
ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់ក្រហមនៅរាជធានីភ្នំពេញ កំពុងរង់ចាំធ្វើតេសរកកូវីដ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ តំបន់ក្រហម ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ បើអ្នកនោះធ្លាប់ប៉ះពាល់ផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកជំងឺកូវីដ ១៩ អ្នកកំពុងរស់នៅកន្លែងមានករណីវិជ្ជមានកូវីដច្រើន និងអ្នកដែលមានការសង្ស័យថាមានឆ្លងវីរុសនេះ ខណៈខេត្តបន្ទាយមានជ័យបានដាក់ទីតាំងមួយចំនួនជាតំបន់ក្រហម។
លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញកាលពីថ្ងៃទី ២៤ ខែមេសា បានចេញសេចក្តីជូនដំណឹងបន្ថែមពីទីតាំងយកសំណាក និងគោលការណ៍ប្រមូលសំណាកតេស្ករកវីរុសកូវីដ១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់ក្រហមនៅរាជធានីភ្នំពេញ។
ក្នុងនោះដែរ លោក ឃួង ស្រេង បានលើកឡើងថា៖ «គោលការណ៍ប្រមូលសំណាកតេស្តរកវីរុសកូវីដ១៩ ក្នុងភូមិសាស្ត្រតំបន់ក្រហម គឺត្រូវអនុវត្តន៍តែចំពោះក្រុមបុគ្គលទាំងឡាយណាដែលធ្លាប់ប៉ះពាល់ផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ អ្នកកំពុងស្នាក់នៅតំបន់ប្រមូលផ្ដុំដែលមានករណីវិជ្ជមាន និងអ្នកដែលមានអាការៈក្តៅខ្លួន ក្អក កណ្តាស់ ពិបាកដកដង្ហើម ឬសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ១៩»។
ចំពោះប្រជាពលរដ្ឋដែលជាមនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន ទារក ជនពិការ និងអ្នកមានជំងឺប្រចាំកាយ ដែលត្រូវទៅយកសំណាក ត្រូវផ្តល់ព័ត៌មានមកអាជ្ញាធរភូមិ-សង្កាត់ ដើម្បីចាត់ចែងក្រុមការងារចុះទៅយកសំណាកនៅទីតាំងជិតលំនៅឋានបំផុត ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់។
ទន្ទឹមនឹងនេះដែរ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ំ រាត្រី នៅថ្ងៃទី ២៤ ខែមេសា ក៏បានសម្រេចកំណត់ភូមិសាស្ត្រមួយចំនួនក្នុងភូមិសាមគ្គីមានជ័យនិងភូមិក្បាលស្ពាន១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
លោកថា បុគ្គល ឬនីតិបុគ្គលដែលស្ថិតក្នុងភូមិសាស្ត្រតំបន់ក្រហម ត្រូវអនុវត្តវិធានការរឹតបន្ដឹងនូវវិធានការ ៣ ការពារ ៣ កុំ និងវិធានការសុខាភិបាល និងត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនឡើយ លើកលែងតែការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ឬ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ និងធ្វើដំណើរចាំបាច់មួយចំនួនប៉ុណ្ណោះ។
លោក អ៊ំ រាត្រី បានព្រមានថា៖ «អ្នកណាដែលល្មើសនឹងវិធានការនេះនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់តាមច្បាប់ធរមាន»។
ដោយឡែកទាក់ទងនឹងការដាក់ឱ្យប្រើប្រាស់ឧបករណ៍តេស្តរកវីរុសកូវីដ១៩រហ័ស លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃទី ២៤ ខែមេសាថា ការដាក់ឱ្យប្រើប្រាស់នូវការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩នេះ គឺជាការដាក់ចេញនូវវិធានការថ្មីមួយទៀត ដើម្បីជួយសម្រួលទៅដល់បងប្អូនទាំងអស់ ជាពិសេសសម្រាប់អ្នកមានការសង្ស័យថាឆ្លងកូវីដ១៩។
លោកស្រីបានបន្ថែមថា៖ «ក្រសួងសុខាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ឧបករណ៍តេស្តរហ័សនេះ បន្ទាប់ពីយើងបានធ្វើការសិក្សារួចរាល់ ដោយយើងសង្កេតឃើញថា តេស្តដែលយើងកំពុងប្រើប្រាស់រាល់ថ្ងៃនេះជាប្រភេទតេស្តមួយដែលយើងអាចជឿទុកចិត្តបាន ប៉ុន្តែអ្នកដែលធ្វើតេស្តឃើញថាវិជ្ជមានហើយនោះក៏មានតម្រូវការនៃការធ្វើតេស្តនៅមន្ទីរពិសោធន៍ថែមទៀតដែរ»។
លោកស្រី ឱ វណ្ណឌីន បានពន្យល់បន្ថែមថា ការប្រើប្រាស់តេស្តរហ័សនេះក៏ដើម្បីជាវិធានការមួយ ដើម្បីដាក់ចេញនូវការព្យាបាល និងការរុករករហ័សផងដែរ។ នៅពេលរកឃើញអ្នកណាមានវិជ្ជមានហើយ ក្រុមគ្រូពេទ្យប្រញាប់ដាក់គាត់ព្យាបាលភ្លាម ឬដាក់នៅដាច់ដោយឡែក។
អ្នកនាំពាក្យរូបនេះថា៖ «ភាពត្រឹមត្រូវរបស់តេស្តរហ័សនេះមានភាគរយច្រើន ខណៈភាពលំអៀងប្រហែលជា ២ ទៅ ៣ ភាគរយប៉ុណ្ណោះ ប៉ុន្តែអ្នកដែលមានលទ្ធផលលំអៀងនោះ គឺយើងនៅតែចាំបាច់ដាក់គាត់ធ្វើចត្តាឡីស័ក និងរង់ចាំធ្វើតេស្តនៅមន្ទីរពិសោធន៍បន្តទៀតផងដែរ»។
ក្រសួងសុខាភិបាលកំពុងសរសេរនូវគោលការណ៍ប្រតិបត្តិពីការប្រើប្រាស់ឧបករណ៍តេស្តរហ័សនេះ ហើយនៅពេលដែលមាននូវគោលការណ៍ប្រតិបត្តិស្តង់ដានេះហើយ សេវាសុខាភិបាលឯកជនទាំងអស់អាចនឹងអនុវត្តន៍ទៅតាមគោលការណ៍នោះ៕