ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល ៧ ថ្ងៃ​ទៀត គិត​ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃទី ៨ ខែឧសភា​ស្អែក​នេះ រហូត​ដល់ ថ្ងៃទី ១៤ ខែ​ឧសភា ឆ្នាំ ២០២១ ។

យោងតាម​សេចក្តី​សម្រេច​លេខ ១០១/២១ សសរ ​ដែល​ចុះហត្ថលេខា​ដោយ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ បញ្ជាក់ថា ការផ្អាក​ដំណើរការ​ផ្សារ​ជា​បណ្តោះអាសន្ន​នេះ​គឺ​ដើម្បី​ប្រយុទ្ធ​ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅក្នុង​រាជធានី​ភ្នំពេញ។

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​កន្លងមកនេះ​បានសម្រេច ចិត្ត​ប្រកាស​ផ្អាក​សកម្មភាព​ផ្សារ​មួយចំនួន​ភ្លាមៗ ដើម្បី​កាត់ផ្តាច់​ការឆ្លង​នូវ​ជំងឺ​កូវីដ១៩។

បើតាម​លោក កើត ឆែ បើ​មិន​មាន​ការប្រកាស​បន្ត​ផ្អាក​ដំណើរការ​ផ្សារ​ទាំង​ផ្សារ​រដ្ឋ​ និង​ផ្សារ​មិន​រៀបរយ​ទាន់ពេលវេលា​ទេនោះ កំណើន​នៃ​ការឆ្លង​ជំងឺ​កូវីដ១៩​នឹង​មាន​កាន់តែ​ច្រើន​ដែល​ធ្វើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនអាច​គ្រប់គ្រង​បាន៕