កំពង់ឆ្នាំងៈ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងគ្រោងដាំកូនឈើប្រភេទព្រៃលិចទឹកប្រមាណ ៨ ០០០ ដើម ឡើងវិញនៅលើផ្ទៃដី ៤ ហិកតា ស្ថិតនៅចំណុចត្រពាំងត្រាវក្នុងភូមិសាស្ត្រភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់ពីទីតាំងនេះត្រូវបានជនមិនស្គាល់មុខលួចកាប់បំផ្លាញ និងលើកជាភ្លឺហ៊ុមព័ទ្ធ ក្នុងគោលបំណងទន្ទ្រានយកជាកម្មសិទ្ធិឯកជន។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍មុនថា ក្រុមការងាររបស់លោកបានចុះល្បាតត្រួតពិនិត្យតំបន់ព្រៃលិចទឹក ហើយបានប្រទះឃើញករណីកាប់រានដីព្រៃលិចទឹកអស់ប្រមាណ ៤ ហិកតា ហើយទីតាំងនោះត្រូវបានគេលើកជាភ្លឺតូចៗខណ្ឌខ្វាត់ខ្វែងដូចជាភ្លឺស្រែក្នុងគោលបំណងទន្ទ្រានយកជាកម្មសិទ្ធិ។
លោក ឡា បានបញ្ជាក់ថា៖ «នៅពេលនេះក្រុមការងារយើងកំពុងឈូសពង្រាបភ្លឺតូចៗទាំងនោះ ដើម្បីត្រៀមដាំកូនឈើស្ដារព្រៃលិចទឹកនៅលើទីតាំងនោះឡើងវិញ សម្រាប់ជាទីជម្រកត្រីពងកូន និងថនិកសត្វផ្សេងៗរស់នៅ ។ កូនឈើដែលយើងត្រៀមយកទៅដាំក្នុងតំបន់នោះរួមមានដើមរាំង ច្រកែង ត្រស់ និងដើមរំដេញដែលជាប្រភេទឈើព្រៃលិចទឹកសរុប ៨ ០០០ ដើម»។
លោក លី ឡា ថ្លែងថា កូនឈើទាំងនោះនឹងត្រូវដាំនៅពាក់កណ្ដាលខែឧសភា ឬយ៉ាងយូរនៅដើមខែមិថុនាខាងមុខនេះ ក្រោយពីមានភ្លៀងធ្លាក់ជោកជាំ ដែលអនុគ្រោះដល់ការរស់រាននៃកូនឈើប្រភេទព្រៃលិចទឹកនេះ។ ក្រៅពីតំបន់ខាងលើនេះ ខណ្ឌរដ្ឋបាលព្រៃឈើក៏គ្រោងដាំកូនឈើព្រៃលិចទឹកនៅតំបន់ព្រៃរេចរឹលមួយចំនួនទៀតនៅស្រុកជលគិរី និង ស្រុកកំពង់លែងផងដែរ។
លោកបានបន្តថា ជារៀងរាល់ឆ្នាំកូនឈើប្រមាណ ៥ ០០០ ដើម ត្រូវបាននាំយកទៅដាំនៅតាមតំបន់ព្រៃរេចរឹល និងចែកពលរដ្ឋនៅតាមសហគមន៍៕