ភ្នំពេញ: រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​ចំនួន ២៥ ​នាក់​ ពី​របៀប​គ្រប់គ្រង និង​ថែរក្សា​សំណាក​ភ្លុក​ដំរី​ដែល​បាន​រឹបអូស​ពី​ជនល្មើស​។ លើស​ពីនេះ​ត្រូវ​ដឹង​ពី​របៀប​គ្រប់គ្រង​ភ្លុក​ដំរី​ទម្ងន់​ជាង ៩ ​តោន ​ដែល​មន្ត្រី​គយ និង​រដ្ឋាករ​កម្ពុជា​ចាប់​បាន​កាលពី​ឆ្នាំ​ ២០១៤ ​រួមទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាប់​បាន​ជាង ៣៥០ ​គីឡូក្រាម​។

លោក ហង់ ស៊ុនត្រា អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការសិក្សា​នេះ​មាន​ផលប្រយោជន៍​ច្រើន​ចំពោះ​មន្ត្រី​ជា​សិក្ខាកាម​ដែល​កំពុង​ឈរលើ​តួនាទី​នេះ ដើម្បី​ឲ្យ​មាន​ចំណេះដឹង​បន្ថែម​អំពី​របៀបរបប​ការងារ​គ្រប់គ្រង និង​ថែរក្សា​សំណាក​ភ្លុក​ដំរី​ដែល​សមត្ថកិច្ច​បាន​រឹបអូស និង​ចាប់​បាន​ពី​ជនល្មើស​ជា​បន្តបន្ទាប់​។

លោក​បញ្ជាក់​ថា​៖ «​លើស​ពីនេះ យើង​ចង់​ឲ្យ​មន្ត្រី​យល់ដឹង​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ជំនាញ​អន្តរជាតិ​ពោល​គឺ នៅពេល​មាន​បទល្មើស​ឆ្លងដែន​ពី​បរទេស​ចូល​មក​កម្ពុជា​។ ក្នុង​វគ្គ​នេះ យើង​បណ្ដុះបណ្ដាល​តែ​មន្ត្រី​ជួរមុខ​ដែល​ជា​អ្នកអនុវត្ត​ច្បាប់ អ្នកចាប់​បទល្មើស អ្នកធ្វើ​កំណត់ហេតុ ឬ​អ្នក​ដែល​ធ្វើ​សំណុំបែបបទ​លើ​បទល្មើស​ជាមួយ​បរទេស​ពោល​គឺ​យើង​បណ្ដុះបណ្ដាល​មន្ត្រី​ផ្ទៃក្នុង​យើង​»​។

លោក សួន ផល្លា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ជា​គ្រូបង្គោល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បានរៀបចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នេះ​ក្នុង​ន័យ​ផ្ទេរ​ចំណេះដឹង​ដល់​មន្ត្រី​ពី​របៀប​ថែរក្សា និង​វាស់វែង​សំណាក​ភ្លុក​ដំរី​ដែល​មន្ត្រី​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាប់​បានជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​ ២០១៤ ដល់​ឆ្នាំ​ ២០១៨​។

លោក​បន្តថា ភ្លុក​ដំរី​ចំនួន​ជាង ៩ ​តោន​ ត្រូវ​បាន​មន្ត្រី​គយ និង​រដ្ឋាករ​កម្ពុជា ចាប់​បាន​កាលពី​ឆ្នាំ​ ២០១៤ ដល់​ឆ្នាំ​ ២០១៨ ដោយ​កំពុង​រក្សាទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាប់​បាន​ចំនួន​ជាង ៣៥០ ​គីឡូក្រាម​ដោយ​ត្រៀម​​វាស់វែង​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​ចាប់​បាន​ភ្លុក​ដំរី​ទាំងនេះ សមត្ថកិច្ច​បាន​បញ្ជូន​ជនល្មើស​ទៅ​តុលាការ ប៉ុន្ដែ​មាន​ករណី​ខ្លះ​តុលាការ​មិនទាន់​សម្រេច​ក្ដី​នៅឡើយ ហើយ​ករណី​ខ្លះ​បាន​សម្រេច​រួចហើយ តែ​សំណាក​ភ្លុក​ដំរី​នេះ យើង​យក​មក​ទុក​នៅក្នុង​ឃ្លាំង ហើយ​យើង​អត់​ទាន់​បាន​វាស់វែង ឬ​កត់ត្រា​គិត​ជា​ស្ថិតិ​ច្បាស់លាស់​ទេ​»​។

លោក​បញ្ជាក់​បន្ថែមថា​៖ «​ដូច្នេះ​ទើប​យើង​បង្កើត​ឲ្យ​មាន​វគ្គបណ្ដុះបណ្ដាល​នេះ គឺ​បង្រៀន​មន្ត្រី​ឲ្យ​ចេះ​វាស់​ភ្លុក​ដំរី ឲ្យ​ចេះ​ថ្លឹង​គិត​ជា​គីឡូក្រាម ហើយ​ចេះ​មើល​បទ​ប្បញត្តិ​ទាក់ទង​អនុសញ្ញា​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​។ ចំពោះ​តម្លៃ​ភ្លុក​ដំរី​ទាំងនេះ ខ្ញុំ​អត់​ដឹង​ទេ យើង​អត់​អាច​បង្ហាញ​បានទេ ព្រោះ​ពួកខ្ញុំ​គ្រាន់តែ​ចាប់​បាន​រឹបអូស យក​មក​រក្សាទុក​»​។

តាម​របាយការណ៍​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា តាម​ទិន្នន័យ​បង្ក្រាប​បទល្មើស​របស់​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​មាន​ភ្លុក​ដំរី​ទម្ងន់ ៩ ៣៥៣,០១ ​គីឡូក្រាម និង​ទិន្នន័យ​បង្ក្រាប​បទល្មើស​ច្បាប់​ព្រៃឈើ​ភ្លុក​ដំរី​ទម្ងន់ ៣៥៣,០៥ ​គីឡូក្រាម​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ជា​បន្តបន្ទាប់​។

រដ្ឋបាល​ព្រៃឈើ​មិនទាន់​បាន​បំពេញ ឬ​ការចេញ​ប្រកាស​ជា​អន្តរក្រសួង​ស្ដីពី ការគ្រប់គ្រង​ភ្លុក​ដំរី​ដែល​បាន​ចាប់យក និង​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ភ្លុក​ដំរី​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​។ ដូច្នេះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ត្រូវ​ប្រមូល​ទិន្នន័យ​ពី​ការអនុវត្ត​កម្មវិធី​តាមដាន​ការសម្លាប់​ដំរី​ល្មើសច្បាប់​ (MIKE) និង​ការរក​ប្រព័ន្ធ​ព័ត៌មាន​អំពី​ពាណិជ្ជកម្ម​លើ​សត្វ​ដំរី​ (ETIS) ការសិក្សា​វិភាគ​ព័ត៌មាន​ដោយ​ត្រូវ​បង្ហាញ​ចំនួន​កំណាត់​ភ្លុក និង​ទម្ងន់​របស់​ដុំ​ភ្លុក​នីមួយៗ ហើយ​សម្រាប់​កំណាត់​ណា​ដែល​ទាក់ទង​គ្នា​ត្រូវ​ដាក់​ស្លាក​សម្គាល់​ដែល​ត្រូវ​អនុវត្ត​តាម​បទប្បញ្ញត្តិ​នានា​នៃ​សេចក្ដី​សម្រេច​ដែល​ត្រូវ​ស្រង់​ព័ត៌មាន​អំពី​ប្រភព និង​បញ្ជាក់​ហេតុផល​៕