ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី ១៨ ឆ្នាំ​ឡើងទៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹងកេងកង និង​ខណ្ឌ​សែនសុខ សម្រាប់​ដូស​ទី ១ ចាប់ផ្តើម​ពីថ្ងៃ​ទី ១៨ ខែឧសភា ឆ្នាំ ២០២១ តទៅ។

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង នៅថ្ងៃនេះ បានចេញ​សេចក្តី​ជូនដំណឹង​មួយ​បាន​ឱ្យ​ដឹងថា ក្នុងនាម​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ​បាន​សម្រេច​នឹង​ដំណើរការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹងកេងកង និង​ខណ្ឌ​សែនសុខ​សម្រាប់​ដូស​ទី១ ចាប់ផ្តើម​ពីថ្ងៃ​ទី ១៨ ខែឧសភា ដល់​ថ្ងៃទី ៣១ ខែឧសភា និង​សម្រាប់​ដូស​ទី ២ ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ខែមិថុនា ដល់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១។

លោក​បន្តថា៖ «ដើម្បី​ជំរុញ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​លឿន និង​ឆាប់រហ័ស សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី ១៨ ឆ្នាំ​ឡើងទៅ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​ចេញ​នូវ "យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ” ការពារ​ជំងឺ​កូវីដ១៩ ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​របស់​ជាតិ សំដៅ​បង្កើត​ឱ្យ​មាន​ភាពស៊ាំ​សហគមន៍ ទប់ទល់​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩»។

លោក ឃួង ស្រេង បន្តថា ផ្អែក​តាម​ផែនការមេ ពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ នឹង​ទទួល​បាន​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា ទៅតាម​ជំហាន​កម្មវិធី​ការងារ​យ៉ាងយូរ​បំផុត​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ២០២១។

សេចក្តី​ជូនដំណឹង​បាន​ឱ្យដឹង​ទៀតថា អាជ្ញាធរ​មូលដ្ឋាន​នឹង​អញ្ជើញ​ពលរដ្ឋ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​នៅក្នុង​ខណ្ឌ​ទាំងពីរ​នេះ​ដែល​មាន ១៣ សង្កាត់ ខណៈ​អាជ្ញាធរ​បាន​ត្រៀម​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​ចំនួន ២០ កន្លែង​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន។

ទន្ទឹមនឹង​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ក្រើនរំឭក និង​អំពាវនាវ​សារជាថ្មី​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​កូវីដ១៩ ត្រូវ​រក្សា​ឱ្យបាន​ដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស់ តម្រង់​ជួរ និង​ចៀសវាង​ការឈរ​ប្រជ្រៀត​គ្នា​ជាដើម៕

វីដេអូ៖