ភ្នំពេញ/កំពង់ស្ពឺ: រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ចំនួន ៤០ ​គ្រឿង ​ដល់​ខណ្ឌ​ចំនួន​ ៦ ​បន្ថែមទៀត​ដើម្បី​បន្ថែម​មធ្យោបាយ​ដឹក​សំរាម ខណៈ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ និង​តំណាង​ធនាគារ​ពិភពលោក​បាន​ពិភាក្សា​ពី​ការដោះស្រាយ ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ និង​គ្រប់គ្រង​ទីលាន​ចាក់សំរាម​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា តាម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចែក​ម៉ូតូ​កង់​បី​ដឹក​សំរាម​បែប​ទំនើប​នេះ​ទៅ​ឲ្យ​គ្រប់​ខណ្ឌ​ទាំងអស់​ដើម្បី​ជួយ​សម្រួល​បន្ថែម​លើ​មធ្យោបាយ​ដឹកជញ្ជូន​សំរាម​តាម​មូលដ្ឋាន​ខណ្ឌ​នីមួយៗ ប៉ុន្ដែ​ក្រុមហ៊ុន​ទទួលបន្ទុក​ប្រមូល​សំរាម​នៅ​តែ​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​ដដែល​។ លោក​បន្តថា ការចែក​ម៉ូតូ​នេះ​ដោយ​ពិនិត្យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង ប្រសិន​ខណ្ឌ​ណាមួយ​ដែល​មាន​តម្រូវការ​ច្រើន​នឹង​ត្រូវ​ទទួល​បាន​ម៉ូតូ​ច្រើនជាងគេ​។

ជាក់ស្ដែង​កាលពី​ថ្ងៃទី​ ៧ ខែ​កុម្ភៈ ម៉ូតូ​ដឹក​សំរាម​ទំនើប​ត្រូវ​បាន​ប្រគល់​ជូន​ខណ្ឌ​ទាំង ៦ ​រួមមាន ខណ្ឌ​ច្បារអំពៅ ៦ គ្រឿង​, ខណ្ឌ​ពោធិ៍សែនជ័យ ៧ គ្រឿង​, ខណ្ឌមានជ័យ ៧ គ្រឿង​, ខណ្ឌទួលគោក ១០ គ្រឿង​, ខណ្ឌ​៧មករា ៣ ​គ្រឿង​, ខណ្ឌ​សែនសុខ ៦ ​គ្រឿង និង​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី ១ ​គ្រឿង​។

លោក​បញ្ជាក់ថា​៖ «​ការចែកជូន​ម៉ូតូ​នេះ​កន្លងមក​យើង​បាន​ចែកជូន​ជាច្រើនលើក​រួចមកហើយ ប៉ុន្ដែ​មិនមែន​ជា​ទ្រង់ទ្រាយ​ធំ​ដូច​លើក​នេះ​ដើម្បី​ឲ្យ​ពួកគាត់​តាម​សង្កាត់ ឬ​ខណ្ឌ​ហ្នឹង គាត់​យក​ទៅ​ប្រើប្រាស់​សម្រាប់​ដឹក​សំរាម​តាម​ច្រកល្ហក​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​ចូលទៅ​អត់​ដល់​អ៊ីចឹង​យើង​ប្រើ​ម៉ូតូ​នេះ​ដឹក​សំរាម​ហ្នឹង​ចេញមកក្រៅ​មក​»​។

លោក​ ចេង មុនីរ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ថ្លែង​ថា បើតាម​ទិសដៅ​រដ្ឋបាល​រាជធានី​នឹង​ប្រគល់​ជូន​ម៉ូតូ​ទំនើប​ដឹក​សំរាម​នេះ​ទៅ​ឲ្យ​គ្រប់​ខណ្ឌ​ទាំង ១៤ និង​សង្កាត់​ទាំង​ ១០៥ ​ដើម្បី​ងាយស្រួល​ក្នុង​ការនាំយក​កាកសំណល់​ទៅ​ចាក់ ឬ​ប្រមូលផ្តុំ​នៅ​ទីលាន​ចាក់សំរាម​ធ្វើ​យ៉ាងណា​ពន្លឿន​ការប្រមូល​សំរាម និង​ថែរក្សា​បរិស្ថាន អនាម័យ​ជូន​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ម៉ូតូ​នេះ​យើង​យកមក​ប្រគល់​ជូន​ទៅ​ឲ្យ​សង្កាត់ ហើយ​សង្កាត់​គាត់​មាន​មន្ត្រី​ប្រចាំការ​ទទួលបន្ទុក​ផ្នែក​អនាម័យ​ជា​អ្នកប្រើប្រាស់​ម៉ូតូ​នេះ ប្រសិន​កន្លែង​ណា​មាន​សំរាម គឺ​គាត់​ទៅ​ប្រមូល​យក​មក ទន្ទឹម​នឹង​ប្រមូល​នោះ គាត់​ត្រូវ​អប់រំ ផ្សព្វផ្សាយ​ទៅ​ពលរដ្ឋ​ពី​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​»​។

កាលពី​ថ្ងៃទី​ ០៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ លោក ឃួង ស្រេង អភិបាល​រាជធានី​ធ្លាប់បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម​ជូន​ដល់​ខណ្ឌ​ ៤ ​គឺ​ខណ្ឌ​ជ្រោយចង្វារ​,​ដូនពេញ​, ចំការមន និង​ខណ្ឌ​បឹង​កេងកង​។

ករណី​ស្រដៀង​គ្នា​នេះ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃទី ០៧ ខែកុម្ភៈ​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​ការងារ​ធនាគារ​ពិភពលោក ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​ស្ថានភាព​នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន និង​គ្រប់គ្រង​ទីលាន​ចាក់សំរាម​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។

លោក វ៉ី សំណាង ថ្លែង​ពី​ម្សិលមិញ​ថា​តំណាង​ធនាគារ​ពិភពលោក​បាន​បង្កើត​គម្រោង​មួយ​ទាក់ទង​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង ដោយ​បាន​ជ្រើសយក​ខេត្ត​កំពង់ស្ពឺ និង​បាត់ដំបង ដើម្បី​ធ្វើ​ជា​គោលដៅ អនុវត្ត​គម្រោង​របស់ខ្លួន​។ មន្ត្រី​ធនាគារ​ពិភពលោក​បាន​ចុះមក​សិក្សា​ពី​ភូមិសាស្ត្រ និង​ស្ថានភាព​ជាក់ស្ដែង ដើម្បី​ធ្វើការ​សម្រេចចិត្ត​។

លោក​បន្តថា គម្រោង​នេះ​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ការវិនិយោគ​ការគ្រប់គ្រង​សំណល់​រឹង​នៅ​ទីលាន​ចាក់សំរាម​ក្នុង​តំបន់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណល់​រឹង​ផ្សេងៗ លិខិត​បទដ្ឋាន​គតិយុត្ត និង​ការកសាង​សមត្ថភាព​មន្ត្រី​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ និង​ការបង្ក​លក្ខខណ្ឌ​អំណោយផល​ដល់​វិស័យ​ឯកជន​កាន់តែ​ល្អប្រសើរ​។

លោក​បញ្ជាក់ថា​៖ «​មូលហេតុ​ដែល​ធនាគារ​ពិភពលោក​ជ្រើសរើស​យក​ខេត្តកំពង់ស្ពឺ និង​ខេត្តបាត់ដំបង​ធ្វើ​ជា​គោលដៅ​អនុវត្តន៍​គម្រោង​នេះ​គឺ​ខេត្ត​ទាំង​ ២ ​នេះ​មាន​ការអភិវឌ្ឍ​ច្រើន​ជាងគេ គឺ​មាន​រោងចក្រ សហគ្រាស​តូចធំ​ជាច្រើន ប្រជាពលរដ្ឋ​ក៏មាន​ជីវភាព​ធូរធារ​ដែរ​។ ​លើស​ពី​នេះ​ខេត្ត​ទាំង​ ២ ក៏​ជា​ខេត្ត​គោលដៅ​ដែល​ចោល​សំរាម​អនាធិបតេយ្យ​ច្រើន​ដែរ អ៊ីចឹង​បើ​បាន​ធនាគារ​ពិភពលោក​មក​ជួយ​បែបនេះ​គឺ​ល្អ​ខ្លាំងណាស់​»៕