ភ្នំពេញ៖ បន្ទាប់ពី​រកឃើញ​មាន​អាជីវករ​នៅ​ផ្សារដើមគ ប្រមាណ​ជា ១០០ នាក់ មាន​វិជ្ជមាន​វីរុស​កូវីដ១៩ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​សម្រេច​ធ្វើការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​មូលដ្ឋាន​ផ្សារដើមគ​ និង​ផ្សារ​បន្លែ​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​ប្រជុំជន​ផ្សារ​ដើមគ​ក្នុង​ខណ្ឌ​ទួលគោក​ និង​ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ។

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា ដោយសារ​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ១៩​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​ការរីករាលដាល​ខ្លាំង​ក្នុង​នោះ​បាន​ធ្វើឱ្យ​មាន​អាជីវករ និង​កម្លាំង​សន្តិសុខ​ផ្សារដើមគ​ប្រមាណ ១០០ នាក់​បាន​ឆ្លង​វីរុស​កូវីដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១។

លោក​បាន​មានប្រសាសន៍​ថា៖ «ស្ថានភាព​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​គួរឱ្យ​ព្រួយបារម្ភ​ និង​ចាំបាច់ ត្រូវ​មាន​វិធានការ​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​ជាបន្ទាន់។ ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​មូលដ្ឋាន​ផ្សារដើមគ និង​ផ្សារបន្លែ​សម្រាប់​រយៈពេល​ពេល ១៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១៨ ខែ​មេសា​ដល់​ថ្ងៃទី ១ ខែ​ឧសភា​ឆ្នាំ ២០២១»។

ហ៊ាន រង្សី

លោក​ ឃួង ស្រេង បាន​បន្ថែមថា ការផ្អាក​នេះ​គឺ​ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការឆ្លង​រីករាលដាល​វីរុស​កូវីដ១៩​ទៅ​ដល់​បងប្អូន​អាជីវករ​អតិថិជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញ-ចូល​ផ្សារ​នេះ។

ជាមួយ​គ្នា​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​អាជីវករ​សន្តិសុខ​បុគ្គលិក-កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ​ និង​ក្រុមគ្រួសារ​អាជីវករ ពាក់ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​បានចេញ-ចូល​ផ្សារដើមគ គិត​ចាប់ពី​ថ្ងៃទី ៥ ខែ​មេសា​ឆ្នាំ ២០២១ មក ត្រូវ​រួសរាន់​ទៅ​យក​សំណាក​តេស្ក​រក​មេរោគ​កូវីដ១៩​ជាបន្ទាន់។ ការធ្វើ​តេស្ត​នេះ​គឺ​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ចេនឡា​ព្រមទាំង​ត្រូវ​អនុវត្តន៍​វិធាន​ចត្តាឡីស័ក​ស្របតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​បំផុត។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ទី ១៨ ខែមេសា ឆ្នាំ ២០២១ នេះ​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ ក្នុង​ការផ្អាក​បណ្តោះអាសន្ន​នូវ​មូលដ្ឋាន​ផ្សារដើមគ និង​ផ្សារ​បន្លែ​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​នោះ ប៉ុន្តែ​អាជ្ញាធរ​គួរតែ​មាន​វិធានការ​ណាមួយ​ផ្សេងទៀត សម្រាប់​ជួយ​ដល់​អាជីវករ​ក៏ដូចជា​អ្នក​ដែល​បាត់បង់​ចំណូល។

លោក​បាន​ប្រាប់ថា៖ «ការបិទ​នេះ​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​ប្រចាំថ្ងៃ ដែល​ធ្វើឱ្យ​ពួកគាត់​បាត់បង់​ចំណូល ហើយ​យើង​ដឹងថា​ផ្សារដើមគ ជា​កន្លែង​ធំ​ក្នុង​ការចែកចាយ​បន្លែ​ទូទាំង​ប្រទេស ពិសេស​តំបន់​ខេត្ត​ដែល​ជាប់​នឹង​ទីក្រុង​ភ្នំពេញ។ នេះ​មិនមែន​ធ្វើឱ្យ​ប៉ះពាល់​តែ អាជីវករ​ទេ តែ​ក៏​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​អ្នក​ទទួលផល​ពី​ផ្សារដើមគ​ដែរ»។

លោក វន់ ពៅ បាន​បន្តទៀត​ថា ការបិទ​នេះ​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ដូចនេះ​រដ្ឋ​គួរតែ​មាន​វិធានការ​យ៉ាងណា​រៀបចំ​ទីផ្សារ​បន្លែ​សុវត្ថិភាព​ណាមួយ​សម្រាប់​ចែកចាយ​ជូន​ដល់​ពលរដ្ឋផ្សេងៗ​ទៀត​សម្រាប់​ទទួលផល​នៅ​កន្លែង​ដែល​ពួកគាត់​អាច​យក​បន្លែ​សម្រាប់​លក់​បន្ត​ទៀតផង​ដែរ៕

ហ៊ាន រង្សី

ហ៊ាន រង្សី

ហ៊ាន រង្សី

ហ៊ាន រង្សី

ហ៊ាន រង្សី