ភ្នំពេញៈ រដ្ឋបាល​ជលផល​បាន​ប្រកាស​បើក​រដូវ​នេសាទ​សម្រាប់​ឆ្នាំ​ ២០១៩-២០២០ ចាប់ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​បាន​ណែនាំ​ឲ្យ​ការធ្វើ​អាជីវកម្ម​ក្រៅពី​លក្ខណៈ​គ្រួសារ​ត្រូវសុំ​ច្បាប់​អនុញ្ញាត​។

សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​ជលផល​ចុះ​ថ្ងៃទី​ ២៦ ខែកញ្ញា​ហើយ​ដែល​ទើបតែ​ឃើញ​ដាក់​បង្ហោះ​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា រដូវ​បើក​នេសាទ​ត្រូវបាន​កំណត់​ទៅតាម​រយៈពេល​ចន្លោះ​ពី​ ៥ ​ខែ​ទៅ​ ៨ ​ខែ​ដោយ​ផ្អែក​ទៅ​លើ​ទីតាំង​ដោយ​ក្នុងនោះ​ចាប់ពី​ថ្ងៃទី​ ១ ខែ​តុលា​ដល់​ថ្ងៃទី​ ៣១ ខែ​ឧសភា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​ខាង​ជើង​ស្រប​ទន្លេ​ចតុមុខ​ដែល​មាន​ខេត្ត​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប និង​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និង​ ១ ​ផ្នែក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល​ដែល​នៅ​ប៉ែក​ខាងជើង​ទន្លេចតុមុខ​។

ដោយឡែក ខេត្ត​ស្ទឹងត្រែង​គឺ​នឹង​បើក​ឲ្យ​ពលរដ្ឋ​អាច​ធ្វើការ​នេសាទ​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​តុលា​ដល់​ថ្ងៃទី​ ១ ​ឧសភា​។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា​៖ «​ចាប់​បើក​រដូវ​នេសាទ​ពីថ្ងៃ​ទី​ ១ ខែ​វិច្ឆិកា​ដល់​ថ្ងៃទី​ ៣០ ខែ​មិថុនា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​រួមមាន​ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និង​មួយ​ផ្នែក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល​ដែល​នៅ​ប៉ែក​ខាងត្បូង​ទន្លេ​ចតុមុខ​»​។

លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​បើក​នេសាទ​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​អាជីវកម្ម​នេសាទ​ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដែល​អនុញ្ញាត​នៅក្នុង​ដែន​នេសាទ​ទឹកសាប​។ ក្រៅ​ពីនេះ «​ការធ្វើ​នេសាទ​ត្រូវមាន​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នេសាទ​។ (​អ្នកធ្វើអាជីវកម្ម​) ​មាន​កាតព្វកិច្ច​បង់ពន្ធ និង​ថ្លៃឈ្នួល​នេសាទ​ជូន​រដ្ឋ និង​គោរព​តាម​បទបញ្ជា​ដែល​មាន​ចែង​ក្នុង​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​នេសាទ​»​។

លោក​បន្ត​ថា​ចំពោះ​អ្នក​នេសាទ​ដែល​មាន​បំណង​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ «​ម៉ាញ់​» នៅ​ដង​ទន្លេមេគង្គ និង​ទន្លេសាប​ក្នុង​ទីតាំង​ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ត្រូវ​មក​ទំនាក់ទំនង​ចុះឈ្មោះ​សុំ​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​នេសាទ​នៅ​តាម​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ពាក់ព័ន្ធ ដើម្បី​បាន​ប្រកប​មុខរបរ​នេសាទ និង​ទទួល​ការណែនាំ​ពី​សមត្ថកិច្ច​ជំនាញ​ជលផល​អំពី​បច្ចេកទេស និង​បទបញ្ជា​នានា​ដែល​ពាក់ព័ន្ធ​ដល់​ការធ្វើ​នេសាទ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ធនធាន​ជលផល​។

លោក ឱម សាវ៉ាត ​នាយកប្រតិបត្តិ​សម្ព័ន្ធភាព​ដើម្បី​ការអភិរក្ស​ធនធាន​ជលផល (FACT) ​ថ្លែង​ពី​ម្សិលមិញ​ថា តាមច្បាប់​ជលផល​ចាប់ពី​ថ្ងៃទី​ ១ ខែ​តុលា​ជា​រៀងរាល់​ឆ្នាំ រដូវ​បើក​នេសាទ​លក្ខណៈ​គ្រួសារ​បាន​ចាប់ផ្តើម បន្ទាប់ពី​ប្រកាស​បិទ​រយៈពេល​ ៣ ​ខែ​។

លោក​បន្ត​ថា ​ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​នៅក្នុង​ប្រទេស​ កម្ពុជា​ ក្នុង​ឆ្នាំ​នេះ​មាន​លក្ខណៈ​ខុសពី​ធម្មតា ដោយសារ​តែ​កម្ពស់​ទឹក​មាន​លក្ខណៈ​ឡើង​យឺត​ព្រោះ​ទើបតែ​មាន​ទឹក​នៅ​ចុងខែ​ ៨ ដើម​ខែ ៩ ចូល​ទៅក្នុង​បឹង​ដែល​រហូត​មក​ដល់​ពេល​នេះ​ចំនួន​ទឹក​នៅ​តែ​មាន​ការកើនឡើង​នៅ​ឡើយ ដូច្នេះ​លោក​បារម្ភ​ចំពោះ​ទិន្នផល​ដែល​អាច​នឹង​ទទួល​បាន​តិច​ជាង​ឆ្នាំមុន​។

លោក​ថា​៖ «​យើង​មិនអាច​វាយតម្លៃ​បានទេ​ចំពោះ​ទិន្នផល​ត្រី​នៅ​ឆ្នាំនេះ ព្រោះតែ​រដូវ​បើក​នេសាទ​ទើប​តែ​ចាប់ផ្តើម​។ ប៉ុន្តែ​បើ​និយាយ​ពី​លក្ខខណ្ឌ​ធម្មជាតិ យើង​ឃើញ​ថា​កម្រិត​កម្ពស់​ទឹក​ឡើង​មាន​លក្ខណៈ​យឺត​ទៅ​ហើយ ដែល​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី វា​បំផ្លាស់​ទី​ពី​បឹង​ទន្លេសាប​ទៅ​តំបន់​ទន្លេមេគង្គ​ដើម្បី​ពង​កូន​ (​យឺត​)​។ ដូច្នេះ​នៅ​ពេល​ចរន្តទឹក​ឡើង​យឺត វា​ធ្វើឲ្យ​ការបំផ្លាស់​ទី​របស់​ត្រី វា​ជួប​ផលលំបាក​ដែរ​។ ទី​២ យើង​ឃើញ​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​ក៏​ជា​ឧបសគ្គ​មួយ​ដែល​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការ​បំផ្លាស់ទី​របស់​ត្រី​»​។

លោក​ ឱម សាវ៉ាត បាន​អំពាវនាវ​ឲ្យ​មាន​ការទប់ស្កាត់​ឲ្យ​បាន​ក្នុង​រដូវ​បើក​នេសាទ​នេះ ចំពោះ​ការនេសាទ​ដោយ​ខុសច្បាប់​ដែល​ធ្វើឲ្យ​ទិន្នផល​ត្រី​កាន់តែ​ជួប​នូវ​វិបត្តិ​។

«​ចាប់​តាំងពី​រដ្ឋាភិបាល​លុប​ឡូត៍​នេសាទ​ទូទាំង​ប្រទេស​ចំនួន​ ២ ​ដង​កាលពី​ឆ្នាំ ២០០០ និង​ឆ្នាំ​ ២០១២ ​មក (​រដ្ឋាភិបាល​) ​បានកំណត់​អនុញ្ញាត​ឲ្យ​ធ្វើ​នេសាទ​តែ​លក្ខណៈ​គ្រួសារ​ទេ និង​ឲ្យ​សហគមន៍​នេសាទ​ហ្នឹង ដើរតួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​គ្រប់គ្រង​វិស័យ​ជលផល​ដោយ​រក្សាទុក​តែ​ដាយ​ខ្លះ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ជលផល​។ ប៉ុន្តែ​ធាតុពិត​នៃ​ការអនុវត្ត​ជាក់ស្តែង​គឺ​មាន​ជន​ឆ្លៀតឱកាស​នៅតែ​បន្ត​ប្រើ​ឧបករណ៍​ខុសច្បាប់​ផ្សេងៗ​ដោយ​កំបាំង​ពី​ភ្នែក​សមត្ថកិច្ច​ស្រប​ពេល​ដែល​ការការពារ​របស់​សហគមន៍​នេសាទ​នៅ​មាន​កម្រិត​»៕