ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​ពង្រឹង​ការបង្ក្រាប​បន​ល្បែងស៊ីសង និង​គ្រឿងញៀន​ក្នុង​ទិសដៅ​កាត់បន្ថយ​បទល្មើស​លួច និង​ប្លន់ ដើម្បី​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​សកល​ដែល​នឹង​ឈានចូល​មកដល់​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខនេះ​។

លោក​ ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​កាលពី​ថ្ងៃទី​ ២៤ ខែ​ធ្នូ ថា​ លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ពង្រឹង​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​បាន​សប្បាយ​នៅក្នុង​ឱកាស​ពិធីបុណ្យ​សកល​នេះ​។ ការណែនាំ​សមត្ថកិច្ច​ឲ្យ​ពង្រឹង​សន្តិសុខ​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៣ ខែ​ធ្នូ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «​ធម្មតា​ទេ​ពេល​មាន​ពិធីបុណ្យ​ផ្សេងៗ​មិន​ថា​តែ​រាជធានី​ភ្នំពេញ​ ឬ​បណ្តា​ខេត្ត​ផ្សេងៗ​ដែល​រៀបចំ​កម្មវិធី​គឺ​តែងតែ​យកចិត្ត​ទុកដាក់​ជាង​ថ្ងៃ​ធម្មតា ដោយសារ​តែ​រាល់​ពិធីបុណ្យ ឬ​កម្មវិធី​ផ្សេងៗ​បងប្អូន​របស់​យើង គាត់​ត្រូវ​ចូលរួម​ហើយ​មាន​ទីតាំង ខ្លះ ត្រូវមាន​ការជួបជុំ និង​ការ​ប្រ​-​មូល​ផ្តុំ​ច្រើន​។ ដូច្នេះហើយ​យើង​ត្រូវ​គិតគូរ​ពី​បញ្ហា​សន្តិសុខ និង​ការពារ​ជូន​ពួកគាត់​»​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​ដែរ​ថា លោក​បាន​ណែនាំ​កម្លាំង​សមត្ថកិច្ច​ទាំង​ ១៤ ​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ពង្រឹង​បន្ថែម​ក្នុងការ​ថែរក្សា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បី​ប្រជាពលរដ្ឋ​បាន​សប្បាយ​ក្នុង​ពិធីបុណ្យ​សកល​នេះ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​សកល យើង​ក៏​រៀបចំ​កម្លាំង​ការពារ​ដែរ​ទៅ​គ្រប់​កន្លែង​ណា​ដែល​ប្រជាពលរដ្ឋ​មាន​ការប្រមូលផ្តុំ និង​កម្សាន្ត​។ យើង​ត្រៀម​កម្លាំង​ការពារ​នៅតាម​កន្លែង​កម្សាន្ត​សំខាន់​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ​ពិសេស​ជួយ​សម្រួល​នៅពេល​យប់​។ យើង​ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ ឬ​ការពារ​កុំ​ឲ្យ​មាន​ករណី​ចោរកម្ម​ផ្សេងៗ​»​។

លោក​បន្ថែមថា កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​នឹង​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​ ១៤ ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង និង​គ្រឿងញៀន​ក្នុង​រាជធានី​ដែល​ភាគច្រើន​កើតឡើង​នៅតាម​តំបន់​ជាយក្រុង និង​សំណង់​មិន​រៀបរយ​ដែល​បាន​បង្ក​បទល្មើស​ផ្សេងៗ​ដូចជា​បទល្មើស លួច ឆក់ ប្លន់​ជាដើម​។

លោក​ថា​៖ «​វា​គឺជា​ការប្រជុំ​ប្រចាំខែ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​។ ដូច្នេះ​លោក​ [​ឃួង ស្រេង​] ត្រូវ​លើក​ចំណុច​ជា​អាទិភាព​ប៉ុន្មាន​ហ្នឹង ដែល​យើង​ត្រូវ​ថែរក្សា​ឲ្យ​បាន​។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ការបង្ក្រាប​មួយ​ប្រាវ​មិនមែន​អស់ហើយ​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​នោះទេ​។ បទល្មើស​វា​នៅតែ​មាន​លេចចេញ​នៅ​កន្លែង​នេះ​ ឬ​កន្លែង​នោះ​ហើយ​យើង​នឹងចូលរួម​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង ១៤ ​ដើម្បី​ធ្វើឲ្យ​បទល្មើស​ហ្នឹង​មាន​ការថយចុះ​»៕