កំពតៈ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​កំពត​បាន​ស្នើសុំ​ឲ្យ​មាន​​ការទទួលស្គាល់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចំពោះ​ការបង្កើត និង​ការគ្រប់គ្រង​តំបន់​ព្រៃ​សហគមន៍​ចំនួន​ ៣ ​កន្លែង​នៅ​ស្រុក​ឈូក និង​ស្រុក​ដងទង់ ខេត្តកំពត ដើម្បី​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់ និង​ដើម្បី​ឲ្យ​មាន​ការចូលរួម​ថែរក្សា​ដី​រដ្ឋ​បន្ថែមទៀត​។

តាម​របាយការណ៍​រដ្ឋបាល​ព្រៃឈើ សហគមន៍​ព្រៃឈើ​ដែល​ត្រូវបាន​បង្កើត​នោះ​រួមមាន សហគមន៍​ព្រៃឈើ​ភ្នំ​ខ្ពប​ក្នុង​ឃុំ​ព្រៃ​ថ្នង​,​សហគមន៍​ព្រៃឈើ​នារាយណ៍​ក្នុង​ឃុំ​នារាយណ៍​ដែល​ស្ថិតនៅ​ក្នុងស្រុក​ឈូក និង​សហគមន៍​ព្រៃឈើ​ជ្រោះ​គគីរដែក​ក្នុង​ឃុំ​ស្រែ​ជា​ខាងជើង​នៅ​ស្រុក​ដងទង់​។

លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ការបង្កើត និង​ការគ្រប់គ្រង​តំបន់​ព្រៃសហគមន៍​ទាំងនេះ​ជា​ផ្នែក​មួយ​ក្នុង​ការលើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍ ដើម្បី​អាច​ឱ្យ​គាត់​អាច​ប្រមូលផល​ពី​ធនធានធម្មជាតិ​ និង​ចូលរួម​ថែរក្សា​ដី​នៅ​តំបន់​នោះ​។ ជាមួយ​គ្នា​នេះ​នៅក្នុង​គម្រោង​ក៏បាន​ជំរុញ​ផ្នែក​ថវិកា​ក្នុង​ការទ្រទ្រង់​សហគមន៍ ការបង្កើត​មុខរបរ​បន្ថែម ដើម្បី​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​មាន​ជីវភាព​ប្រសើរ​ជាង​មុន​ផងដែរ​។

លោក​ថ្លែងថា​៖ «​សព្វថ្ងៃនេះ​ហាក់បី​ដូចជា យើង​សង្ឃឹម​តែ​ទៅលើ​សហគមន៍​។ អ្វីៗ​ (​ដី​រដ្ឋ​) ​ដែល​មាននៅ​សេសសល់​បច្ចុប្បន្ន​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​ មាន​ការរំលោភ​បំពាន​កាន់កាប់ ទោះបី​តំបន់​សហគមន៍​ដែល​បាន​បង្កើត​ហើយ​មាន​ប្រកាស​របស់​ក្រសួង​ហើយ​ក៏មាន​ការចេញ​លិខិត​ផ្សេងៗ​មក​ជាន់គ្នា​ដែរ​។ អ៊ីចឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទាមទារ​ឱ្យ​មាន​ការសម្របសម្រួល និង​បញ្ឈប់​ការអភិវឌ្ឍ​នៅ​កន្លែង​ដែល​មាន​ការចេញ​លិខិត​សម្គាល់​ដី​ជាន់គ្នា​»​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា សព្វថ្ងៃ​ប្រជា​សហគមន៍​បាន​ថែរក្សា និង​ទទួល​បាន​ផល​តែ​បន្ដិចបន្តួច​ប៉ុណ្ណោះ​ពី​ព្រៃ​សហគមន៍​របស់​ពួកគាត់​។ ​ដោយឡែក​ការគ្រប់គ្រង​ដី​រដ្ឋ​​ ឬ​ដី​សហគមន៍​លុះត្រា​មាន​ការជួយ​ថែរក្សា​ពី​ប្រជាសហគមន៍​ទើបបាន​គង់វង្ស​។

លោក​បញ្ជាក់ថា​៖ «​ការបង្កើត​ និង​ការគ្រប់គ្រង​តំបន់​ព្រៃ​សហគមន៍​គឺ​ដើម្បី​ថែរក្សា​ដីព្រៃ​តំបន់​សហគមន៍​ឱ្យបាន​គង់វង្ស​។ ​នៅ​តំបន់​ណាក៏ដោយ នៅពេល​មាន​សហគមន៍​ដំណើរការ​ល្អ​យើង​តែងតែ​ជំរុញ​លើក​ទឹក​ចិត្ដ​គាត់​។ ​បើ​តាមតែ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ និង​មន្ទីរ​យើង​មិនមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ថែរក្សា​ព្រៃឈើ​ទេ​។ ប៉ុន្ដែ​បើ​សហគមន៍​ជា​អ្នកមូលដ្ឋាន​ផ្ទាល់​ពួកគាត់​អាច​ជំនួសមុខ​ឱ្យ​អាជ្ញាធរ​ដែនដី​ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុង​ការការពារ​សម្បត្ដិ​ធម្មជាតិ​ក្នុង​ដែនដី​របស់​ពួកគាត់​បាន​»​។

បើ​តាម​របាយការណ៍​រដ្ឋបាល​ព្រៃឈើ​ដដែល សំណើ​សុំ​ទទួលស្គាល់​ការបង្កើត និង​ការគ្រប់គ្រង​តំបន់​ព្រៃ​សហគមន៍​នេះ​បាន​ទទួល​ការឯកភាព​ពី​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រួចហើយ​។

របាយការណ៍​នេះ​ឱ្យដឹងថា ក្រោយ​មាន​ការឯកភាព​ពី​ប្រធាន​រដ្ឋបាល​ព្រៃឈើ​រួចមក​កាលពី​ថ្ងៃទី​ ១២ ​ដល់​ថ្ងៃទី​ ២៥ ​ខែ​មីនា​ឆ្នាំនេះ ក្រុមការងារ​នៃ​ការិយាល័យ​សហគមន៍​ព្រៃឈើ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន អាជ្ញាធរដែនដី គណៈកម្មការ​គ្រប់គ្រង​សហគមន៍ និង​សមាជិក​សហគមន៍​ព្រៃឈើ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​បាន​ចុះទៅ​សម្របសម្រួល​សកម្មភាព​ប្រជុំ ពិនិត្យ និង​ផ្ទៀងផ្ទាត់​តំបន់​សក្តានុពល​ព្រៃសហគមន៍​ទាំង​​ ៣ ​កន្លែង​នោះ​។

លោក ចាន់ ហេង អ្នក​នាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​នៅ​មិនទាន់​មាន​របាយការណ៍​បន្ថែម​មក​ក្រសួង​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​ការងារ​ចុះទៅ​ពិនិត្យ​តំបន់​ទាំង​ ៣ ​នោះ​រួចហើយ​។ ​បច្ចុប្បន្ន​ប្រធាន​រដ្ឋបាល​ព្រៃឈើ​កំពុងតែ​ធ្វើការ​លើ​ការងារ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជារួម​ការបង្កើត និង​ការគ្រប់គ្រង​តំបន់​ព្រៃសហគមន៍​គឺ​ដើម្បី​ថែរក្សា​ការពារ​តំបន់​ព្រៃ​សហគមន៍​។ នៅពេល​យើង​ប្រកាស​ជា​តំបន់​សហគមន៍ ប្រសិន​បើ​មាន​ការរំលោភបំពាន​នៅ​តំបន់​នោះ ក្រសួង​នឹងមាន​វិធានការ​តាម​ច្បាប់​លើ​អ្នក​រំលោភបំពាន​»​។

លោក ជួន សារ៉ា នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ការសុំ​បង្កើត និង​ការគ្រប់គ្រង​តំបន់​ព្រៃ​សហគមន៍​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​លោក​ថ្លែងថា កំពុង​ជាប់រវល់​។

លោក យន់ ផល្លី មន្ដ្រី​សម្របសម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ដ​កំពត​បាន​ថ្លែងថា កន្លងមក​តំបន់​ព្រៃឈើ​សហគមន៍​នៅតាម​តំបន់​ជើងភ្នំ និង​មាត់សមុទ្រ​ក្នុង​ខេត្ដ​កំពត​គឺ​តែងតែ​ត្រូវបាន​អ្នក​មាន​អំណាច​ទៅ​រំលោភ​យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

លោក​ថា​៖ «​កន្លងមក​ដី​ស្ថិត​នៅ​តំបន់​ជើងភ្នំ​ត្រូវ​បាន​អ្នកមាន​អំណាច​វាតទី​យក​តែ​ម្ដង នេះ​បើ​តាម​ការលើកឡើង​របស់​សហគមន៍​។ យើង​បានឃើញ​ហើយ​ភ្នំ​នៅ​ខេត្ដ​កំពត​ត្រូវ​បាន​គេ​ឈូសឆាយ​ព្រៃឈើ​អស់​គ្មាន​សល់​ទេ​»៕