The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋ​បាល​ជល​ផល​ ប្រកាស​បិទ​រដូវ​នេសាទ

រដ្ឋ​បាល​ជល​ផល​ ប្រកាស​បិទ​រដូវ​នេសាទ

Content image - Phnom Penh Post
ទូក​អ្នក​នេសាទ​ កំពុង​នេសាទ​នៅ​ទន្លេ​សាប​ក្នុង​ខណ្ឌ​ឫស្សី​កែវ​កាល​ពី​ចុង​ឆ្នាំ​មុន​។ ហុង មិនា

រដ្ឋ​បាល​ជល​ផល​ ប្រកាស​បិទ​រដូវ​នេសាទ

ភ្នំពេញៈ រដ្ឋបាល​ជល​ផលនៃ​ក្រសួង​កសិកម្ម​រុក្ខាប្រ​មាញ់និ​ង​​នេ​សាទ បាន​ប្រកាស​បិទ​រដូវ​នេសាទ​ជា​អ្វី​ដែល​ស្ថាប័ន​នេះ​បា​ន​ពន្យល់​ថា​ ជាការ​រួម​ចំណែ​ក​ថែក​រក្សា និង​ការពារ​ធនធាន​ជលផល ឱ្យបាន​គង់​វង្ស​ខណៈ​ដែល​សម្ព័ន្ធ​អ្នក​នេសាទ​មើល​ឃើញ​ថា បទ​ល្មើស​នៅ​តែ​បន្ត​កើត​ឡើង​ជា​ហូរហែ។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបា​​ល​ជល​ផល ​កាល​ពីថ្ងៃ​អង្គារ​បញ្ជាក់​ថា ចាប់​ពីថ្ងៃទី ១ ខែ មិថុនា ដល់​ថ្ងៃ​ទី​ ៣០ ខែ​ កញ្ញា ដែន​នេសាទ​ទឹក​សាប​ ដែលស្ថិត​នៅខាង​ជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ​ នឹងត្រូវបាន​បិទ ដែល​មាន​ខេត្ត​ទាំង​អស់​ជុំវិ​ញ​បឹង​ទន្លេសាប និង​ខេត្ត​កំពង់​ចា​ម ត្បូង​ឃ្មុំ ក្រចេះ រតន​គិរី មណ្ឌល​គិរី ព្រះ​វិហារ ប៉ៃលិន ឧត្តរមាន​ជ័យ រាជធានី​ភ្នំ​ពេញ និង​ខេត្ត​កណ្តា​ល (ផ្នែក​ខាង​ជើង​ចតុ​មុខ)។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់ថា ចាប់​ពីថ្ងៃទី ១ ខែ​ កក្កដា ដល់​​ថ្ងៃ​​​ទី ៣១ ខែ តុលា ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិត​នៅខាង​ត្បូង​ខ្សែស្រប​ទន្លេ​ចតុមុខ ដែល​មាន​រាជធានី​ភ្នំពេញ (ផ្នែក​ខាង​ត្បូង​ចតុមុខ) ខេត្ត​ កណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ស្វាយរៀង។

ក្នុង​រដូវ​កាល​បិទ​នេសាទ​នេះ អ្នក​នេសាទ​អនុញ្ញាត​ឱ្យ​ប្រើតែ​ឧបករ​ណ៍នេសាទ​ជា​លក្ខណៈ​គ្រួសារ​ ដែល​មាន​ចែង​នៅ​ក្នុង​ប្រកាស​លេខ ៤៥៨ របស់​ក្រសួ​​ង​កសិកម្មរុក្ខា​ប្រមាញ់ និង​នេ​សា​ទ ឆ្នាំ ​២០១២ ហើយ​ឧបករណ៍​ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិន​អនុញ្ញាត​ឱ្យ​ប្រើ​​នោះ​ឡើយ។ ចំណែក​ ឧបករណ៍​មង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើ​តែប្រវែ​ង​​ ១០០ ម៉ែត្រ​​តែ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​​ដដែល​នេះ។

នៅក្នុង​សេចក្តី​ជូន​ដំណឹង​នោះ រដ្ឋបាល​ជលផល​​ក៏បាន​អំពាវនាវ​ដល់​អ្នក​នេសាទ​ទាំង​​អស់​ត្រូវ​អនុវត្ត​តាម​អនុសាស​ន៍​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មានចំនួន​​ ៧ ​ចំណុចឱ្យ​​បាន​ខ្ជាប់ខ្ជួ​ន និង​ជួយ​ការពារ​នូវ​តំបន់​អភិរក្ស​ជលផល​ឱ្យបាន​គង់​វង្ស ដើម្បី​រក្សាទុក​ពូជត្រី សម្រាប់​ប្រជា​​ជន​ខ្មែរ​ក្នុង​ជំនាន់​នេះ​ និង​នៅ​​ជំនាន់​ក្រោយៗ​ទៀត។

លោក ឡុង សុចេត ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា ប្រចាំ​ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា លោក​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​នេះ​ហើយ។ ជារៀង​រាល់​ឆ្នាំ នៅ​​ពេល​ជិត​ដល់រដូវ​បិទ​នេសា​ទ ​រដ្ឋបាល​ជលផល​តែង​តែជូនដំណឹង​មុន ហើយ​ការ​ជូន​ដំណឹ​ង​នេះ ​គឺត្រូវ​តាម​បែបបទ។ ច្បាប់​ហាមតែ​របរ​សិប្បកម្ម តែ​ការ នេសាទ​ជា​លក្ខណៈ​គ្រួសារ​ អនុញ្ញាត​ឱ្យ​ពេញ​រដូវ។

លោក​បញ្ជាក់​ថា​៖ «អ៊ីចឹង​អ្នក​រក​កំប៉ិក​កំប៉ុក​ គ្រាន់​តែចិញ្ចឹ​ម​​ពោះ​អី អត់​បញ្ហាទេ​។ គាត់​នៅ​រក​បាន​ដដែល»។

លោក ឡុង សុចេត បញ្ជាក់ថា​ ទោះ​បី​ជាមា​ន​​​ការបិទ​រដូវនេសាទ​ក៏ដោយក៏​នៅ​​តែ​មានអ្នក​នេសាទ​ត្រី​ខុស ច្បាប់​ដែល​ច្បាប់​បាន​ហាម​ឃា​ត់​​នៅ​ពេល​រដូវ​ត្រីពង ហើយ​​ទោះ​បី​​ជា​មាន​ការ​ចុះ​បង្រ្កាប​ពី​សមត្ថកិច្ច​ក៏ដោយ។

លោក ឡុង សុចេត បញ្ជាក់​ថា​៖ «អ្នក​ខុស​ច្បាប់​នៅតែ​រក នៅ​តែ​ទន្រ្ទាន។ ដល់​ពេល​រដូវ​បិទ (នេសាទ) ឈប់​ឱ្យ​ឈឹង​ វា​​អត់ទេ។ សមត្ថ​កិច្ច​ពេល​ទៅ​ប៉ះទៅ​ ធ្វើទៅ សមត្ថ​កិច្ច​ចេញ​មកវិញ ឯណោះ​ (ជន​ល្មើស) ដាក់ទៀត​ទៅ ធ្វើ​ទៀត​ទៅ។ អា​ហ្នឹង​ជាក់ស្តែង​ រាល់​ឆ្នាំ​ វា​អ៊ីចឹង​មែន»៕

អត្ថបទគួរចាប់អារម្មណ៍