ភ្នំពេញ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​សម្រេច ស្តីពី​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ថ្មី​បន្ថែម​ទៀត សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយ​បែងចែក​ជា «តំបន់​ក្រហម» «តំបន់​លឿង​ទុំ» និង «តំបន់លឿង» សម្រាប់​រយៈពេល ៧ ថ្ងៃ គិត​ចាប់​ពី​ម៉ោង​សូន្យ​នា​ថ្ងៃទី ៦ ខែ​ឧសភា រហូត​ដល់​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១។

យោង​តាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី ០៥ ខែ​ឧសភា​នេះ បាន​សម្រេច​ដាក់​ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​ត្រូវ​បែងចែក​ជា ៣ តំបន់ គឺ តំបន់​ក្រហម សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លង​រាល​ដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍។

តំបន់​លឿង​ទុំ សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លង​រាលដាល​កម្រិត​មធ្យម​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍ និង​តំបន់​លឿង សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លង​រាលដាល​កម្រិត​ស្រាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍។

លោក ឃួង ស្រេង បញ្ជាក់​ថា៖ «វិធានការ​រដ្ឋបាល ដែល​ត្រូវ​អនុវត្តន៍​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​ចាប់​ផ្តើម​អនុវត្តន៍​សម្រាប់​រយៈពេល ៧ ថ្ងៃ ចាប់​ពី​ម៉ោង​សូន្យ ថ្ងៃទី ៦ ដល់​ថ្ងៃទី ១២ ខែ ឧសភា ឆ្នំា ២០២១»។

នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​ការ​បិទ​ខ្ទប់ វិធានការ​ដែល​ត្រូវ​បាន​អនុវត្តន៍​សម្រាប់​ភូមិសាស្រ្ត​តំបន់​ក្រហម គឺ​បុគ្គល​គ្រប់​រូប ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទីសំណាក់​របស់​ខ្លួន។

ចំណែក​អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ក៏​បាន​ចេញ​សេច​ក្តី​សម្រេច​ផង​ដែរ ដោយ​បាន​កំណត់​ភូមិសាស្រ្ត​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ជា ២ តំបន់ គឺ​តំបន់​ក្រហម និង​តំបន់​លឿង។

លោក​បាន​លើក​ឡើង​ថា តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​មាន​តំបន់​អគារ​វប្បធម៌​ក្នុង​ភូមិសាស្ត្រ​ភូមិ​តាខ្មៅ ២ នៃ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ដោយ​ត្រូវ​កំណត់​ជា «តំបន់​ក្រហម» ដែល​ត្រូវ​ចាប់​ផ្តើម​អនុវត្តន៍​សម្រាប់​រយៈពេល ៧ ថ្ងៃ គិត​ចាប់​ពី​ម៉ោងសូន្យ​នា​ថ្ងៃទី ០៦ ខែ​ឧសភា រហូត​ដល់​ថ្ងៃទី ១២ ខែ​ឧសភា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល។

ចំណែក​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​ត្រូវ​បាន​កំណត់​ជា «តំបន់​លឿង» លើកលែង​តំបន់​បិទ​ខ្ទប់​ដែល​ត្រូវ​បាន​កំណត់​ជា «តំបន់​ក្រហម» ដូច​មាន​ចែង​ខាង​លើ​នេះ​។

លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ថា ទោះបី​ជា​វិធានការ​កម្រិត​ណា​ក៏​ដោយ គឺ​ត្រូវ​នាំ​គ្នា​ចូល​រួម​អនុវត្តន៍​វិធានការ​ទាំង​នេះ។

លោក​ថា នៅ​ថ្ងៃ​ស្អែក​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​ពន្យល់​លម្អិត​ពី​វិធានការ​ថ្មី​នេះ៕