ខេត្តសៀម​រាបៈ រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀម​រាប នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ឧសភា បាន​បញ្ជូន​សំណុំ​រឿង​​ទៅ​តុលាកា​រ ករណី​ចាប់​ឃាត់​គ្រឿង​ចក្រ [អេស្កា​វ៉ាទ័រ] ចំនួន ២​ គ្រឿង ដែល​បាន​ឈូស​ឆាយដីព្រៃ​ស្ថិតនៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​បឹង​មាលា ខណៈ​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ ទើប​តែ​ស៊ើប​ដឹងពី​​តម្រុយ​​អ្នក​ដែល​​ ​អះ​អាង​ថា ជា​ម្ចាស់​ដីនោះ​។

លោក ម៉ុង ប៊ុនលឹម នាយ​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាបប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧ ខែឧសភា​ថា កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ បានចុះ​ទៅ​ឃាត់​គ្រឿង​ចក្រ​ដែល​កំពុង​ឈូស​ឆាយ​ដី ស្ថិត​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំបឹង​មាលា ស្រុក​ស្វាយ​លើ កាល​ពី​រសៀល​ថ្ងៃទី​ ១៤​ ខែឧ​សភា ​ព្រោះដី​នោះ​ជាដី​ស្ថិត​ក្នុង​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ។

បើតាម​លោក ប៊ុនលឹម ពេល​កម្លាំ​ង​មន្ត្រីរដ្ឋ​បាល​ព្រៃឈើ​ចុះទៅ​ដល់​ឃើញ​នៅតែ​គ្រឿង​ចក្រ ចំណែក​មនុស្ស​បាន​រត់​គេច​ខ្លួន​បាត់​អស់ ហើយ​មន្ត្រី​ជំនាញ​ក៏បាន​ដឹក​យក​តែ​គ្រឿង​ចក្រ​យក​ទៅ​រក្សា​ទុក និង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​នៅ​ថ្ងៃ​ទី​ ១៧​ មេសា​។​

លោក​ថ្លែង​ថា៖ «យើងដាក់​រយៈ​ពេល​ ៣​០ ​ថ្ងៃ ដើម្បី​ស្រាវ​ជ្រាវ​រកម្ចាស់​គ្រឿង​ចក្រ និង​ម្ចាស់​ដី​ ឲ្យចេញ​មក​ដោះ​ស្រាយ​ចំពោះ​មុខ​ច្បាប់​។ បើលើស​ពីនេះ មិន​ឃើញ​មាន​អ្នក​ចេញមក​ដោះ​ស្រាយ​ទេ អាហ្នឹង​គឺផុត​ដៃយើ​ងខ្ញុំ​ហើយ ពេល​ហ្នឹង​ដល់​ពេល​តុលា​ការ​គេធ្វើ​តាម​នីតិវិធី​ម្តង​»។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ លោក ម៉ែន វុទ្ធី ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា នេះ​ថា គ្រឿង​ចក្រ​អេស្កា​រវ៉ាទ័រ​ចំនួន​ ២ គ្រឿង​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើយក​មករក្សាទុកនៅ​ស្នាក់ការសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយលើ ​ចំណែក​ម្ចាស់​គ្រឿង​ចក្រ និង​ម្ចាស់ដី​នោះ សមត្ថ​កិច្ចជំនាញ​ទើប​បាន​ស្រាវ​ជ្រាវ​ស្គាល់​អត្ត​សញ្ញាណ។

​លោក​ថ្លែងថា​៖ «យើង​ទើបតែ​ស្រាវ​ជ្រាវ​ដឹង​ពីសាវតា​របស់​ពួក​គាត់ខ្លះៗ​ ហើយ​បើតាម​ដឹង​ព័ត៌​មាន​គឺ គាត់ [ម្ចាស់​ដី] មិន​បាន​ទៅ​រំលោភ​យក​ដីទីនោះ​ទេ គឺគាត់​បាន​ប្រមូល​ទិញ​បន្តពី​គេ ដោយ​មាន​ឯកសារ​ស៊ីញ៉េពី​ភូមិ​ឃុំ។ អីចឹង​ពេល​ទិញ​បាន​ហើយ​ទើប​គាត់​ជួល​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​» ។

យ៉ាង​ណាក៏​ដោយ មេឃុំ​បឹង​មាលា លោក ហ៊ុន ហត្ថ ប្រាប់ ភ្នំ​ពេញ​ ប៉ុស្តិ៍​ នៅរ​សៀលថ្ងៃទី​ ១៧ ខែឧស​ភា​ថា លោក​មិន​បាន​​ដឹង​ពីរឿង​ចុះ​ហត្ថ​លេខា លើការ​ទិញ​លក់​ដី នៅភូ​មិ​ត្រពាំង​ឫស្សី ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ​នោះ​ទេ។

មិន​មាន​ប្រភព​ទាក់​ទង​ទៅ​ម្ចាស់​គ្រឿង​ចក្រ​ដើម្បី សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ​៕