កា​លើ​ផ្កា​ថ្ម ​កាច់​ និង​ជួញដូរ​ផ្កា​ថ្ម​គ្រប់​ប្រភេទ ​ពិសេស​ក្នុង​តំបន់​​ការពារ ​និង​គ្រប់គ្រង​ធនធាន​សមុទ្រ​ ព្រោះ​ពួក​វា​មាន​ការ​ធំ​លូតលាស់​យ៉ឺត​បំផុត។ ហាម​ប៉ះពាល់​សត្វ​សមុទ្រ​ដូច​ជា កាំប្រមា​សមុទ្រ ​ល្មិច...និង​ពពួក​ពពុះ​ទឹក ដែល​អាច​បង្ក​ផល​ប៉ះពាល់​​​ធ្ងន់ធ្ងរ​​​ដល់​សុខភាព ព្រោះ​ពួក​វា​មាន​ជាតិ​ពុល និង​រមាស់»។​

លោក​បាន​បន្ថែម​ថា៖ ​«ហាម​ដាច់​ខាត​ការ​មុជ​ហែល​លេង​​នៅ​ក្បែរ ​ឬ​ចាប់ និង​ជួញដូរ​នូវ​ប្រភេទ​សត្វ​សមុទ្រ​ដែល​កម្រ​ និង​កំពុង​​រងគ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ ដូចជា ប្រភេទ​ត្រី​បាណន់​គីង្គក់​។ ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​ហាម​ប្រើប្រាស់​ឧបករណ៍​បាញ់​​ត្រី ការ​ចោល​សំរាម​ និង​កាក​សំណល់​ផ្សេងៗ ​ពិសេស​ថង់​ប្លាស្ទិក​តាម​តំបន់​ឆ្នេរ និង​ក្នុង​តំបន់​ការពារ​ធនធាន​សមុទ្រ»​។

យោង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​​រដ្ឋបាល​ជលផល​ តំបន់​ការពារ ​និង​គ្រប់គ្រង​ធនធាន​សមុទ្រ​នៅ​កម្ពុជា​ មាន​ចំនួន ​៧ ​ទីតាំង​ក្នុង​នោះ​នៅ​ខេត្ត​កែប​ មាន​ ​១ ទីតាំង ​ដែល​មាន​ផ្ទៃដី​ជាង ​១ ម៉ឺន​ហិកតា លាត​សន្ធឹង​ចាប់​ពី​ប្រជុំ​កោះពោធិ៍ ដល់​ប្រជុំ​កោះ​ទន្សាយ​ និង​នៅ​ខេត្ត​ព្រះសីហនុ ​មាន ​១ ​ទីតាំង ​ដែល​មាន​ផ្ទៃដី​ជាង ៤ ម៉ឺន​ហិកតា លាត​សន្ធឹង​ចាប់​ពី​ប្រជុំ​កោះ​រ៉ុង​ដល់​កោះ​រ៉ុង​សន្លឹម។ ប៉ុន្តែ​តំបន់​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​បរិស្ថាន​សម្រេច​បង្កើត​ជា​ឧទ្យានជាតិ​សមុទ្រ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​រួមគ្នា​រវាង​មន្ត្រី​បរិស្ថាន​ និង​រដ្ឋបាល​ជលផល​។

ដោយ​ឡែក​ ៥ ​ទីតាំង​ផ្សេង​ទៀត ​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​នៅ​ឡើយ។​ ក្នុង​នោះ​នៅ​ខេត្ត​កំពត​ គ្រោង​នឹង​បង្កើត ​១ ​កន្លែង ​ក្នុង​តំបន់​ប្រជុំ​កោះ​ត្រពាំង​ល្ពៅ ​ដែល​មាន​ផ្ទៃ​ដី​ប្រមាណ ​៨ ០០០ ​ហិកតា។​ នៅ​ខេត្ត​ព្រះសីហនុ​គ្រោង​នឹង​បង្កើត ​១ ​កន្លែង​ទៀត ​ក្នុង​តំបន់​រាម ​ខណៈ​នៅ​ខេត្ត​កោះកុង ​គ្រោង​បង្កើត ​៣ ​ទីតាំង ដែល​រួមមាន​ នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ស្ដេច ១ ទីតាំង ​ប្រជុំ​កោះ​កាពិ និង​ពាម​ក្រសោប ​១ ​ទីតាំង ​និង ​នៅ​កោះ​កុងក្រៅ ១ ​ទីតាំង។

ច្បាប់​នៃ​អនុសញ្ញា​សមុទ្រ​តម្រូវ​ឲ្យ​មាន​វិធីសាស្រ្ត​បង្ការ​ទុក​ជា​មុន​ដែល​គិតគូរ​​ពី​ផល​វិបាក​នៃ​សកម្មភាព​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព ​និង​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​សមុទ្រ​។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ FFI បាន​បង្ហាញ​ថា​ សត្វ​មាន​ជីវិត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សមុទ្រ គឺ​មាន​ភាព​ចាំបាច់​ខ្លាំង​ណាស់ សម្រាប់​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ឲ្យ​មាន​សុខភាព​ល្អ ​និង​គាំទ្រ​ដល់​ជីវិត​ទាំង​អស់​នៅ​លើ​ផែនដី។​ សមុទ្រ​អាច​ផលិត​បាន​ច្រើន​ជាង ​៥០ ​ភាគរយ ​នៃ​អុកស៊ីហ៊្សែន​របស់​ពិភព​លោក និង​ជួយ​ស្រូប​យក​ការ​បំភាយ​កាបូន​ប្រមាណ​ជា ​៨៥ ​ភាគរយ ​និង​ច្រើន​ជាង ​៦០ ភាគរយ ​បាន​ផ្តល់​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​សម្រាប់​មនុស្ស​ជាង ១ ​ពាន់​លាន​នាក់​។

បើ​យោង​តាម​របាយការណ៍​នោះ បាន​បញ្ជាក់​ថា៖​ «ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ ​ដែល​មាន​សុខភាពល្អ​ នឹង​មាន​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភព​ផែនដី​ និង​ជីវិត​ទាំង​អស់​នៅ​លើ​វា ក្នុង​នោះ​រួម​ទាំង​ជីវិត​មនុស្ស​ផង​ដែរ»​៕